ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ Xiamen Air បានប្រកាសកាលពីម្សិលមិញថា ខ្លួនបានដំណើរការផ្លូវហោះហើរត្រង់ជាផ្លូវការពីទីក្រុង Xiamen ខេត្ត Fujian មកទីក្រុងភ្នំពេញជាមួយជើងហោះហើរទៀងទាត់៤ដងក្នុងមួយសប្ដាហ៍។
លោក Zheng Congming អ្នកគ្រប់គ្រងទូទៅទទួលបន្ទុកផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Xiamen Airlines បានថ្លែងកាលពីម្សិលមិញថា ផ្លូវហោះហើរថ្មីនេះគឺជាផ្លូវហោះហើរទី ៣ សម្រាប់ក្រុមហ៊ុនរបស់លោកដែលតភ្ជាប់ប្រទេសចិន និងកម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះបានបើកដំណើរការផ្លូវហោះហើរ «សៀមរាប Xiamen» និង «សៀមរាប Fuzhou» ចាប់តាំងពីឆ្នាំ ២០១៤។
លោក Zhen ថ្លែងថា ចាប់តាំងពីការបើកដំណើរការផ្លូវហោះហើរពីរលើកដំបូងមក ក្រុមហ៊ុនអាកាសចរណ៍ Xiamen Airlines បានដឹកជញ្ជូនអ្នកដំណើរសរុប ១៥៤ ០០០ នាក់ពីប្រទេសចិនមកកម្ពុជា និងពីកម្ពុជាទៅប្រទេសចិន។
លោកថ្លែងថា៖ «យើងសង្ឃឹមយ៉ាងខ្លាំងថា ជាមួយនឹងការបើកដំណើរការផ្លូវហោះហើរនេះ ភ្ញៀវទេសចរជនជាតិចិនកាន់តែច្រើននឹងចូលមកម្ពុជា ដើម្បីទទួលបានបទពិសោធទីក្រុងភ្នំពេញដ៏រស់រវើក ហើយនឹងមានអ្នកដំណើរជនជាតិកម្ពុជា កាន់តែច្រើនទៅកាន់ទីក្រុង Fujian»។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលសង្ឃឹមថា ផ្លូវហោះហើរថ្មីនេះនឹងជំរុញ និងសហប្រតិបត្តិការយ៉ាងសកម្មរវាងប្រទេសទាំង ២។
លោកថ្លែងថា៖ «វានឹងដើរតួនាទីដ៏សំខាន់សម្រាប់ឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជា និងជួយទាក់ទាញភ្ញៀវទេសចរជនជាតិចិន ២ លាននាក់ត្រឹមឆ្នាំ ២០២០»៕ LA