ភ្នំពេញៈ បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ MJ Airlines កំពុង​ប្រឈម​នឹង​ការ​ផ្អាក​ការងារ និង​​​មិន​ទាន់​ទទួល​បាន​ប្រាក់​ខែ​ទាន់​ពេល​ដោយសារ​ក្រុមហ៊ុន​អាកាស​ចរណ៍​ដែល​វិនិយោគ​ដោយ​ពាណិជ្ជករ​ចិន​មួយ​នេះ​ប្រឈម​នឹង​ការ​​ពន្យារ​​គម្រោង​ដំណើរការ​ជើង​ហោះហើរ​របស់​ខ្លួន​។ នេះ​បើ​​តាម​អ្នក​នាំពាក្យ​ពី​ខាង​អាកាសចរ​ស៊ីវិល។ ​

ក្រុមហ៊ុន​ MJ Airlines បាន​បង្ហាញ​គម្រោង​ប្រតិបត្តិការ​នៅ​កម្ពុជា​ដំបូង​កាល​ពី​អំឡុង​ខែ​សីហា​ ឆ្នាំ​មុន ដោយ​​បាន​បញ្ជាក់​ថា ​ក្រុមហ៊ុន​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ទទួល​​បាន​លិខិត​អនុញ្ញាត​ហោះហើរ ​(AOC) ពី​ខាង​អគ្គ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ឆាប់ៗ ហើយ​អាច​ចាប់​ផ្តើម​ដំណើរការ​ជើង​ហោះហើរ​ដំបូង​នៅ​ចុង​ឆ្នាំ ២០១៨ ឬ ដើម​ឆ្នាំ ២០១៩​។ ​

លោក​ ស៊ិន​ ចាន់​សិរីវុត្ថា អ្នក​នាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ (SSCA) បាន​ឲ្យ​ដឹង​ថា ការ​​រំពឹង​ទុក​របស់​ក្រុមហ៊ុន​តាំង​ពី​ដំបូង​ថា​នឹង​អាច​ពន្លឿន​​គម្រោង​ហោះហើរ​ត្រូវ​បាន​ជួប​ឧបសគ្គ ដោយសារ​សម្ពាធ​នៃ​ការ​ប្រកួត​ប្រជែង​ខ្លាំង​ពេក​ក្នុង​ទីផ្សារ​នេះ។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ពន្យារពេល​ប្រតិបត្តការ ដែល​ធ្វើ​​ឲ្យ​បុគ្គលិក​មួយ​ចំនួន​ត្រូវ​កាត់​ចេញ​ដោយសារ​មិន​មាន​ការងារ​ឲ្យ​ធ្វើ។

លោក​ថ្លែង​ថា​៖​ «ទីផ្សារ​នេះ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​មែន​ទែន ដែល​ក្រុមហ៊ុន​គិត​ថា​វា​មិនមែន​ជា​ពេល​ល្អ​ទេ ក្នុង​ការ​ពន្លឿន​គម្រោង​របស់​ខ្លួន។ អ៊ីចឹង គេ​ក៏​បន្ថយ​ល្បឿន​សិន ហើយ​អត់​មាន​ការងារ​ឲ្យ​បុគ្គលិក​ធ្វើ អ៊ីចឹង​ក៏​ត្រូវ​កាត់​បុគ្គលិក»។

ប្រភព​មួយ​ដែល​អះអាង​ថា​ជា​បុគ្គលិក​​​ក្រុមហ៊ុន ​MJ បាន​ផ្ញើ​មក​ភ្នំពេញប៉ុស្ដិ៍​កាល​ពី​សប្ដាហ៍​មុន​ថា​​​ បុគ្គលិក​ទាំង​​អស់​មិន​បាន​ទទួល​ប្រាក់​ខែ​ ​២ ខែ​​ហើយ ខណៈ​​​លោក​ Brian Bai ​អគ្គនាយក​របស់​ក្រុមហ៊ុន​​បាន​ជូន​ដំណឹង​​ដល់​​បុគ្គលិក​ថា ​ក្រុមហ៊ុន​នេះ​​មិន​មាន​​ប្រាក់ «ហើយ​បើ​​​មិន​​មាន​ការ​វិនិយោគ​​នៅ​ក្រៅ​» នឹង​​​ត្រូវ​ដួល​​​ឆាប់ៗ​។​

លោក ចាន់​សិរីវុត្ថា ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​​មាន​​ក្រុមហ៊ុន​អាកាសចរណ៍ ​៩ ដែល​ចុះ​បញ្ជី​នៅ​​ប្រទេស ​កម្ពុជា ​ហើយ​ ​២ ​ក្នុង​ចំណោម​​ក្រុមហ៊ុន​ទាំង​នោះ​ គឺ​ជា​​ឧទ្ធម្ភាគចក្រ។ ​លោក ចាន់សិរីវុត្ថា ឲ្យ​ដឹង​ថា ទី​ផ្សារ​កម្ពុជា​គួរ​មាន​​តែ​​ក្រុមហ៊ុន​អាកាសចរណ៍ ​៤ ប៉ុណ្ណោះ​។

លោក​​បន្ត​ថា​ការ​ដែល​​មាន​ក្រុមហ៊ុន​រហូត​ដល់​​ទៅ ​៩ ​​ការ​ក្រកួត​ប្រជែង​ក្នុង​ទីផ្សារ​សេរី​ និង​នាំ​ឲ្យ​ការ​ផ្គត់ផ្គង់​ និង​តម្រូវ​ការ​​ទីផ្សារ​មាន​សមាមាត្រ​។

លោក​ថ្លែង​ថា​៖ «​វា​ច្រើន​ជាង​តម្រូវការ​​បន្តិច​ ប៉ុន្តែ​ទុក​​ឲ្យ​​ប្រតិបត្តិករ​ប្រកួត​ប្រជែង​ដោយ​សេរី​នៅ​ក្នុង​ទីផ្សារ​នេះ​។ ​​វា​នឹង​មាន​ក្រុមហ៊ុន​ខ្លះ​ទៅ​លឿន​ ​​​ក្រុមហ៊ុន​ខ្លះ​យឺត ហើយ​ចុង​ក្រោយ​នឹង​មាន​​​ក្រុមហ៊ុន​មួយ​ចំនួន​ចាកចេញ និង​​ខ្លះ​នៅ​បន្ត​»៕AFP/LA​