ភ្នំពេញៈ ក្រុមហ៊ុន លឹម សុខចេង បានឈ្នះ​ការដេញថ្លៃ​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសមៈគិរីរម្យ នៅ​ខេត្តកំពង់ស្ពឺ និង​តំបន់​រុំាសារ​ព្រែកទាល់ ខេត្តបាត់ដំបង សម្រាប់​ឆ្នាំ​ ២០២១​។

ក្រុមហ៊ុន​ចំនួន​ ៣ បាន​ចូលរួម​ប្រកួត​ប្រជែង​ប្រមូល​ថ្លៃ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​គិរីរម្យ​ដោយ​តម្លៃ​ដេញថ្លៃ​ជា​មូលដ្ឋាន​ចាប់ពី ៣៥០ ០០០ ០០០ រៀល និង​រមណីយដ្ឋាន​តំបន់​រុំាសារ​ព្រែកទាល់​តម្លៃ​ដេញថ្លៃ ចាប់ពី ៦០ ០០០ ០០០​រៀល​។ ​នេះ​បើតាម​ក្រសួងបរិស្ថាន​។

ក្នុង​កិច្ចប្រជុំ​បើក​សំណើ​ដេញថ្លៃ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​ ៨ ខែ​មករា លោក ខូវ សូវៀត អនុប្រធាន​គណៈកម្មការ​ដេញថ្លៃ​នៃ​ក្រសួងបរិស្ថាន​បានប្រកាសថា ក្រុមហ៊ុន លឹម សុខចេង បានទទួល​សិទិ្ធ​ប្រមូល​ថ្លៃ​លក់​សំបុត្រ​ចូល​ទស្សនា​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសមៈ​គិរីរម្យ​ក្នុងតម្លៃ ៨២៦ ០០០ ០០០ ​រៀល​។

ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត ឬ​ឧទ្យាន​ជាតិ​គិរីរម្យ​នេះ​គ្របដណ្ដប់​លើ​ផ្ទៃដី ៨ ៤០១ ​ហិកតា និង​មាន​ចម្ងាយ​ប្រមាណ ៤៤ ​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ស្ពឺ​។

លោក សូវៀត បានឱ្យដឹង​ទៀតថា ក្រុមហ៊ុន​នេះ​ក៏​ទទួលបាន​សិទ្ធិ​ប្រមូល​ថ្លៃ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​តំបន់​រុំាសារ​ព្រែក​ទាល់​ដែល​បានដាក់​ដេញថ្លៃ​ខ្ពស់​ជាងគេ​ចំនួន ៧៦ ០៥៥ ០០០ ​រៀល​។

ព្រែក​ទាល់​មាន​ផ្ទៃ ២១ ៣៤២ ​ហិកតា​ស្ថិត​ក្នុង​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​ជាប់​ព្រំប្រទល់​ទឹកជា​មួយ​ខេត្ត​សៀមរាប​។ ព្រែក​នេះ​ជា​ជម្រក​សត្វ​ស្លាប​ទឹក​ដែលមាន​ចំនួន​ជាង ៥០០០ ប្រភេទ​នា​ពេល​បច្ចុប្បន្ន​។

លោក អ៊ុច អ៊ុំភីនីស្សារ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា រុំាសារ​ព្រែកទាល់ គឺជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដែលមាន​សក្តានុពល​ខ្លាំង ដោយ​ភ្ញៀវទេសចរ​អាចមក​ទស្សនា​សត្វ​ស្លាប​រាប់ពាន់​ប្រភេទ​នៅ​តំបន់​នេះ​។ លោក​ថ្លែងថា​៖ «​ការផ្តល់​ឱ្យ​វិស័យ​ឯកជន​វិនិយោគ គឺជា​ធាតុ​ចូល​ដ៏សំខាន់​ក្នុង​ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​ឱ្យមាន​របៀបរាបរយ​ល្អ​ក្នុង​ការទាក់ទាញ​អ្នកទេសចរ​»​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជាបានឱ្យដឹងថា ការផ្តល់ឱ្យ​ក្រុមហ៊ុន​ប្រមូល​ចំណូល​ថ្លៃ​លក់​សំបុត្រ​នៅ​តំបន់​ទេសចរណ៍ គឺ​ការផ្តល់​ឱកាស​ដល់​វិស័យ​ឯកជន ចូលរួម​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។ លោកស្រី​សង្ឃឹមថា ក្រុមហ៊ុន​នេះ​នឹង​ពង្រីក​ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​ខាងលើ ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុងស្រុក​។

លោកស្រី​ថា​៖ «​ខ្ញុំ​គិតថា​ក្រុមហ៊ុន​គាត់​អាចមាន​ទស្សនវិស័យ​វែងឆ្ងាយ​ក្នុងការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ឱ្យមាន​សេវាកម្ម​ល្អ​ថែរក្សា​បរិស្ថាន​»​។

អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក តុប សុភ័ក្ត្រ និយាយថា ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​រីកចម្រើន​ត្រូវការ​ជា​ចាំបាច់​នូវ​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​រួមមាន វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ សាធារណៈ និង​ប្រជាជន​។ លោក​ថ្លែងថា​៖ «​យើង​ស្វាគមន៍​គ្រប់ភាគី​ទាំងអស់​មក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ដោយ​គោរព​ទៅតាម​ច្បាប់​របស់​កម្ពុជា​»​។

របាយការណ៍​ពី​ក្រសួងទេសចរណ៍​ឱ្យ​ដឹងថា ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ក្នុង​រយៈពេល​ ១១ ​ខែ​ឆ្នាំ​ ២០២០ មាន​ចំនួន ១ ២៨៦ ០៧៤ ​នាក់ ធ្លាក់ចុះ ៧៨,២ ​ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០១៩ ​ដែល​មាន​ចំនួន ៥ ៨៩៨ ១៣០ ​នាក់​៕

វីដេអូ៖