ភ្នំពេញៈ ក្រុម​ហ៊ុន​អា​មេ​រិក​ជាង​ ១០ ​ក្រុម​ហ៊ុន​ដែល​បាន​ប្រ​មូល​ផ្ដុំ​គ្នា​នៅ​រាជ​ធា​នី​ភ្នំ​ពេញ ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ កំ​ពុង​​សម្លឹង​មើល​ឱ​កាស​វិ​និ​យោគ​​នៅ​ក្នុង​វិ​ស័យ​កសិ​កម្ម​របស់​ប្រ​ទេស​ កម្ពុជា​។

​ព្រឹ​ត្តិ​ការ​ណ៍​រយៈ​ពេល​ ២ ​ថ្ងៃ​​​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ ស​ភា​​ពា​ណិជ្ជ​កម្ម​អា​មេ​រិក​នៅ​កម្ពុជា​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ចាប់​ពី​ថ្ងៃ​​ទី​ ២៦ ដល់​ថ្ងៃ​ទី​ ២៧ ​ខែ​កញ្ញា ​ឆ្នាំ​ ២០១៨​ ដោយ​មាន​ការស​ម្រប​ស​ម្រួល​ជា​មួយ​នឹង​​ស្ថាន​ទូត​អា​មេ​រិក​​។​

​​លោក ​William ​Heidt ​ឯក​​អគ្គ​រដ្ឋ​ទូត​អា​មេ​រិក​ប្រ​ចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ក្នុង​អំឡុ​ង​សន្និ​សីទ​នេះ​ថា​ វា​ជា​ឱ​កាស​​ដ៏​ល្អ​​មួយ និង​ជា​ពេល​វេលា​ត្រឹម​ត្រូវ​សម្រាប់​ការ​ជួប​ជុំ​គ្នា​ជា​មួយ​គណៈ​ប្រ​តិ​ភូ​ពា​ណិជ្ជ​កម្ម​ ដើ​ម្បី​ជួប​ជា​មួយ​​ក្រុម​ហ៊ុន​កសិ​កម្ម​ក្នុង​ស្រុក​ដែល​​ល្បី​ឈ្មោះ​នៅ​ក្នុង​វិ​ស័យ​នេះ​អស់​រយៈ​ពេល​ជាង​ ១០ ឆ្នាំ​មក​ហើយ​។​

លោក​បាន​ថ្លែង​ថា​៖ «​វា​ជា​លើក​ដំ​បូង​ដែល​យើង​រៀប​ចំ​ព្រឹត្តិ​ការណ៍​​​ពា​ណិជ្ជ​កម្ម​មួយ នៅ​ក្នុង​វិ​ស័យ​កសិ​កម្ម​»​។

លោក​បន្ត​ថា​៖ «​ការ​ងារ​របស់​យើង​ រវា​ង​ពេល​នេះ​ ​និង​បន្ទាប់​ គឺ​ជីក​ក​កាយ​រក​សក្ដានុ​ពល​កំ​ណើន​របស់​វិ​ស័យ​​កសិ​កម្ម​កម្ពុជា​»​។

ដោយ​មាន​បទ​ពិ​សោធ​ការ​ងារ​ជា​​មួយ​ដៃ​គូ​នៅ​តាម​បណ្ដា​​ប្រ​ទេស​ជាង​ ១៣០​ ជុំ​វិញ​ពិ​ភព​លោក​រយៈ​ពេល​ជាង ១​សត​វត្សរ៍​ ក្រុម​ហ៊ុន​ជា​ច្រើន​នឹង​សម្លឹង​មើល​ទៅ​ក្នុង​ការ​​វិ​និ​យោគ​​នៅ​ក្នុង​វិ​ស័យ​​បច្ចេក​វិ​ទ្យា​កសិ​កម្ម ​ឧប​ករណ៍​ និង​​អ្នក​ជំ​នាញ​​ ជីវ​បច្ចេក​ទេស​ និង​ជី ​ការ​វេច​ខ្ចប់ ផលិត​ផល​កសិ​កម្ម​​ និង​ស្វ័យ​ប្រ​វត្តិ​កម្ម​ ​​កសិ​​គី​មី ​ការ​វិ​ភាគ​ទិន្ន​ន័យ ​ឱស​ថ​សត្វ​ និង​ឧប​ករ​ណ៍​ប្រ​មូល​ផល។​

