សូមចូលរួមអបអរសាទរក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដែលបានបើកឲ្យដំណើរការដោយជោគជ័យនៃ ជើងហោះហើរដំបូងរបស់ខ្លួនពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់អាកាសយានដ្ឋាន សុវណ្ណភូមិ ប្រទេស ថៃ នៅថ្ងៃទី១១ខែមេសា ឆ្នាំ ២០១៩។
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានចាប់ផ្ដើមដាក់ឲ្យដំណើរការជើងហោះហើរទៅមក ភ្នំពេញ-បាងកក ជារៀងរាល់ថ្ងៃ ជាមួយនឹងយន្តហោះប្រភេទ អ៊ែបឺស Airbus A៣១៩ ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ ១៥០ នាក់។
ជើងហោះហើរថ្មីនេះ បានចុះចតនៅឯអាកាសយានដ្ឋាន សុវណ្ណភូមិ នៅវេលាម៉ោង ១៩:១០ នាទី ដូចការគ្រោងទុក ដែលបានផ្ទុកអ្នកដំណើរប្រមាណជា ៩០ ភាគរយ រួមនឹងទំនិញប្រមាណជាង ២០០០ គីឡូក្រាម។ ដើម្បីជាការអបអរសាទរដល់ជើងហោះហើរដំបូងនេះ នឹងក្នុងឱកាសព្រះរាជពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានរៀបចំកាដូអនុស្សាវរីយ៍ជាតុក្កតាដ៏ស្រស់ស្អាតសម្រាប់អ្នកដំណើររបស់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។
ជាងនេះទៅទៀត ដើម្បីទទួលសា្វគមន៍ពិធីបើកសម្ពោធជើងហោះហើរនេះ មន្ត្រីអាកាសយានដ្ឋានទីក្រុង បាងកក ក៏បានរៀបចំវត្ថុអនុស្សាវរីយ៍សម្រាប់អ្នកដំណើរ អ្នកបើកយន្តហោះ និងបុគ្គលិកបម្រើការលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ផងដែរ។
«ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ មានមោទនភាពក្នុងការប្រកាសពីការបើកដំណើរការនូវជើងហោះហើរ ភ្នំពេញ-បាងកក ដោយជោគជ័យនៅមុនព្រះរាជពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះគឺជាការបន្តប្ដេជ្ញាចិត្តរបស់យើងដើម្បីផ្ដល់ជូនអតិថិជននូវជម្រើសបន្ថែមទៀតសម្រាប់មធ្យោបាយធ្វើដំណើរផ្លូវអាកាស»។
«សម្រាប់ជើងហោះហើរនេះ យើងមានការហោះហើរមួយជើងជារៀងរាល់ថ្ងៃ ការចាប់ដំណើរការនេះជាមួយនឹងកាលវិភាគសមស្របសម្រាប់អតិថិជន ដែលយើងនឹងចាកចេញពី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ១៨:១៥ នាទី ហើយទៅដល់អាកាសយានដ្ឋាន សុវណ្ណភូមិ នៅម៉ោង ១៩:១០ នាទី។ នឹងធ្វើការហោះហើរចេញពីអាកាសយានដ្ឋាន សុវណ្ណភូមិ នៅវេលាម៉ោង ២០:១០ នាទី ហើយមកដល់់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ២១:៣៥ នាទី ដែលកាលវិភាគនៃជើងហោះហើរនេះពិតជាល្អឥតខ្ចោះសម្រាប់អតិថិជនរបស់យើង»។
លោក Simon XU អគ្គនាយករងផ្នែកពាណិជ្ជកម្ម របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានថ្លែងថា៖ «យើងមិនត្រឹមតែផ្ដល់ជូននូវសេវាកម្មអតិថិជនប្រកបដោយគុណភាពខ្ពស់សម្រាប់អ្នកដំណើរនៅលើយន្តហោះនោះទេ ប៉ុន្តែយើងក៏ផ្ដល់ជូនអតិថិជននូវសេវាកម្មដឹកជញ្ជូនទំនិញតាមផ្លូវអាកាសប្រកបដោយប្រសិទិ្ធភាពផងដែរ។ សម្រាប់ព័ត៌មានលម្អិត សូមតាមដានទំព័រហ្វេសប៊ុកផ្លូវការ ឬ ឆែកតាមគេហទំព័រផ្លូវការរបស់យើងខ្ញុំ»។
