ក្រុងព្រុចសែលៈ ក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាហោះហើរតម្លៃទាប Ryanair និងក្រុមហ៊ុន IAG ដែលជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ British Airways បានឲ្យដឹងកាលពីថ្ងៃពុធថា ក្រុមហ៊ុនទាំងពីរនឹងដាក់ពាក្យប្ដឹងទៅកាន់សហភាពអឺរ៉ុប (EU) ជុំវិញអ្វីដែលពួកគេបានឲ្យដឹងថាជាការបរាជ័យរបស់ប្រទេសបារាំងក្នុងការដោះស្រាយបញ្ហាកូដកម្មដែលជាប់គាំងដែលធ្វើឡើងដោយក្រុមអ្នកត្រួតពិនិត្យការធ្វើចរាចរណ៍ផ្លូវអាកាស។
ក្រុមហ៊ុនទាំងពីរបានឲ្យដឹងថា ការធ្វើកូដកម្មម្តងហើយម្តងទៀតដោយក្រុមអ្នកត្រួតពិនិត្យ ការធ្វើចរាចរណ៍ផ្លូវអាកាសរបស់ប្រទេសបារាំង ជាពិសេសនៅទីក្រុងម៉ាកសី កំពុងមានផលប៉ះពាល់យ៉ាងខ្លាំងលើកាលវិភាគហោះហើរ ដោយមានអ្នកធ្វើដំណើរជាង ៧៥០ ០០០ នាក់ បានលុបចោលជើងហោះហើរក្នុងរយៈពេលតែ ៥ ខែដំបូងក្នុងឆ្នាំ ២០១៨។
លោក Willie Walsh ប្រធានប្រតិបត្តិក្រុមហ៊ុន IAG បានថ្លែងថា អ្នកដំណើរត្រូវបានគេបដិសេធសិទ្ធិរបស់ពួកគេក្នុងការធ្វើដំណើរដោយសេរី ដែលសិទ្ធិនេះត្រូវបានការពារដោយច្បាប់ EU ។
លោក Willie Walsh បានប្រាប់សន្និសីទព័ត៌មាននៅទីក្រុងព្រុចសែលថា៖ «ទាំងក្រុមហ៊ុន Ryanair និងក្រុមហ៊ុន IAG គ្រោងនឹងដាក់ពាក្យបណ្ដឹងទៅគណៈកម្មការអឺរ៉ុប ដែលនឹងប្រឆាំងនឹងរដ្ឋាភិបាលបារាំង ដោយសារតែយើងជឿជាក់ថា រដ្ឋាភិបាលបារាំងមិនត្រូវបានការពារសិទ្ធិរបស់ប្រជាជនអឺរ៉ុបគ្រប់គ្រាន់ក្នុងការធ្វើដំណើរទេ»៕ AFP/LA