ភ្នំពេញៈ ​ក្រុមហ៊ុន Mohammad Omar Bin Haider Hol​ding Group P.S.C របស់​ប្រទេស ​​​អេមីរ៉ាតអារ៉ាប់រួម បាន​បង្ហាញ​ចំណាប់​អារម្មណ៍​​​ក្នុង​ការ​ចូល​មក​វិនិយោគ​​​​នៅ​កម្ពុជា​ក្នុង​វិស័យ​ជា​ច្រើន ខណៈ​​អ្នក​ជំនាញ​​​អះអាង​ថា ការ​ទទួល​​បាន​វិនិយោគ​ពី​ប្រទេស​ថ្មីៗ​នឹង​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​មាន​លំ​នឹង​។​

នៅ​ក្នុង​ជំនួប​​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​កាល​​ពី​ចុង​សប្តាហ៍​មុន លោក Abdo Ali Kayali នាយក​ចាត់ការ​ទូទៅ និង​ទំនាក់ទំនង​​អន្តរជាតិ​របស់​ក្រុមហ៊ុន Mohammad Omar Bin Haider Holding Group P.S.C បាន​ប្រាប់​ថា ក្រុមហ៊ុន​​លោក​មាន​ចំណាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​មួយ​ចំនួន​ដូច​ជា ​អចលន​ទ្រព្យ ​កាត់​ដេរ ​កសិកម្ម​ (​ស្រូវ​អង្ករ) ​​​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច។

លោក​បន្ត​​​ថា សព្វ​ថ្ងៃ​​​ក្រុមហ៊ុន​​​​លោក​មាន​រោងចក្រ​កាត់​ដេរ​នៅ​​​ប្រទេស ​បង់ក្លាដែស ​រួច​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​ចង់​មក​ពង្រីក​ផលិតកម្ម​បន្ថែម​ទៀត​នៅ​​កម្ពុជា ខណៈ​កម្ពុជា​មាន​បរិយាកាស​ធុរកិច្ច​ល្អ ព្រម​ជា​មួយ​នឹង​ភាព​អំណោយ​ផល​ជា​ច្រើន​​​ទៀត​។ ចំណែក​វិស័យ​កសិកម្ម​ក្រុមហ៊ុន​​​​​មាន​បំណង​ស្វែង​យល់​​បន្ថែម​ពី​ការ​ធ្វើ​អាជីវកម្ម​ស្រូវ ​អង្ករ​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​​មិន​ត្រឹមតែ​ចង់​ធ្វើ​ការ​នាំចេញ​អង្ករ​​​កម្ពុជា​​ទៅ​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ក៏​ចង់​​វិនិយោគ​ក្នុង​ខ្សែ​ចង្វាក់​​ផលិតកម្ម​​អង្ករ​ទាំង​មូល​ ចាប់​ពី​​ការ​ធ្វើ​ស្រែ​រហូត​ដល់​ការ​នាំចេញ​។

លោក Abdo Ali Kayali ​​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​​ក៏​នឹង​សិក្សា​ពី​ឱកាស​​​វិនិយោគ​នៅ​ក្នុង​វិស័យ​សណ្ឋាគារ​​នៅ​កម្ពុជា​ផង​ដែរ​។​

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរស័ក្តិ បាន​ស្វាគមន៍​ចំពោះ​ផែនការ​វិនិយោគ​នេះ។ លោក​បាន​​បន្ត​ថា វិស័យ​កាត់​​ដេរ​នៅ​កម្ពុជា​គឺ​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​​ប្រទេស​នានា​លើ​ពិភព​លោក ព្រោះ​កម្ពុជា​តែង​ប្រកាន់​ខ្ជាប់ និង​អនុលោម​តាម​ស្តង់ដា​របស់​អង្គការ​ពលកម្ម​ពិភព​លោក​តាមរយៈ​ការ​អនុវត្ត​កម្មវិធី ​«រោងចក្រ​កាន់​តែ​ប្រសើរ​​នៅ​កម្ពុជា ​(Better Factories Cambodia)»​។

លោក​​រដ្ឋមន្ត្រី​ក៏​បាន​​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុមហ៊ុន​ពិនិត្យ និង​ពិភាក្សា​បន្ត​ជា​មួយ​ក្រុមហ៊ុន​ឯកជន​ក៏​ដូចជា​សហព័ន្ធ​ស្រូវ​​អង្ករ​​កម្ពុជា​ដើម្បី​អាច​ឈាន​ទៅ​ចាប់​ជា​ដៃគូ​ជា​មួយ​គ្នា​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​នេះ​តាម​រយៈ​ការ​សាងសង់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ឃ្លាំង​ស្ដុក និង​ធ្វើ​ទំនើប​កម្ម​ផ្សេងៗ​។

