ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ស្វាគមន៍​ការវិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ​ពី​ប្រទេស​ អាល្លឺម៉ង់ ដែល​ជា​ការរួមចំណែក​ដល់​ការផ្គត់ផ្គង់​ថាមពល​ស្អាត​នៅ​កម្ពុជា ខណៈ​តម្រូវ​ការបន្ត​កើនឡើង​ចន្លោះ​ពី ១៥ ​ទៅ​ ២០ ​ភាគរយ ​ប្រចាំឆ្នាំ​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ធ្វើការ​អំពាវនាវ​នៅក្នុង​សន្និសីទ​មួយ​ស្ដីពី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ថាមពល​សូឡា​នៅ​កម្ពុជា​ដែល​បានរៀបចំ​ដោយ​គណៈប្រតិភូ​នៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ប្រទេស​អាល្លឺម៉ង់​ប្រចាំ​នៅ​មីយ៉ាន់ម៉ា​នៅ​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​។

លោក​ថ្លែងថា​៖ «​វា​ជា​ពេលវេលា​ត្រឹមត្រូវ​សម្រាប់​វិនិយោគិន​អាល្លឺម៉ង់​ក្នុង​ការវិនិយោគ​លើ​ថាមពល​សូឡា និង​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​ប្រទេស​របស់​យើង ដោយសារ​យើង​ទទួល​បាន​ស្ថិរភាព​នយោបាយ​ខ្លាំង​បំផុត​។ ជាមួយ​គ្នា​នេះ​ដែរ​អាកាសធាតុ​ក៏​មាន​លក្ខណៈ​អនុគ្រោះ​សម្រាប់​ការវិនិយោគ​បែបនេះ​ផង​ដែរ​»​។

លោក​បាន​ថ្លែង​ថា​៖ «​ដោយមាន​ស្ថិរភាព​នយោបាយ​ល្អប្រសើរ បង្កើត​ទំនុកចិត្ត​សម្រាប់​ពួកគេ​ក្នុង​ការចាក់​បញ្ចូល​សាច់ប្រាក់​របស់​ពួកគេ​សម្រាប់​ការវិនិយោគ ដោយសារ​តែ​វា​ក៏​អាច​រួមចំណែក​សម្រាប់​ការអភិវឌ្ឍ​ថាមពល ការបង្កើត​ការងារ និង​ការរក្សា​បរិសា្ថន​ស្អាត​»​។

លោក ហ្សូនា ឲ្យ​ដឹងថា រដ្ឋាភិបាល​កំណត់​បង្កើត​ថាមពល​សូឡា​ឲ្យ​បាន​ ៤១០ ​មេហ្គាវ៉ាត់​ ត្រឹម​ចុង​ឆ្នាំ​ ២០២០ ដែល​ស្មើនឹង ១៥ ​ទៅ​ ១៧ ​ភាគរយ​ នៃ​ថាមពល​សរុប​។ លោក​បន្តថា​៖ «​នៅ​អាស៊ាន​ខ្ញុំ​មិន​មើលឃើញ​ប្រទេស​ណាមួយ​អាច​មាន​ថាមពល​សូឡា ១០ ​ភាគរយ​នៃ​ប្រភព​ថាមពល​របស់​ពួកគេ​ច្រើន​ជាង​ផែនការ​របស់​យើង​នោះទេ​»​។

លោក Martin Klose គណៈប្រតិភូ​នៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ប្រទេស​ អាល្លឺម៉ង់ ​ប្រចាំ​នៅ​ប្រទេស​ មីយ៉ាន់ម៉ា បាន​នាំ​ក្រុមហ៊ុន​ថាមពល​ដ៏សកម្ម ៤ ​របស់​អាល្លឺម៉ង់ ពិសេស​ផ្នែក​ថាមពល​កកើត​ឡើងវិញ និង​សូឡា និង​អ្នកជំនាញ​ផ្សេងទៀត​មក​ពិភាក្សា​ដោយផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ការផ្លាស់ប្តូរ​ព័ត៌មាន និង​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​ប្រទេស ​កម្ពុជា​។ លោក​ថ្លែងថា​៖ «​យើង​កំពុង​ជំរុញ​ឲ្យ​វិនិយោគិន​អាល្លឺម៉ង់ វិនិយោគ​លើ​ថាមពល​សូឡា​នៅ​កម្ពុជា​»​។

លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា នឹង​មាន​ការិយាល័យ​អាល្លឺម៉ង់​ត្រូវ​បាន​បង្កើតឡើង​នៅក្នុង EuroCham Cambodia ដើម្បី​ចែករំលែក​ព័ត៌មាន និង​សេវា​រវាង​ប្រទេស​ទាំង​ ២ ​ទៅ​ដល់​ក្រុម​វិនិយោគិន​។

លោក ហ្សូនា បាន​ឲ្យ​ដឹងថា រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​បាន​បង្កើត​រួចហើយ​នូវ​កសិដ្ឋាន​បន្ទះ​សូឡា​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង និង​បន្ទាយមានជ័យ​ដែល​រំពឹងថា នឹង​មាន​ ៤១០ មេហ្គាវ៉ាត់​ត្រឹម​ឆ្នាំ​ ២០២០​។ ការវិនិយោគ​លើ​វិស័យ​នេះ​រដ្ឋាភិបាល​ផ្ដល់​ការលើកលែង​ពន្ធ​រយៈពេល​ ៩ ​ឆ្នាំ​ សម្រាប់​វិនិយោគិន និង​មិន​យក​ពន្ធ​លើ​សម្ភារ​នាំចូល​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​ការសាងសង់​នេះ​។

កាលពី​ឆ្នាំមុន​កម្ពុជា​បាន​ប្រើប្រាស់​ថាមពល ២ ៦៥០ ​មេហ្គាវ៉ាត់​ កើនឡើង​ ១៥ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០១៧៕LA