ភ្នំពេញ: ក្រុមហ៊ុន​ផលិត​ឱសថ​របស់​ថៃ AVS Innovation Co. ​គ្រោង​ពង្រីក​ទីផ្សារ​ផលិត​ឱសថ និង​សម្ភារ​វេជ្ជសាស្ត្រ​នៅ​កម្ពុជា​។

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រុមហ៊ុន AVS Innovation របស់​ប្រទេស​ថៃ​គ្រោង​នឹង​ពង្រីក​ទីផ្សារ​មក​ប្រទេស​កម្ពុជា​។

ការថ្លែង​នេះ​ធ្វើ​ឡើង​នៅក្នុង​ជំនួប​ជាមួយ​លោក Kampon Sriwatakul អគ្គនាយក​ក្រុមហ៊ុន AVS Innovation នៅ​ថ្ងៃ​ពុធ​។

លោក​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​គ្រោង​នឹង​ពង្រីក​ទីផ្សារ​ទៅកាន់​ប្រទេស​កម្ពុជា​តាមរយៈ​ការ​នាំចូល​ផលិតផល​វេជ្ជសាស្ត្រ​ និង​នាំយក​លទ្ធផល​ស្រាវជ្រាវ​ថ្មីៗ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ខ្មែរ ដើម្បី​ផលិត​ឧបករណ៍ និង​សម្ភារ​បរិក្ខារពេទ្យ​បែប​នវានុវត្តន៍​សំដៅ​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។

លោក​ថ្លែងថា​៖ «​យើង​ស្វាគមន៍​ចំពោះ​គម្រោង​ខាងលើ​»​។

លោក​ក៏បាន​ប្រាប់​តំណាង​ក្រុមហ៊ុន​នោះ​អំពី​សក្តានុពល និង​កាលានុវត្តភាព​ធុរកិច្ច​ដែល​កម្ពុជា​មាន​សម្រាប់​លើក​ទឹកចិត្ត​ការវិនិយោគ​ថ្មីៗ​។

ក្នុងជំនួប​នេះ​លោក​វេជ្ជបណ្ឌិត Kampon Sriwatakul អគ្គនាយក​ក្រុមហ៊ុន AVS Innovation ថ្លែងថា បច្ចុប្បន្ន​ក្រុមហ៊ុន​លោក​កំពុង​ផលិត​ឱសថ និង​គ្រឿង​បរិក្ខារ​ការពារ​ជំងឺ​កូវីដ​ ​១៩ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​កំពុង​ស្វែងរក​ដៃគូ​សហការ​នៅ​កម្ពុជា ដើម្បី​ពង្រីក​សក្តានុពល​ថែមទៀត ដោយ​យើង​ឃើញ​ថា​កម្ពុជា​មាន​ធនធាន​ជាច្រើន​ដែល​អាច​បម្រើ​ផលិតកម្ម​របស់​ក្រុមហ៊ុន​ក្នុងប្រទេស​កម្ពុជា​»​។

ឱសថ​បណ្ឌិត ហៃ លីអ៊ាង ប្រធាន​អគ្គនាយក​សហគ្រាស​ផលិត​ឱសថ PPM ដែលជា​សហគ្រាស​ផលិត​ឱសថ​បម្រើ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​​ទៅ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាហ្វ្រិក​ និង​អឺរ៉ុប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា លោក​រីករាយ​សាទរ​ចំពោះ​ក្រុមហ៊ុន​បរទេស​ដែល​មាន​បំណង​ពង្រីក​ទីផ្សារ​មក​កម្ពុជា ដោយ​រួមចំណែក​ផ្តល់​ផលប្រយោជន៍​ដល់​ការបង្កើត​ការងារ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​ក៏​ចង់​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែរ ប៉ុន្តែ​សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស យើង​ក៏ត្រូវ​គិត​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ប្រទេសជាតិ​យើង​។ យើង​មិន​ចង់​សហការ​ត្រឹមតែ​អ្នកធ្វើការ​បោស​សំរាម​ឲ្យ​គេ​នោះទេ​។ យើង​មានលទ្ធភាព​ប្រកួតប្រជែង​ជាមួយ​គេ ហើយ​យើង​ក៏មាន​លទ្ធភាព​សហការ​ជាមួយ​គេ​ផងដែរ​»​។

លោក​បាន​ឲ្យ​ដឹងថា សហគ្រាស​ផលិត​ឱសថ ប៉េប៉េអឹម មាន​ផលិតផល​ឱសថ គីណាល់ ជា​ឱសថ​ដំបូង​គេ​បំផុត​របស់​កម្ពុជា​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦០ ហើយ​បច្ចុប្បន្ន​សហគ្រាស​លោក​បាន​នាំចេញ​ឱសថ​ប្រភេទ​នេះ និង​ផលិតផល​សុខភាព​ជាច្រើន​ទៀត​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប អាស៊ីអាគ្នេយ៍ និង​អាហ្វ្រិក ជាដើម​៕ LA