ភ្នំពេញៈ ក្រុមហ៊ុន​ផលិត​រ៉ូប​អាពាហ៍ពិពាហ៍ និង​រ៉ូប​រាត្រីសមោស​របស់​អាមេរិក Azazie បាន​ផ្លាស់ប្តូរ​ផលិតកម្ម​របស់​ខ្លួន​ចេញពី​ប្រទេស​ចិន​មក​ប្រទេស​កម្ពុជា ដើម្បី​គេច​ពី​ការបិទ​ដំណើរការ ដោយសារ​តែ​ខូវិដ-១៩​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​កាសែត Washington Post​។

សភា​ពាណិជ្ជកម្ម​កម្ពុជា (CCC) ស្វាគមន៍​ការផ្លាស់ប្តូរ​នេះ​ដោយ​លើកឡើង​ថា វា​កើតឡើង​ចំពេល​នៃ​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទាក់ទាញ​ក្រុម​វិនិយោគិន​បរទេស​កាន់តែច្រើន​។

ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​អាស៊ាន​មួយចំនួន​បច្ចុប្បន្ន​កំពុង​ក្លាយជា​ទិសដៅ​នៃ​ការផ្លាស់ប្តូរ​ការផលិត ឬ​ប្តូរ​ទីតាំង​រោងចក្រ​ថ្មី​ចេញពី​ប្រទេស​ចិន ចាប់តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង អាមេរិក​។

លោកស្រី Ranu Coleman ប្រធាន​ទីផ្សារ​របស់​ក្រុមហ៊ុន Azazie បាន​ប្រាប់​កាសែត Washington Post កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន Azazie ដែលមាន​ទីស្នាក់ការ​កណ្ដាល​លក់រាយ​សម្លៀកបំពាក់​អាពាហ៍ពិពាហ៍​អនឡាញ​នៅ​ទីក្រុង San Jose មាន​រោងចក្រ​ផលិត​រ៉ូប​ចំនួន​ ៥០ នៅក្នុង​ប្រទេស ​ចិន ប៉ុន្តែ​បាន​ផ្លាស់ប្តូរ​ការផលិត​មួយ​ចំនួន​របស់ខ្លួន​មក​ប្រទេស​កម្ពុជា និង​វៀតណាម​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​និយាយ​តាម​ត្រង់ វា​កំពុង​ប៉ះពាល់​ដល់​ពួកយើង ដូច្នេះ​ទីផ្សារ​សម្លៀកបំពាក់​អាពាហ៍ពិពាហ៍​តម្រូវ​ឲ្យ​មាន​ការធ្វើឡើង​ដោយ​ដៃ​ប្រកបដោយ​ជំនាញ​ហើយ​វា​ពិតជា​ពិបាក​ក្នុង​ការស្វែងរក​ជំនាញ​នោះ​នៅក្រៅ​ប្រទេស​ចិន​។

លោកស្រី​បញ្ជាក់ថា កម្មករ​ជនជាតិ​ចិន​មួយចំនួន​បាន​បន្ត​ការចាប់​ផ្ដើមធ្វើ ទោះបី​ជា​ការបិទ​រោងចក្រ ដោយ​ពួកគេ​ធ្វើការងារ​ដោយ​ដៃ​ពី​ផ្ទះ​»​។

ការរីក​រាលដាល​វីរុស​ខូវិដ-១៩ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដែល​ទីក្រុង​វូហាន គឺជា​ចំណុចកណ្ដាល នៅពេល​នេះ​កំពុង​គំរាម​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​។ ក្រុមហ៊ុន​នៅក្នុង​ប្រទេស​ចិន​កំពុង​កាត់បន្ថយ​ការផលិត ឬ​បិទទ្វារ​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីករាលដាល​វីរុស​នេះ​។

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Apple កាលពី​សប្ដាហ៍​មុន​បាន​ព្រមាន​ថា​ខ្លួន​រំពឹងថា​នឹងមិន​សម្រេចបាន​តាម​ទិសដៅ​កំណត់​ប្រាក់ចំណូល​នោះទេ​នៅក្នុង​ត្រីមាស​បច្ចុប្បន្ននេះ ដោយសារ​តែ​ការជាប់គាំង​ការផលិត​ទូរស័ព្ទ iPhone នៅក្នុង​ប្រទេស​ចិន និង​តម្រូវការ​កាន់តែ​ទាប​ពី​អតិថិជន​ជនជាតិចិន​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ( CCC) បាន​ឲ្យ​ដឹងថា​ចរន្ត​នេះ​ស្រប​ជាមួយ​នឹង​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការទាក់ទាញ​ក្រុម​វិនិយោគិន​បរទេស​កាន់តែ​ច្រើន ខណៈ​ប្រទេស​នេះ​បាន​បាត់បង់​មួយ​ផ្នែក​នៃ​ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA របស់​សហភាព​អឺរ៉ុប​។

លោក​ថ្លែងថា​៖ «​វា​ជា​ព័ត៌មាន​ល្អ​។ ខ្ញុំ​គិតថា វា​កំពុង​ឆ្ពោះ​ទៅរក​កន្លែង​ត្រឹមត្រូវ ដោយសារ​ផលិតផល​កម្ពុជា​មួយចំនួន​ទទួល​បាន​ការនាំចេញ​រួច​ពន្ធ​ទៅ​អាមេរិក​ស្ថិតក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ (GSP)»​។

ទិន្នន័យ​ចុងក្រោយ​បាន​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​បានបង្ហាញ​ថា ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​បាន​កើនឡើង​ខ្លាំង​មាន​តម្លៃ​ប្រហែល ជា ៥ ៣៦២ ​លាន​ដុល្លារ បើ​ធៀប​នឹង ៣ ៨១៨ ​លាន​ដុល្លារ ​កាលពី​ឆ្នាំ ២០១៨ ខណៈ​ការ​នាំចូល​សរុបមក​ពី​អាមេរិក​បាន​កើនឡើង​ដល់​ប្រហែល ៥១៣,៤ ​លាន​ដុល្លារ​ធៀបនឹង​ ៤៤៥,៨ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។

ទោះយ៉ាងណា​ការរីក​រាលដាល​នៃ វីរុស ខូវិដ-១៩ ក៏​ជា​បញ្ហា​ប្រឈម​សម្រាប់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំនេះ​ផងដែរ ដែល​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​ត្រូវបាន​រំពឹងថា នឹង​បិទទ្វារ​នៅ​ខែមីនា ដោយសារ​តែ​កង្វះ​ការផ្គត់ផ្គង់​​វត្ថុធាតុដើម​ពី​ប្រទេស​ ចិន ដែល​ជា​អ្នកផ្គត់ផ្គង់​ដ៏ធំ​ដល់​រោងចក្រ​នៅ​កម្ពុជា​៕ LA