ក្រុម​ហ៊ុន​ទាំង​នោះ​រួម​មាន ​ក្រុម​ហ៊ុន Absolute Packaging ក្រុម​ហ៊ុន Archer Daniels Midland ក្រុម​ហ៊ុន Cargill ក្រុម​ហ៊ុន Humate USA ក្រុម​ហ៊ុន Hydro Thermal ក្រុម​ហ៊ុន John Deere ក្រុម​ហ៊ុន Sripipat Engineering ក្រុម​ហ៊ុន Synge​nt​a និង​ក្រុម​ហ៊ុន Walma​r​t​។​

​​លោក​បន្ត​ថា​ ទោះ​បី​ជា​កសិ​កម្ម​កម្ពុជា​មាន​សក្ដា​នុ​ពល​ធំ​ក៏​ដោយ​ ប៉ុន្តែ​វា​នៅ​តែ​ប្រ​ឈម​ឧប​សគ្គ​ស្មុគ​ស្មាញ​ ដូច​ជា​​ស្ដង់​ដារ​អ​នាម័​យ និង​ភូត​គាម​អនា​ម័យ​ ដែល​ជា​បញ្ហា​ប្រ​ឈម​ក្នុង​ការ​ធ្វើ​ពិ​ពិធ​កម្ម​នាំ​ចេញ​។​

​​លោក​ថ្លែង​ថា​៖ «​បញ្ហា​ស្មុគ​ស្មាញ​ទាំង​នោះ​ ក្រុម​ហ៊ុន​របស់​យើង ​នឹង​ជួយ​យ៉ាង​ខ្លាំង​​លើ​បញ្ហា​នោះ ​ហើយ​នឹង​ជួយ​បញ្ជាក់​ផលិត​ផល​កសិ​កម្ម​ណា​មួយ​​មាន​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ខ្លាំង​បំ​ផុត​ ដែល​អាច​នាំ​ចេញ​ទៅ​ទី​ផ្សារ​អន្តរ​ជាតិ​​»។ លោក​បន្ថែម​ថា ​ឧទា​ហរណ៍​ ​អាច​ជា​ម្រេច​ ឬ​​ផ្លែ​ស្វាយ​​។​

​​លោក​ស្រី​ ចាម​ និ​មល​ រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​ពា​ណិជ្ជ​កម្ម ​ស្វា​គមន៍​ក្រុម​ហ៊ុន​អា​មេ​រិក​ ដែល​នឹង​ចូល​រួម​ធ្វើ​ឲ្យ​ គមា្លត​​បញ្ហា​ប្រ​ឈម​នៅ​ក្នុង​វិ​ស័យ​កសិ​កម្ម​កម្ពុជា​រួម​តូច។

លោក​ស្រី​បន្ត​ថា​ វិ​ស័យ​កសិ​កម្ម​កម្ពុជា​កំ​ពុង​ប្រ​ឈម ​ផលិត​​ភាព​នៅ​មាន​កម្រិត ​គុណ​​ភាព​ទាប ​និង​ការ​ពង្រីក​សេ​វា​ក​សិ​កម្ម​នៅ​មាន​កម្រិត ដែល​​លក្ខ​ខណ្ឌ​អភិ​វឌ្ឍ​​ន៍​ចង្វាក់​ផ្គត់​ផ្គង់​ ​មិន​ទាន់​ត្រូវ​នឹង​តម្រូវ​ការ​ទី​ផ្សារ​។​