ក្រុមហ៊ុន Mohammad Omar Bin Haider Holding Group P.S.C មាន​​ក្រុមហ៊ុន​បុត្រ​​សម្ព័ន្ធ​ប្រមាណ ៦០ និង​កំពុង​ធ្វើ​ធុរកិច្ច​នៅ​ក្នុង​ប្រទេស​ចំនួន ៥ លើ​ពិភព​លោក។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ថា ការ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​វិនិយោគ​របស់​ក្រុមហ៊ុន​អារ៉ាប់​មួយ​នេះ​ ជា​រឿង​​ល្អ​សម្រាប់​​កម្ពុជា ខណៈ​បច្ចុប្បន្ន​នៅ​​កម្ពុជា​មិន​សូវ​មាន​​ក្រុមហ៊ុន​​មក​ពី​ប្រទេស​​ ​អេមីរ៉ាតអារ៉ាប់រួម​ ​​មក​វិនិយោគ​​ទេ។

លោក​បន្ត​ថា អេមីរ៉ាតអារ៉ាប់រួម​ ​អាច​ជា​​​ទីផ្សារ​​ដ៏​មាន​សក្តានុពល​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា​ ដោយ​បច្ចុប្បន្ន​​ក៏​មាន​ក្រុមហ៊ុន​នៅ​កម្ពុជា​មួយ​ចំនួន​​កំពុង​ដាំ​ចេក​​​សម្រាប់​នាំ​ទៅ​កាន់​ទី​នោះ​ផង​ដែរ​។​

លោក​ថ្លែង​ថា៖ ​«​នៅ​ពេល​​មាន​អ្នក​វិនិយោគ​ចូល​មក​កម្ពុជា​​កាន់​តែ​ច្រើន​ទោះ​បី​ជា​ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរ​ក្តី​ គឺ​សុទ្ធ​​តែ​​បង្ហាញ​​ពី​ភាព​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​»។​

កន្លង​មក​ខ្សែ​រាជវង្ស​របស់​​អេមីរ៉ាតអារ៉ាប់រួម​ ក៏​ធ្លាប់​​បាន​​ធ្វើ​​ទស្សនកិច្ច​មក​កម្ពុជា​ដើម្បី​​បង្កើន​ចំណង​មិត្តភាព និង​បង្កើត​​​ការិយាល័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ផង​ដែរ។​​ ​ពេល​នោះ​ក៏​មាន​ការ​ពិភាក្សា​ពី​ផែនការ​សាងសង់​រោងចក្រ​ផលិត​ម្ហូប​ «អាហារ​ហាឡាល់​» ​សម្រាប់​នាំចេញ​ទៅ​ប្រទេស ​អេមីរ៉ាតអារ៉ាប់រួម ​ផង​ដែរ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន Emerging Markets Consulting បាន​និយាយ​ថា ជា​រឿង​ល្អ​​​បើ​​កម្ពុជា​អាច​ទទួល​បាន​ការ​វិនិ​យោគ​ថ្មីៗ​ពី​សំណាក់​​ប្រទេស​​នៅ​តំបន់​អារ៉ាប់ ខណៈ​​​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រែប្រួល​ចំពោះ​ការ​នាំ​ទំនិញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​។ លោក​អះអាង​ថា៖​ «​នេះ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ បើ​​ទោះ​បីជា​​វា​នឹង​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​សិក្សា​ជា​ច្រើន​ទៀត​ក្តី​»​។​

លោក ជូ បាន​លើក​ឡើង​ថា ដោយ​​សារ​​បច្ចុប្បន្ន​ការ​វិនិយោគ​​ពី​បរទេស​​នៅ​កម្ពុជា​​ភាគ​ច្រើន​មក​ពី​ប្រទេស ​ចិន ​នោះ ដូច្នេះ​​បើ​សិន​ទទួល​បាន​ការ​វិនិយោគ​ពី​ប្រទេស​ផ្សេងៗ​នោះ​វា​នឹង​រឹត​តែ​ល្អ ដោយ​វា​អាច​ចៀស​​ផុត​ពី​ហានិភ័យ​​នៅ​ពេល​ប្រទេស ​ចិន ​មាន​បញ្ហា​សេដ្ឋកិច្ច ឬ​ទំនាក់​ទំនង​រវាង​កម្ពុជា និង​ចិន ​មាន​​​បញ្ហា​។

លោក​ថ្លែង​ថា៖ ​«​បើ​យើង​មាន​ប្រភព​ផ្សេង​ពី​ប្រទេស​ ​ចិន ​នោះ​ក៏​ជា​រឿង​មួយ​ល្អ​ផង​ដែរ ដែល​វា​អាច​កាត់​បន្ថយ​ហានិភ័យ​ទាក់ទង​នឹង​ការ​រីក​ចម្រើន​​ផ្នែក​សេដ្ឋកិច្ច​»៕​ LA