ភ្នំពេញៈ ក្រុមហ៊ុនដ៏ធំមួយរបស់ចិន គ្រោងសាងសង់ផ្លូវអាកាសល្បឿនលឿននៅកណ្ដាល ទីក្រុងភ្នំពេញ ចាប់ពីរង្វង់មូលទីក្រុងរណបកាំកូស៊ីធី ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដែលកំពុងតែកើតមាននាពេលបច្ចុប្បន្ន។
ផែនការនេះត្រូវបានលើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំរវាងលោក Chang Xingwen ប្រធានអគ្គនាយកក្រុមហ៊ុនវាយតម្លៃគម្រោងគមនាគមន៍ និងវិទ្យាស្ថានរចនាប្លង់នៃ ខេត្តហឺណាន (HPCPSDI) និងលោកឧបនាយករដ្ឋមន្ដ្រីប្រចាំការ គាត ឈន់ នៅក្នុង ទីក្រុងភ្នំពេញ កាលពីថ្ងៃចន្ទ។
លោក Chang Xingwen បានថ្លែងថា ជាមួយនឹងការរីកចម្រើនយ៉ាងរហ័សនៃសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា ក្នុងរយៈពេលជាច្រើនទសវត្សរ៍ដែលអាចប្រៀបធៀបជាមួយនឹងសេដ្ឋកិច្ចរបស់ ប្រទេសចិន ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក វាតម្រូវឲ្យ ប្រទេសកម្ពុជា ដើម្បីបន្តអភិវឌ្ឍគមនាគមន៍សាធារណៈកាន់តែច្រើន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានបានពីខុទ្ទកាល័យរបស់លោក គាត ឈន់។
សេចក្ដីប្រកាសព័ត៌មាននេះបានស្រង់សម្ដីរបស់លោក Chang ថា៖ «ក្រុមហ៊ុនលើកឡើងពីផែនការនេះដើម្បីចូលរួមក្នុងការអភិវឌ្ឍសាធារណៈនៅក្នុង ប្រទេសកម្ពុជា ដែលទទួលអត្ថប្រយោជន៍ក្នុងការជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនខ្លាំងថែមទៀតជាពិសេសជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា»។
លោក គាត ឈន់ បានយល់ព្រមជាគោលការណ៍លើកគម្រោងដែលធ្វើឡើងតាមរយៈរូបមន្តសាងសង់ អាជីវកម្ម ផ្ទេរ (B.O.T)។ លោកបានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា៖ «ក្រុមហ៊ុននេះត្រូវពិចារណា និងសិក្សាឲ្យបានច្បាស់លាស់អំពីប្រសិទ្ធភាពសេដ្ឋកិច្ច និងផលចំណេញផ្ទៃក្នុង (IRR)។ តើគម្រោងនេះមានផលចំណេញផ្ទៃក្នុងប៉ុន្មានដែរ? តើរយៈពេលប៉ុន្មានឆ្នាំទើបក្រុមហ៊ុនទទួលផលចំណេញ?
លោក Chang Xingwen បានយល់ព្រមនឹងអនុសាសន៍នោះ ហើយនឹងសិក្សាឲ្យបានច្បាស់ពីការសាងសង់ផ្លូវនេះ។
ក្រុមហ៊ុននេះបានសហការជាមួយក្រសួងសាធារណការរួចរាល់ហើយក្នុងការសិក្សាពីលទ្ធភាពស្ដីពីការសាងសង់ផ្លូវនេះក្នុងរយៈពេលពីរឆ្នាំកន្លងមក។
ក្រុមហ៊ុននេះបានប្រគល់ផែនការមេអភិវឌ្ឍន៍ផ្លូវល្បឿនលឿននៅកម្ពុជា ឲ្យក្រសួង កាលពី ខែឧសភា ស្ដីពីផ្លូវលឿនសំខាន់ពីរ មួយចាប់ពី ទីក្រុងភ្នំពេញ ឆ្ពោះទៅ ក្រុងព្រះសីហនុ ហើយមួយទៀតចេញពី ទីក្រុងភ្នំពេញ ឆ្ពោះទៅ ទីក្រុងហូជីមិញ របស់ វៀតណាម។
ផ្លូវល្បឿនលឿនទាំងពីរនេះនឹងចំណាយប្រាក់ ៩ ពាន់លានដុល្លារ ហើយរំពឹងថា នឹងត្រូវបញ្ចប់ត្រឹម ឆ្នាំ២០៣០៕