វ៉ាស៊ីនតោនៈ​ ទោះ​បី​ជា​កំណើន​សេដ្ឋ​កិច្ច​នៅ​តែ​បន្ត​ក៏​ដោយ ​ក៏​ពាណិជ្ជ​ករ ​អា​មេរិក​មាន​ការ​បារម្ភ​ខ្លាំង​អំ​ពី​ជម្លោះ​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេស​ចិន​ ដែល​បាន​ជំរុញ​ឲ្យ​តម្លៃ​កើន​ឡើង​កាន់​តែ​ខ្ពស់​។ ​នេះ​បើយោង​តាម​ការ​អង្កេត​​របស់​​ ធនាគារ​កណ្ដាល​អា​មេរិក ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​។

ធនាគារ​កណ្ដាល​អា​មេរិក​ បាន​ឲ្យ​ដឹង​ថា ​ដោយ​សារ​តែ​ពន្ធ​នាំ​ចូល​ច្រើន​ ដែល​បាន​ដាក់​​ កាល​ពី​ខែ​មុន​ ដោយ​ប្រធា​នា​​ធិបតី​ ដូណាល់ ​ត្រាំ ​តម្លៃ​ដែក​ថែប ​និង​ អា​លុយ​មីញ៉ូម ​បាន​កើន​ឡើង​ទូទាំង​ប្រទេស​នេះ​ ដែល​ក្នុង​ករណី​ខ្លះ​កើន​ឡើង​ពីរ​ដង​។

ការ​អង្កេត​ទូទាំង​ប្រទេស​បាន​បង្ហាញ​ថា ​ឧស្សាហ​កម្ម ​និង​ក្រុម​ហ៊ុន​លក់​រាយ​ជា​ច្រើន​នៅ​ក្នុង​​ប្រទេស​នេះ​ក៏បាន​​រាយ​ការណ៍​ពី​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​កម្លាំង​ពល​កម្ម​ជំនាញ​ផង​ដែរ​។ ភាព​តាន​តឹង​ផ្នែ​ក​ពាណិជ្ជ​កម្ម​​បាន​​កើន​ឡើង​​ក្នុង​រយៈ​ពេល​ជាច្រើន​សប្ដាហ៍​ថ្មីៗ​នេះ​ ដោយ​សារ​​ទី​ក្រុង​វ៉ាស៊ីន​តោន និង​ទីក្រុង​ប៉េ​កាំង ​បាន​សង​សឹក​គ្នា​ខ្លាំង​ក្លា​រឿង​បញ្ហា​ពន្ធ ​។

​ជម្លោះ​នេះ​ផ្ដោត​លើ​ការ​តវ៉ា​របស់អា​មេរិក​លើ​ការ​រឹ​ត​បន្តឹង​ការ​វិនិ​យោគ ​ចោរ​កម្ម​កម្ម​សិទ្ធិ​បញ្ញា​ និង​​ការ​ផលិត​លោហ​ធាតុ​លើស​តម្រូវ​ការ​។

ធនាគារ​សហ​ព័ន្ធ​ Cleveland Fed ​បាន​រាយ​ការណ៍​តម្លៃ​ដែក​ថែប​ក្នុង​ករណីខ្លះ​ បាន​កើន​ឡើង​ក្នុង​អត្រា​ពីរ​ខ្ទង់​​ ខណៈ​នៅ​ទូទាំង​ប្រទេស​នេះ​​មាន​សេ​ក្ដីរាយ​ការណ៍​របស់​ក្រុម​ហ៊ុន​ស្ដុក​ដែក​ថែប​​​ប្រឆាំង​នឹង​ការ​បង្កើន​តម្លៃ​។​

នៅ​ក្នុង​​​តំបន់ ​Boston ក្រុ​ម​ហ៊ុន​ជា​ច្រើន​បាន​ឲ្យដឹងថា ជម្លោះ​ពាណិជ្ជ​កម្ម​​បាន​បង្ហាញ «​ហានិ​ភ័យ​ដ៏ធំ​» និង​ថា ពួក​គេ​​កំពុង​មើល​ឃើញ​តម្លៃ​អា​លុយ​មីញ៉ូម​កើន​ឡើង​កាន់​តែ​ខ្ពស់​។​

​​ក្រុម​ហ៊ុន​មួយ​បាន​ឲ្យដឹងថា​៖ «​នៅ​ពេល​នេះ​ពន្ធ​នាំ​ចូល​ទាំងនេះ​​កំពុង​សម្លាប់​ការងារ​ផលិត​កម្ម​ និង​ក្រុម​ហ៊ុនរបស់​អា​មេរិក​ដែល​ផ្តល់​​​ប្រាក់​ខែ​ខ្ពស់​»​៕LA