ភ្នំពេញ៖ ក្រុមហ៊ុន Union Gas Holdings Limited បាន​ចុះ​កិច្ច​ព្រមព្រៀង​ដែល​មិន​ជាប់​កាតព្វកិច្ច (LOI) ជាមួយ​ក្រុមហ៊ុន Worldbridge Industrial Developments Limited (WBID) ក្នុង​គោល​បំណង​បង្កើត​ក្រុមហ៊ុន​វិនិយោគ​រួម (JVCo) មួយ​សម្រាប់​ការ​ផ្គត់ផ្គង់ និង​ចែកចាយ​ឥន្ធនៈ​ឧស្ម័ន (LPG) នៅ​កម្ពុជា។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​ទី ១០ ខែមីនា។

ក្រុមហ៊ុន​នេះ​បន្តថា សកម្មភាព​អាជីវកម្ម និង​ប្រតិបត្តិការ​នៃ​ការ​ផ្គត់ផ្គង់​ត្រូវ​បាន​រំពឹង​ថា នឹង​ធ្វើ​ឡើង​ត្រឹម​ចុង​ឆ្នាំ ២០២១។

ស្ថិត​ក្រោម​កិច្ច​ព្រមព្រៀង​នេះ ក្រុមហ៊ុន Union Gas នឹង​គ្រប់គ្រង​ភាគហ៊ុន ៥៥ ភាគរយ ​​នៅ​ក្នុង​ក្រុមហ៊ុន JVCo ហើយ​នឹង​មាន​បុគ្គលិក​គ្រប់គ្រង​ដែល​មាន​បទពិសោធ​កម្រិត ២ មក​ពី​ការិយាល័យ​នៅ​ប្រទេស​សិង្ហបុរី ដើម្បី​គាំទ្រ​ដល់​បុគ្គលិក​កម្ពុជា​ពី​ចម្ងាយ​ជា​លើក​ដំបូង និង​បន្ទាប់​មក​នៅ​តាម​ទីតាំង​ផ្ទាល់ នៅ​ពេល​ស្ថានភាព​ជំងឺ​កូវីដ ១៩ ធូរស្រាល​ខ្លាំង និង​ការ​លុប​ចោល​ការ​ធ្វើ​ដំណើរ និង​ការ​រឹត​បន្តឹង​នៅ​កន្លែង​ធ្វើ​ការងារ​ជា​បណ្ដើរ​អាច​ឱ្យ​បរិយាកាស​កាន់​តែ​ល្អ​ប្រសើរ។

ក្រុមហ៊ុន WBID នឹង​គ្រប់គ្រង​ភាគហ៊ុន ៤៥ ភាគរយ ហើយ​នឹង​ផ្ដល់​ដល់​ក្រុមហ៊ុន JVCo នូវ​លទ្ធភាព​ទទួល​បាន​បណ្ដាញ​អាជីវកម្ម​ក្នុង​ស្រុក និង​ការ​តភ្ជាប់​របស់​ខ្លួន​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន។

ក្រុមហ៊ុន Union Gas និង​ក្រុមហ៊ុន WBID បាន​ពិភាក្សា​គ្នា ដើម្បី​ស្វែងរក​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ ប៉ុន្តែ​ដំណើរការ​នេះ​ត្រូវ​បាន​ផ្អាក ដោយសារ​តែ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ កាល​ពី​ឆ្នាំ ២០២០។

លោក Teo Hark Piang នាយក​ប្រតិបត្តិ​នៃ Union Gas បាន​ឱ្យ​ដឹង​ថា ការ​អភិវឌ្ឍ​នេះ ​ជា​ការ​បំពេញ​ទិសដៅ​រយៈពេល​វែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​វិនិយោគ​នៅ​បរទេស។

លោក​ថ្លែង​ថា៖ «យើង​មាន​សេចក្ដី​រីករាយ​ដែល​បាន​ជួប​ដៃគូ​ដែល​គួរ​ឱ្យ​គោរព​នៅ​ក្នុង​ក្រុមហ៊ុន WBID ដើម្បី​រៀបចំ​ផែនការ​ផ្លាស់ប្តូរ​ទៅ​បរទេស​ជា​លើក​ដំបូង​របស់​យើង​នៅ​ក្នុង​ទីផ្សារ​ដែល​រីកចម្រើន​រហ័ស»។

លោក​បន្ថែម៖ «ទោះ​យ៉ាង​ណា យើង​គិត​ថា យើង​នឹង​ត្រូវ​ការ​ពេលវេលា​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ស្និទ្ធស្នាល​របស់​ពួក​យើង​ជាមួយ​និយតករ​ក្នុងស្រុក និង​បរិយាកាស​ទីផ្សារ ហើយ​អាស្រ័យ​ហេតុ​នេះ យើង​កាន់​តែ​ខិត​ចូល​ជិត​ការ​វិនិយោគ​រួម​នេះ ជាមួយ​នឹង​ការ​ប្រុងប្រយ័ត្ន​ដែល​រួម​ទាំង​ការ​ចាប់​ផ្ដើម​ការ​វិនិយោគ​លើក​ដំបូង​តិចតួច និង​ជ្រើសរើស​យក​អាជីវកម្ម LPG»៕LA