ប៉ារីសៈ​ ក្រុមហ៊ុន​អាកាស​ចរណ៍​ Air France-KLM ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដ៏​អាក្រក់​កាល​ពី​ឆ្នាំ​មុន​ដោយ​​ការ​ធ្វើ​កូដកម្ម និង​​ភាព​ចលាចល​ថ្នាក់​គ្រប់គ្រង​ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​នូវ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា បាន​កើន​ឡើង ​១៥០ ​ភាគរយ​ដល់​ ​៤០៩ ​លាន​អឺរ៉ូ​។​

លោក ​Benjamin ​Smith​ ប្រធាន​ប្រតិបត្តិ​ថ្មី​របស់​ក្រុមហ៊ុន ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ​១ ថា​៖ «​ប្រតិបត្តិ​ការ​ដ៏​រឹងមាំ​នៃ​ក្រុម​ជួរ​មុខ​របស់​យើង ​និង​ការ​បន្ត​គ្រប់គ្រង​តម្លៃ ​១ ផ្នែក ​បាន​ជួយ​ប៉ះប៉ូវ​​ផល​ប៉ះពាល់​​ដោយ​សារ​ការ​ធ្វើ​កូដកម្ម​នៅ​ក្នុង​ក្រុមហ៊ុន ​Air​ France ​កាល​ពី​ឆមាស​ទី​១ ​ឆ្នាំ​មុន​ ព្រម​ទាំង​ឧបសគ្គ​ប្រេង​ឥន្ធនៈ​​ដ៏​សំខាន់​»។​

ពាណិជ្ជករ​ជនជាតិ​កាណាដា​រូប​នេះ​​ដែល​បាន​ឡើង​គ្រប់គ្រង​ក្រុមហ៊ុន​កាល​​ពី​ខែ​កញ្ញា ​បន្ទាប់​ពី​ការ​ចាក​ចេញ​​ភ្លាមៗ​របស់​​លោក ​Jean-​Marc ​Janaillac​ នៅ​ក្នុង​​ជម្លោះ​ដ៏​ជូរចត់​ដោយ​សារ​ប្រាក់​ខែ​ នៅ​ក្នុង​ការ​គ្រប់គ្រង​​ដោយ​​ប្រទេស ​បារាំង ​របស់​​ក្រុមហ៊ុន​នេះ​។​

ក្រុមហ៊ុន ​Air ​France ​បាន​ឲ្យ​ដឹង​ថា ​ការ​ធ្វើ​កូដកម្ម​រយៈ​ពេល ​១៥ ​ថ្ងៃ ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ ៣៣៥ ​លាន​អឺរ៉ូ​​។

កាល​ពី​ថ្ងៃ​អង្គារ ​ក្រុម​អ្នក​បើកបរ​យន្តហោះ​នៅ​ក្រុមហ៊ុន ​Air​ France ​បាន​បោះ​ឆ្នោត ​៨៥ ​សំឡេង​គាំទ្រ​ដល់​កិច្ច​ព្រមព្រៀង​ប្រាក់​ខែ​ថ្មី​ ។

ក្រុមហ៊ុន​អាកាសចរណ៍​បារាំង​ និង​ហូឡង់​ ​១ នេះ​ បាន​រាយការណ៍​ថា ​កំណើន​ប្រាក់​ចំណូល​​កាល​ពី​ឆ្នាំ​មុន បាន​កើន​ឡើង​នៅ​ក្នុង​ផ្នែក​អាជីវកម្ម​ទាំង​អស់​ ដោយ​ប្រាក់​ចំណេញ​ប្រតិបត្តិការ​​ដែល​​រក​បាន​ចំនួន ១,៣ ​ពាន់​លាន​​អឺរ៉ូ។ ​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ជាង ​១០០ លាន​នាក់​កាល​ពី​ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ ក្លាយ​ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​អឺរ៉ុប​ឈាន​មុខ​គេ​សម្រាប់​ការ​ធ្វើ​ចរាចរណ៍​ចម្ងាយ​ឆ្ងាយ​ ។

Transavia​ ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​តម្លៃ​ទាប ​១ ​ដែល​បាន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ ១៥,​៨ ​លាន​នាក់​កាល​ពី​ឆ្នាំ​មុន កើន​ឡើង ​៧,​១ ​ភាគរយ​កាល​ពី​ឆ្នាំ​ ២០១៧។​

សមត្ថភាព​ពេញ ​១ ​ឆ្នាំ​ ២០១៨ ​​​​បាន​កើន​ឡើង ​២,១ ​ភាគរយ​ ដែល​​ភាគ​ច្រើន​​ជំរុញ​ដោយ​បណ្ដាញ​អាមេរិក​ខាង​​ត្បូង​ ដោយ​មាន​កំណើន​ ៨,៦ ​ភាគរយ​ អាត្លង់ទិក​ខាង​ជើង ​មាន​កំណើន ​​៣ ភាគរយ និង​អាស៊ី ​មាន​កំណើន ​២,‌១ ភាគរយ​៕ AFP/LA