ក្រុង​វ៉ាស៊ីនតោនៈ ក្រុមហ៊ុន​​អាមេរិក​បាន​ចំណាយ​ ២,៧ ​ពាន់​​លាន​ដុល្លារ​​បន្ថែម​ទៅ​លើ​ពន្ធ​​នាំចូល​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ ​២០១៨។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ចេញ​ផ្សាយ​ កាល​ពី​ចុង​សប្តាហ៍​មុន

យុទ្ធនាការ​ដែល​មាន​ឈ្មោះ​ថា Tariffs Hurt the Heartland ដែល​ធ្វើ​ឡើង​​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​វិធានការ​​ពន្ធ​នាំចូល​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​​អាមេរិក ដែល​​បាន​ចេញ​ផ្សាយ​ទិន្នន័យ​នេះ​បាន​ឲ្យ​ដឹង​ថា ​នេះ​គឺ​ជា​ទិន្នន័យ​​ប្រចាំ​ខែ​ថ្មី​បំផុត​​ដែល​អាច​រក​បាន ​ដោយសារ​ការ​បិទ​ទ្វារ​រដ្ឋាភិបាល​​​ រយៈ​ពេល ៣៥ ថ្ងៃ ដែល​បាន​បញ្ចប់​កាល​ពី​ចុង​ខែ​មករា។

ទិន្នន័យ​នេះ​បាន​បង្ហាញ​ថា កំណើន​​នាំចេញ​របស់​អាមេរិក​ បាន​ធ្លាក់ចុះ​​​មក​នៅ​ត្រឹម​កម្រិត​ទាប​បំផុត​របស់​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ​២០១៨ មួយ​ផ្នែក​ដោយ​​​សារ​​ការ​ធ្លាក់ចុះ​ ៣៧ ភាគរយ​ក្នុង​ការ​នាំចេញ​​ផលិតផល​ដែល​​ប្រឈម​​ពន្ធ​​សង​សឹក។​

លោក​ Charles Boustany អ្នក​នាំពាក្យ​របស់​យុទ្ធនាការ Tariffs Hurt the Heartland បាន​ឲ្យ​ដឹង​​​ក្នុង​សេចក្ដី​ប្រកាស​​ព័ត៌មាន​មួយ​ថា​៖ «ទិន្នន័យ​នេះ​បង្ហាញ​​ថា ​​ប្រជាជន​អាមេរិក​ដែល​​មិនមែន​ជា​ដៃគូ​​​ប្រជែង​​​បរទេស​របស់​យើង​នោះ​ ជា​ អ្នក​ខាត​បង់​ដ៏​ធំ​ដោយ​​សារ​តែ​សង្គ្រាម​​ពាណិជ្ជកម្ម​នេះ​»។​

លោក​ថ្លែង​ថា៖ «​ខណៈ​ដែល​ការ​ចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ចាប់​ផ្ដើម​ដំណើរការ​ឡើង​វិញ យើង​សង្ឃឹម​ថា រដ្ឋាភិបាល​​នឹង​យក​ចិត្ត​ទុក​ដាក់​​លើ​ក្តី​បារម្ភ​របស់​​ក្រុមហ៊ុន​អាមេរិក​រាប់​​ពាន់​ក្រុមហ៊ុន​បាន​​ប្រឈម​នឹង​តម្លៃ​ពន្ធ​នាំចូល​​​ មិន​ធ្លាប់​មាន​ ខណៈ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​បន្ថែម​ទៀត​ឆ្ពោះ​ទៅ​រក​ទំនាក់​ទំនង​ពាណិជ្ជកម្ម​កាន់​តែ​ប្រសើរ និង​​ការ​បញ្ចប់​សង្គ្រាម​ពាណិជ្ជ​កម្ម​»។​

ទិន្នន័យ​នាំចូល​ប្រចាំ​ខែ​ ត្រូវ​បាន​គណនា​ដោយ​ប្រើប្រាស់​​តួលេខ​បាន​ពី​ការិយាល័យ​ជំរឿន​​របស់​អាមេរិក ខណៈ​ដែល​ទិន្នន័យ​នាំចេញ​ប្រចាំ​ខែ​ ត្រូវ​បាន​ពឹង​ផ្អែក​លើ​តួលេខ​បាន​ពី​ការិយាល័យ​ជំរឿន និង​ក្រសួង​កសិកម្ម។

ការ​សិក្សា​មួយ​​ចេញ​ផ្សាយ​ដោយ​ក្រុម​យុទ្ធនាការ​នេះ​បាន​បង្ហាញ​ថា ការងារ​ជិត ​១ ​​លាន​​កន្លែង​នៅ​អាមេរិក​អាច​បាត់​បង់​ដោយ​សារ​ការ​ដំឡើង​​ពន្ធ​នាំចូល​​នេះ៕​ People''s Daily/LA