
លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុន PLMP Holding Group កាលពីចុងសប្តាហ៍មុន។ រូបថត រដ្ឋបាលខេត្តកំពង់ស្ពឺ
ភ្នំពេញៈ ក្រុមហ៊ុនមកពីប្រទេស សិង្ហបុរី PLMP Holding Group បានបង្ហាញពីបំណងមកបណ្តាក់ទុនលើវិស័យជាច្រើនក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមអភិបាលខេត្តកំពង់ស្ពឺ។
តំណាងក្រុមហ៊ុន PLMP Holding Group កាលពីចុងសប្តាហ៍មុនបានជួបជាមួយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដើម្បីពិភាក្សា និងសិក្សាស្វែងយល់លើការបណ្ដាក់ទុននៅខេត្តកំពង់ស្ពឺ ខណៈបច្ចុប្បន្នក្រុមហ៊ុនមានដីកម្មសិទ្ធិ ១១៥ ហិកតារួចហើយក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃអាទិត្យបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ខេត្តកំពង់ស្ពឺកំពុងទទួលបានកំណើនការចូលមកបណ្តាក់ទុនជាបន្តបន្ទាប់ពីសំណាក់វិនិយោគគិនជាតិ និងអន្តរជាតិ។ លោកបន្តថា ការមកដល់នៃអ្នកវិនិយោគសិង្ហបុរី គឺបង្ហាញពីភាពរឹងមាំនៃទំនុកចិត្តរបស់វិនិយោគិនបរទេសនៅកម្ពុជា បើទោះបីជាកម្ពុជានឹងបាត់បង់ EBA ខ្លះក៏ដោយ។
លោកប្រាប់ទៀតថា PLMP Holding Group គឺជាក្រុមហ៊ុនធំ មានទុនវិនិយោគច្រើន និងមានបំណងវិនិយោគលើវិស័យជាច្រើនក្នុងខេត្តកំពង់ស្ពឺដែលមានដូចជា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស វិស័យសំណង់ រោងចក្រវេចខ្ចប់ផ្លែឈើ និងរោងចក្រផលិតដែកជាដើម។ ទោះយ៉ាងណាទំហំទុនដែលក្រុមហ៊ុនគ្រោងវិនិយោគមិនទាន់ត្រូវបានប្រាប់ឲ្យដឹងនោះទេ។
លោកថ្លែងថា៖ «ទោះបីយ៉ាងណាអ្នកវិនិយោគសិង្ហបុរីនៅមិនទាន់បានបញ្ជាក់ពីវិស័យណា ដែលត្រូវវិនិយោគពិតប្រាកដនោះទេ គ្រាន់តែពេលនេះអ្វីដែលខ្ញុំអាចប្រាប់ គឺថា ក្រុមហ៊ុនគេបានទិញដីរួចរាល់អស់ហើយ»។ លោកបន្តថា មានកត្តាជាច្រើនដែលធ្វើឲ្យខេត្តកំពង់ស្ពឺទទួលបានកំណើនការវិនិយោគ ដែលមានដូចជា ភាពល្អប្រសើរនៃស្ថិរភាពនយោបាយ ពលកម្មវ័យក្មេងមានចំនួនច្រើន និងជាតំបន់ដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងល្អប្រសើរ។
បច្ចុប្បន្នក្នុងខេត្តកំពង់ស្ពឺមានកំណើនរោងចក្រ សហគ្រាសតូចធំ ជិត ៣០០ កំពុងដំណើរការ និងជាង ១០០ ទៀតកំពុងរៀបចំ ខណៈក្នុងខេត្តកំពង់ស្ពឺនៅពេលនេះក៏មានតំបន់សេដ្ឋកិច្ចពិសេស ១ ផងដែរកំពុងដំណើរការ។ នេះបើតាមលោក សំណាង។
លោក សុក ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីខែមករា ឆ្នាំ ២០២០ ក្នុងសិក្ខាសាលាស្តីពី «កិច្ចសន្ទនាធុរកិច្ចកម្ពុជា-សិង្ហបុរី» បានជំរុញ និងលើកទឹកចិត្តវិនិយោគិនសិង្ហបុរីឲ្យចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត ពិសេសលើសកម្មភាពកែច្នៃផលិតផលកសិកម្ម និងក្នុងវិស័យទេសចរណ៍ជាដើម។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះកម្ពុជា និងសិង្ហបុរីក៏មានកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលជាមួយគ្នាផងដែរ»។
នាយកប្រតិបត្តិសហព័ន្ធធុរកិច្ចសិង្ហបុរីលោក Thian Tai Chew ធ្លាប់បាននិយាយក្នុងសិក្ខាសាលាខាងលើថា កម្ពុជាជាគោលដៅវិនិយោគដ៏សំខាន់របស់អ្នកវិនិយោគសិង្ហបុរីដោយតាមរបាយការណ៍របស់សហព័ន្ធធុរកិច្ចសិង្ហបុរីបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោមប្រទេសដែលអ្នកវិនិយោគសិង្ហបុរីមានចំណាប់អារម្មណ៍ក្នុងការចូលមកបណ្តាក់ទុន។
តាម CDC គិតត្រឹមខែធ្នូ ឆ្នាំ ២០១៩ ការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជាមានទឹកប្រាក់សរុបប្រមាណ ១៣៥៥ លានដុល្លារ និងបង្កើតការងារបានជាង ១៥ ម៉ឺនកន្លែង។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) បានឲ្យដឹងថា ក្នុងរយៈពេល ៩ ខែឆ្នាំ ២០១៩ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិដែលមានតម្លៃសរុប ១០,៩ ពាន់លានដុល្លារ ក្នុងនោះប្រទេស សិង្ហបុរី ស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ដោយមានចំណែកទីផ្សារប្រមាណ ២ ភាគរយ ខណៈប្រទេស ចិន មានចំណែកទីផ្សារ ៣៩ ភាគរយ៕LA