ជាប្រទេសជិតខាងដ៏ស្និតស្នាលរបស់កម្ពុជា ប្រទេសថៃ គឺជាគោលដៅពេញនិយមរបស់ប្រជាជនកម្ពុជា។ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ តែងតែផ្ដល់ជូននូវសេវាកម្មប្រកបដោយគុណភាពខ្ពស់ សម្រាប់អតិថិជន និងទំនិញ។
សម្រាប់អតិថិជន ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ផ្ដល់ជូននូវសេវាកម្មអតិថិជនដ៏ថ្មីស្រឡាងមួយ ដែលមានឈ្មោះថា សេវាកម្ម Wingsflex ដែលរួមមានដូចជាការផ្ដល់អាទិភាពក្នុងការចុះឈ្មោះ ការផ្ដល់អាទិភាពក្នុងការឡើងលើយន្តហោះ ការផ្ដល់ជូនទម្ងន់បន្ថែមចំនួន ១០ គីឡូក្រាម ការផ្ដល់អាទិភាពលើសេវាកម្មឥវ៉ាន់ (ពេលចាកចេញ/ពេលមកដល់) រីករាយជាមួយនឹងកន្លែងធំទូលាយជាងមុន និង សេវាកម្មក្នុងអំឡុងពេលហោះហើរ។
សម្រាប់សេវាកម្មទំនិញវិញ យើងនឹងផ្ដល់ជូននូវការកក់ទុកមុន តាមរយៈប្រព័ន្ធសារអេឡិចត្រូនិក (cargo@ cambodia-airways.com)។
ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ខូ អិលធីឌី គឺជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់កម្ពុជាដែលមានទីតាំងនៅទីក្រុង ភ្នំពេញ។ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ត្រូវបានបង្កើតឡើងនៅខែ កញ្ញា ឆ្នាំ ២០១៧ ហើយបានបើកសម្ពោធជើងហោះហើរលើកដំបូងរបស់ខ្លួនពីភ្នំពេញទៅខេត្តសៀមរាបនៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨។
នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនយើងកំពុងតែដំណើរយន្តហោះប្រភេទ អ៊ែបឺស (Airbus A319) ចំនួនបីគ្រឿង បម្រើឲ្យជើងហោះហើរទៅមកទាំងក្នុងស្រុកនិងអន្តរជាតិ ទៅកាន់ខេត្ត សៀមរាប ខេត្ត ព្រះសីហនុ ទីក្រុង ម៉ាកាវ ទីក្រុង តៃប៉ិ និងគោលដៅជាច្រើនផ្សេងទៀត។
ក្នុងនាមជា «ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសកម្ពុជា» ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នឹងប្ដេជ្ញាចិត្ត បង្កើតឲ្យបាននូវបណ្តុំនៃបណ្ដាញផ្លូវហោះហើរដែលភ្ជាប់នឹងទីក្រុងភ្នំពេញ ឲ្យក្លាយជាបណ្ដុំដែលរាប់បញ្ចូលទាំងប្រទេស ចិន និងបណ្ដាក្រុមប្រទេសក្នុងតំបន់អាស៊ាន និងជាបណ្ដុំដែលភា្ជប់ទៅនឹងតំបន់អាស៊ី ឦសាន អ៊ឺរ៉ុប និង សហរដ្ឋអាមេរិក។
បន្ថែមពីនេះទៀត យើងបានរៀនសូត្រយ៉ាងស៊ីជម្រៅនូវអរិយធម៌បុរាណរបស់កម្ពុជាដែលបានបន្សល់ទុកអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ហើយ យើងក៏បានផ្សព្វផ្សាយវប្បធម៌ដ៏ល្អផូផង់របស់ កម្ពុជា ទៅកាន់ពិភពលោកផងដែរ។
ទទួលបន្ទុកក្នុងការផ្សព្វផ្សាយ និង ណែនាំប្រទេសកម្ពុជា ទៅកាន់ពិភពលោក ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ខេមបូឌា អ៊ែរវ៉េ នឹងបន្តបង្កើនជើងហោះហើរឲ្យបានកាន់តែច្រើនបន្ថែមទៀតជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីកសាងស្ពាននៃមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាសដែលតភ្ជាប់ទៅកាន់ពិភពលោក៕