​លោក​ស្រី​ថ្លែង​ថា៖ «​​ផលិត​ផល​ប​សុ​សត្វ និង​វារី​វប្ប​កម្ម​របស់​យើង​ នៅតែ​​មិន​មាន​ស្ថិរ​ភាព​ យន្ត​ការ​ជួយ​សម្រួ​ល​ការ​​នាំ​​ចេញ​​មិន​ទាន់​ត្រូវ​បាន​​រួម​បញ្ចូល​​ពេញ​លេញ​ ហើយ​ស​មត្ថ​ភាព​របស់​យើង​ ក្នុងការ​ឆ្លើយ​តប​ការ​នាំ​ចូល​ជា​មួយ​ស្ដង់​ដារ​អនា​ម័យ និង​​ភូត​គាម​អនា​ម័យ​របស់​ទី​ផ្សារ​ នៅ​តែ​​ជា​កត្តា​​ដ៏​សំ​ខាន់​ ដែលរា​រាំង​សមត្ថ​​ភាព​​រប​ស់​យើង​ក្នុង​ការ​​លើក​កម្ពស់​ការ​នាំ​ចេញ​»​។​

យោង​តាម​លោក​ស្រី ​និ​មល ​ទាក់​ទង​នឹង​ការ​អភិ​វឌ្ឍ​ពា​ណិជ្ជ​កម្ម ​កម្ពុជា​បាន​ចូល​រួម​យ៉ាង​សកម្ម​​លើ​ពិ​ភព​លោក និង​​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​ក្នុង​តំបន់​ ដែល​កំ​ពុង​នាំ​ចេញ​ទៅ​ប្រ​ទេស​ ១៤៧ លើ​ពិ​ភព​លោក​ដែល​មាន​ចំនួន​ ៦០ ​ភាគ​រយ​នៃ​ផលិត​​ផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​។

​​លំ​ហូរ​ចូល​ពា​ណិជ្ជ​កម្ម​រវាង​ កម្ពុជា និង​អា​មេ​រិក​ ត្រឹម​ខែ​មិថុ​នា ឆ្នាំ​នេះ​មាន​​ចំនួ​ន ១,៩ ​ពាន់​លាន​ដុល្លារ​ កើន​ឡើ​ង ២៣ ​ភាគ​រយ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០១៧​។​

លោក​ ហ៊ុន​ ឡាក់​ នា​យក​គ្រប់​គ្រង​នៅ​ក្រុម​ហ៊ុន Mekong Oryza tradin​g Co.,​lt​d​ ដែល​ចូល​រួម​ក្នុង​ព្រឹតិ្ត​ការណ៍​នេះ​​បាន​ឲ្យដឹង​ថា ​​រយៈ​ពេល​​ ២-៣ ឆ្នាំ​នេះ ផលិត​ផល​កសិ​កម្ម​​មាន​កំ​ណើ​ន​យ៉ាង​​ខ្លាំង​ ហើយ​ផលិត​ផល​កសិ​កម្ម​កម្ពុជា​​នឹង​កើន​ឡើង​ដល់​ស្ដង់​​ដារ​សម្រាប់​ការ​នាំ​ចេ​ញ​។​​ ​​

លោ​ក​ថ្លែង​ថា​៖ «​យើង​នឹង​ពិ​ភា​ក្សា​បន្ថែម​ទៀ​ត ​នៅ​ក្នុង​​ជំ​នួប​នៅ​ថ្ងៃ​នេះ​ អំពី​​ផលិ​ត​កម្ម និង​​​តម្រូវ​ការ​ទី​ផ្សារ​ ដូច្នេះ​ចាប់​​​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​ជឿ​ជាក់​ថា ​ខ្សែច​ង្វាក់​ផលិ​ត​​កម្ម​​របស់​យើង​នឹង​សម្រេច​បាន​តាម​ស្ដង់​​​ដារ​ផ្អែក​លើ​តម្រូវ​ការ​​ទី​ផ្សារ​»៕​LA