ភ្នំពេញៈ ​ក្រុម​ហ៊ុន​រុក​រក​រ៉ែ ​Geopacific ​Resources ​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អូស្ដ្រាលី​ បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​កំណប់​រ៉ែមាស ​និង​ស្ពាន់ ​នៅ​ការ​ដ្ឋាន​ខួង​រក​រ៉ែ​របស់​ខ្លូន​នៅ​ភាគ​ខាង​ជើង​ប្រ​ទេស​កម្ពុជា​។ ​នេះ​បើ​យោង​តាម​ឯក​សារ​របស់​ក្រុម​ហ៊ុន​ផ្ញើ​ទៅកាន់​​ផ្សារ​ហ៊ុន​អូស្រា្ដលី​។

​ក្រុម​ហ៊ុន Geopacific​​ បាន​ប្រកាស​​កាល​ពីថ្ងៃ​ពុធ​ថា ​តំបន់​ថ្មី​នៃ​កំណប់​រ៉ែ​មាស ​និង​ស្ពាន់ ​ត្រូវបាន​រក​ឃើញ​នៅ​ក្នុង​​ការ​ដ្ឋាន​អណ្ដូង​រ៉ែ​១១៨ ​របស់​ខ្លួន​ នៅ​គម្រោង ​Kou ​Sa ​របស់​ក្រុម​ហ៊ុន​នៅ​ខេត្ត​ព្រះ​វិហារ​ ជា​ការ​រក​ឃើញ​លើក​ទីពីរ​នៅ​ឆ្នាំ​នេះ ​បន្ទាប់​ពី​ការ​រក​ឃើញ​ផ្សេង​ទៀត​ត្រូវ​បាន​ប្រកាស​កាល​ពី​ខែ​មករា​។

រ៉ែ​មាស ​និង​ស្ពាន់ ​ដែល​បាន​រុក​រក​រហូត​មក​ដល់​ពេល​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អណ្ដូង​រ៉ែជម្រៅ​រាក់​ ដែល​ជា​ធម្មតា​មាន​ទំហំ​តូច​ ប៉ុន្តែ​​មាន​រ៉ែ​កម្រិត​ខ្ពស់​។ កំណប់​រ៉ែ​ប្រភេ​ទ​នេះ​ទំនងជា​កើត​ចេញ​​ពី​ការ​ចរាចរណ៍​ទឹក​ស្រ​ទាប់​ខាង​ក្រោម​ ដែល​បំបែក​ភាគផ្សំ​សរីរាង្គ​នៅ​ក្នុង​ដី ​ហើយ​ធ្វើ​ឲ្យ​ក្លាយ​ជារ៉ែ​ ដែ​ល​បន្លែង​រូប​ធាតុ​សរីរាង្គ​ទៅជា​សារ​ធាតុ​សរី​រាង្គ​ ដូច​ជា​​មាស ​និង​ស្ពាន់​។

ខណៈ​ក្រុម​ហ៊ុន ​Geopacific ​ខិត​កាន់​តែ​ជិត​ប្រ​ភព​ការ​ធ្វើ​ចរាចរណ៍​នេះ​ វា​នឹង​ទំនង​ជា​រក​ឃើញ​រ៉ែ​មាស​កាន់​តែ​ច្រើន​។ ​នេះ​បើ​យោង​តាម​​លោក ​Ron ​Heeks ​នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​។​

លោក​ បាន​ឲ្យដឹង​នៅ​ក្នុង​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​ថា ​ជា​មួយ​នឹង​ផ្ទៃដី​ជា​ច្រើន​ ដែល​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​អាជ្ញា​ប័ណ្ណ​គម្រោង ​Kou ​Sa ​ ក្រុម​ហ៊ុន​ Geopacific ​មិន​ទាន់​បាន​រុករក​ដោយ​ការ​ខួង​រក​នៅ​ឡើយ​ទេ​ ដែល​ថ្មីៗ​នេះ​ការ​​រក​ឃើញ​​រ៉ែ​មាស​ និង​ស្ពាន់​ ​បង្ហាញ​ថា ​នៅ​មាន​កំណប់​ដ៏សំខាន់​​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុងការដ្ឋាន​នេះ​។

លោក​ថ្លែង​ថា​៖ «​ភាព​ជោគ​ជ័យ​នៃ​គម្រោង ​Kou ​Sa ​ បាន​លើក​កម្ពស់​ដោយ​ការ​រក​ឃើញ​រ៉ែមាស​ជម្រៅ​រាក់​ដ៏​ធំនេះ​​»។ ​លោក​បន្ថែម​ថា ​ការ​រក​ឃើញ​ថ្មីៗ​បាន​បង្ហាញ​ថា ​ប្រភព​ដ៏ច្រើន​ កាន់​តែធំ​ ដែ​ល​ជំរុញ​ឲ្យមាន​ការ​រុករក​រ៉ែ​នេះ​​មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ​ទេ​។​

លោក​ថ្លែង​ថា​៖ «​ការ​រក​ឃើញ​នេះ​ ស្រប​ជា​មួយ​នឹង​លទ្ធ​ផល​នៅ​ក្នុង​គម្រោង​ ដែល​បង្ហាញ​ពី «ក្បាល​ម៉ាស៊ីន»​ ដ៏​សំខាន់ ​ក្នុង​ការ​ជំរុញ​ការ​ទាញ​យក​រ៉ែ​»។

លោក​បន្ត​ថា​៖ «​លទ្ធ​ផល​បាន​ពី​ការ​ខួងរុករក​នេះ​ចង្អុល​បង្ហាញ​ថា ​យើង​ប្រហែល​ជា​ជួប​ប្រទះ​តំបន់​លំហូរ​ចេញ​នៃ​ប្រព័ន្ធ​ជម្រៅរាក់​ ហើយ​ថា ​តំបន់​ដ៏​សំខាន់​នេះ​អាច​មាន​ទីតាំង​នៅ​ជិតៗ​នេះ​»​។​

បន្ទាប់​ពី​ការ​រុក​រក​តំបន់​អាជ្ញា​ប័ណ្ណ ​Kou ​Sa ​ពេញ​មួយ​ឆ្នាំ ​២០១៧ ​ក្រុម​ហ៊ុន​បាន​កំណត់​ថា ​ការ​ដ្ឋា​ន​រ៉ែ ១១៨​ និង​ ១៨១ ​ដែល​រក​ឃើញ​ដំបូង​ត្រូវ​បាន​ធ្វើ​ឡើង ​ទំនង​ជា​កន្លែង​កំណប់រ៉ែ​ដ៏សំខាន់​។​ ក្រុម​ហ៊ុន​មាន​បំណង​បន្ត​រុក​រក​នៅ​ការ​ដ្ឋាន​នេះ ​ហើយ​បច្ចុប្បន្ន​កំពុង​ធ្វើ​សំណាក​ដី​ ដើ​ម្បី​កំណត់​វិសាល​ភាព​នៃ​តំបន់​រកឃើញរ៉ែ​មាស និង​ស្ពាន់​ថ្មី​ៗ​នេះ​៕L​A