ភ្នំពេញៈ ក្រុមហ៊ុន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​សម្រាប់​ទិញ​សម្ភារ​ប្រើប្រាស់​ដោយ​បង់​រំលស់​ថ្មី​មួយ​របស់​ជប៉ុន JACCS Finance (Cambodia) Plc ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន JACCS Group មាន​មូលដ្ឋាន​នៅ​ជប៉ុន​បាន​ចាប់ផ្តើម​ដំណើរការ​ផ្តល់​សេវា​កម្ចី​សម្រាប់​ទិញ​ម៉ូតូ និង​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ម្សិលមិញ​។

ក្រុមហ៊ុន​នេះ​ចូល​ក្នុង​ទីផ្សារ​ដ៏ចង្អៀត និង​ក្លាយ​ជា​ក្រុមហ៊ុន​ភតិសន្សា​ទី​ ១២ នៅក្នុង​ប្រទេស​កម្ពុជា​។ មន្ដ្រី​ក្រុមហ៊ុន​មាន​សុទិដ្ឋិនិយម​ថា សាខា JACCS Finance ចុងក្រោយ​នឹង​ទាក់ទាញ​អាជីវកម្ម​ធំៗ​។

លោក Masahiro Arayama នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​នេះ​បាន​ថ្លែង​ថា​៖ «​នៅតែ​មាន​កន្លែង​ក្នុង​ការ​រីកចម្រើន សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​រីកចម្រើន​ជា​រៀងរាល់​ឆ្នាំ​ដែល​ធ្វើឲ្យ​មាន​ប្រាក់​ចំណូល​ប្រជាជន​កាន់តែ​ខ្ពស់​ដែល​ទាមទារ​ផលិតផល​ប្រើប្រាស់​ជាច្រើន​»​។ លោក​បន្ត​ថា​៖ «​ទំហំ​ទីផ្សារ​នេះ​កំពុង​កើនឡើង ហើយ​សម្រាប់​ពួកយើង វា​ល្អ​ក្នុង​ការចូល​ក្នុង​ទីផ្សារ​នៅពេល​នេះ​»​។

ជាមួយ​នឹង​ដំណើរការ​ដំបូង​ដោយ​វិនិយោគ ២,៥ ​លាន​ដុល្លារ​ក្រុមហ៊ុន JACCS បាន​បើក​សាខា​មួយ​នៅ​អគារ​កាណាឌីយ៉ា និង​មាន​បំណង​ពង្រីក​ចំនួន​ការិយាល័យ​កម្ពុជា​ស្រប​តាម​តម្រូវការ​ទីផ្សារ​។

លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរង​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ការបើក​ដំណើរការ JACCS Finance Cambodia នេះ​ឆ្លុះ​បញ្ចាំង​ពី​កំណើន​ទំនុក​ចិត្ត​របស់​ពាណិជ្ជករ​ជប៉ុន​មក​លើ​សេវា​ហិរញ្ញវត្ថុ​កម្ពុជា​ដែល​វត្តមាន​ក្រុមហ៊ុន​ថ្មី​នេះ​ក៏​នឹង​ជំរុញ​កំណើន​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ផង​ដែរ​។

លោកស្រី​ឲ្យ​ដឹង​ថា​៖ «​វត្តមាន​ក្រុមហ៊ុន​ថ្មី​នេះ​នឹង​ធ្វើឲ្យ​វិស័យ​ភតិសន្យា​ហិរញ្ញវត្ថុ​កម្ពុជា​រីកចម្រើន​ជាង​ឆ្នាំ​មុនៗ ហើយ​ក្រុមហ៊ុន​ថ្មី​នេះ​នឹង​រួមចំណែក​ជំរុញ​កំណើន​វិស័យ​ហិរញ្ញវត្ថុ និង​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»៕LA