ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មនៅបន្តផ្តល់សេវាសាធារណៈនៃការទទួលពាក្យស្នើសុំបង់កម្រៃសេវាចុះបញ្ជីម៉ាក និងពាក្យស្នើសុំចុះបញ្ជីម៉ាកថ្មីតាមប្រព័ន្ធអនឡាញក្នុងអំឡុងពេលបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅ (ខេត្តកណ្តាល) ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩។
សេវាសាធារណៈនេះនឹងចាប់អនុវត្តចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៨ ខែមេសា និងអាចពន្យារពេលតាមការចាំបាច់។
សេចក្តីជូនដំណឹងរបស់ក្រសួងបានផ្សាយកាលពីថ្ងៃទី ២១ មេសា បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មសូមជូនដំណឹងដល់ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកទាំងអស់ និងអ្នកដាក់ពាក្យសុំចុះបញ្ជីម៉ាក (រូបវន្តបុគ្គល ឬនីតិបុគ្គល) ជ្រាបថា ដើម្បីធានានិរន្តរភាពនៃការផ្តល់សេវាសាធារណៈ ក្រសួងពាណិជ្ជកម្មបានចាត់តាំងមន្ត្រីតាមគោលការណែនាំរបស់រាជរដ្ឋាភិបាលឲ្យប្រចាំការក្នុងការផ្តល់សេវាពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាក។
សេចក្តីជូនដំណឹងបន្តថា៖ «ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏បានផ្អាកជាបណ្តោះអាសន្នការមកទទួលសេវាសាធារណៈដោយផ្ទាល់ ដើម្បីដាក់ពាក្យស្នើសុំបង់កម្រៃសេវាចុះបញ្ជី និងកិច្ចការផ្សេងៗទាក់ទងនឹងការចុះបញ្ជីម៉ាកក្នុងអំឡុងពេលនៃវិធានការបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅ (ខេត្តកណ្តាល)។ ប៉ុន្តែក្រសួងទទួលការផ្តល់សេវាតាមប្រព័ន្ធអនឡាញជាធម្មតា»។
សេចក្តីជូនដំណឹងឲ្យដឹងថា សម្រាប់ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកដែលបានចុះឈ្មោះ និងទទួលបានគណនីសូមប្រើប្រាស់តាមប្រព័ន្ធដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាតាមរយៈ www.efiling.cambodiaip.gov.kh ដូចដែលធ្លាប់បានអនុវត្តនាពេលកន្លងមក។
សម្រាប់អ្នកដាក់ពាក្យ (រូបវន្តបុគ្គល ឬនីតិបុគ្គល) ដែលបានដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាករួចហើយ ឬមានបំណងដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកថ្មី ឬក៏កិច្ចការផ្សេងៗទាក់ទងនឹងការចុះបញ្ជីម៉ាកត្រូវធ្វើឡើងតាមរយៈអ៊ីមែលៈ marksreception@gmail.com ។
រីឯកម្រៃសេវាសាធារណៈទាក់ទងនឹងការចុះបញ្ជីម៉ាកត្រូវបង់តាមរយៈធនាគារមួយណាក៏បានក្នុងចំណោម ៣ រួមមាន កាណាឌីយ៉ា (CANADIA BANK) អេស៊ីលីដា (ACLEDA BANK) និងពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)។ រាល់ប្រតិបត្តិការបង់កម្រៃសេវានីមួយៗតាមលេខគណនីធនាគារណាមួយខាងលើសូមបញ្ចូលលេខសម្គាល់ ១៥១៨ នៅក្នុងប្រអប់សម្គាល់របស់ប្រព័ន្ធប្រតិបត្តិការរបស់ធនាគារ។
ក្នុងឆ្នាំ ២០២០ ក្រសួងពាណិជ្ជកម្មបានទទួលពាក្យសុំចុះបញ្ជីម៉ាកពាណិជ្ជកម្មពីក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកចំនួន ៦ ១១៦ កើនឡើង ៦ ភាគរយ ធៀបនឹងឆ្នាំ ២០១៩ ដែលមានចំនួន ៦ ៥។នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ ២០២០ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ ២០២១។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីដើមខែមេសាថាការចុះបញ្ជីម៉ាកពាណិជ្ជកម្មនឹងត្រូវបានការពារដោយមានដើមកំណើតផ្សារភ្ជាប់ជាមួយទីតាំងភូមិសាស្ត្រជាក់លាក់ មានគុណភាព និងគុណតម្លៃច្បាស់លាស់ ព្រមទាំងធ្វើឱ្យប្រជាជន និងផលិតករក្នុងតំបន់អាចធ្វើការផ្ទេរចំណេះ និងជំនាញបន្តពីជំនាន់មួយទៅជំនាន់មួយទៀត។
លោកថ្លែងថា៖ «ការចុះបញ្ជី GI គឺជាឧបករណ៍ដ៏សំខាន់ក្នុងការលើកទឹកចិត្តឱ្យសហគមន៍ផលិតនូវទំនិញសម្គាល់ភូមិសាស្ត្រដែលមានគុណភាពខ្ពស់តាមរយៈការពង្រឹង និងពង្រីកចង្វាក់ផលិតកម្ម បង្កើនការត្រួតពិនិត្យគុណភាពជាប្រព័ន្ធឱ្យកាន់តែប្រសើរ និងឈានទៅនាំចេញទៅក្រៅប្រទេស»។
របាយការណ៍ដដែលឲ្យដឹងថា ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកឲ្យក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសសរុបចំនួន ៧ ៩៩៧ ម៉ាកកើនឡើង ៣០ ភាគរយ ធៀបនឹងឆ្នាំ ២០១៩។ ក្នុងនោះ ការចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិបានចំនួន ៥ ៦២៨ ម៉ាកកើនឡើង ៣២ ភាគរយ ខណៈការចុះបញ្ជីម៉ាកតាមប្រព័ន្ធអន្តរជាតិម៉ាឌ្រីដ (Madrid System) បានចំនួន ២ ៣៦៩ ម៉ាក កើនឡើង ២៥ ភាគរយ៕