ភ្នំពេញៈ Goldwell Capital ជាក្រុមហ៊ុនជើងសាឧបករណ៍និស្សន្ទអន្តរជាតិ ចុះបញ្ជីនៅកម្ពុជា និងក្រុមហ៊ុន Sun Hill Assets ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីរួមសហការគ្នាដើម្បីលើកកម្ពស់ទីផ្សារឧបករណ៍និស្សន្ទរបស់កម្ពុជាទៅក្នុងតំបន់ និងពិភពលោក ព្រមទាំងដើម្បីទាក់ទាញវិនិយោគិនបរទេសចូលមកទីផ្សារនៅកម្ពុជា។
ក្រុមហ៊ុន ២ នេះបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីភាពជាដៃគូពាណិជ្ជកម្មកាលពីថ្ងៃសុក្រសប្តាហ៍មុនដោយមើលឃើញថា ទីផ្សារឧបករណ៍និស្សន្ទរបស់កម្ពុជាបានក្លាយជាកម្លាំងជំរុញសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាច្រើនឆ្នាំថ្មីៗនេះ។
លោក George Black ប្រធានទីប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុន Goldwell Capital បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ភាពជាដៃគូនេះនឹងណែនាំប្រទេសកម្ពុជាទៅកាន់សេវាកម្មវិនិយោគ និងផលិតផលវិនិយោគអន្តរជាតិដែលមានជំនាញ និងវិជ្ជាជីវៈខ្ពស់។
លោកនិយាយថា៖ «នេះជាអ្វីដែលកម្ពុជាចាំបាច់ត្រូវទទួលបានក្នុងសម័យវិជ្ជាជីវៈ និងភាពគួរឲ្យគោរពនៅក្នុងទីផ្សារឧបករណ៍និស្សន្ទនៅទីនេះ»។
លោក ស៊ូ សុជាតិ អគ្គនាយកទទួលបន្ទុកគណៈកម្មការមូលបត្រកម្ពុជា (SECC) ដែលបានធ្វើជាសាក្សីនៅក្នុងការចុះហត្ថលេខានេះបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ភាពជាដៃគូនេះនឹងរួមចំណែកបន្ថែមទៀតសម្រាប់ការអភិវឌ្ឍទីផ្សារ ព្រមទាំងជួយទាក់ទាញក្រុមវិនិយោគិនបរទេសកាន់តែច្រើនថែមទៀត។
លោកថ្លែងថា៖ «យើងកំពុងធ្វើការងារជាច្រើនលើការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនេះដោយសារតែយើងបានមើលឃើញថា ទីផ្សារនេះកំពុងរីកចម្រើនពី ១ ឆ្នាំទៅ ១ ឆ្នាំនោះជាមូលហេតុដែលក្រុមហ៊ុន Goldwell ជាក្រុមហ៊ុនឧបករណ៍និស្សន្ទមួយដែលទទួលបានអាជ្ញាប័ណ្ណពី SECC តាមរយៈការពង្រីកទីផ្សារនេះ និងតាមរយៈភាពជាដៃគូ»។
លោក George បានឲ្យដឹងថា ក្រុមហ៊ុនកំពុងធ្វើការងារជាមួយ SECC ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយមិនគិតប្រាក់ដល់សាធារណជនទាំង ២៥ ខេត្តក្រុងកាលពីឆ្នាំមុន។
ទិន្នន័យរបស់ SECC បានបង្ហាញថា ទំហំជួញដូរឧបករណ៍និស្សន្ទបានកើនឡើងពី ៨៤ លានដុល្លារកាលពីឆ្នាំ ២០១៨ ដល់ ២០០ លានដុល្លារកាលពីឆ្នាំមុន។ បច្ចុប្បន្នទីផ្សារឧបករណ៍និស្សន្ទមានសមភាគីកណ្ដាលចំនួន ៥ ឈ្មួញជើងសាឧបករណ៍និស្សន្ទ ២៧ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិចំនួន ៥ និងក្រុមហ៊ុនធានាទុកទ្រព្យចំនួន ៥៕LA