ភ្នំពេញៈ ក្រុមហ៊ុនធានារ៉ាប់រងដ៏ធំមួយរបស់ថៃមានបំណងពង្រីកសេវាកម្ម ធានារ៉ាប់រងរថយន្តដឹកជញ្ជូននៅកម្ពុជាចំពេលដែលសមាហរណកម្ម សេដ្ឋកិច្ចអាស៊ានខិតចូលមកដល់។
អ្នកនៅក្នុងឧស្សាហកម្មធានារ៉ាប់រងក្នុងស្រុកនិយាយថា ការប្រកួតប្រជែងក្នុងទីផ្សារនឹងកើតមាន ប៉ុន្តែមិនមែនជាអ្វីដែលគួរឲ្យបារម្ភនោះឡើយ។
សារព័ត៌មាន បាងកកប៉ុស្តិ៍បានចុះផ្សាយកាលពីម្សិលមិញថា ក្រុមហ៊ុនធានារ៉ាប់រង Viriyah Insurance កំពុងស្វែងរកភាពជាដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។
លោក Arnon Opaspimoltum អនុប្រធានគ្រប់គ្រងក្រុមហ៊ុនធានារ៉ាប់រង Viriyah Insurance បានប្រាប់សារព័ត៌មានបាងកកប៉ុស្តិ៍ថា គម្រោងពង្រីកសេវាកម្មធានារ៉ាប់រងរថយន្តដឹកជញ្ជូននេះគឺធ្វើ ឡើងស្របពេលដែលសកម្មភាពពាណិជ្ជកម្មរវាងប្រទេសជាសមាជិកអាស៊ាន មានកាន់តែច្រើន ហើយសមាហរណកម្មសេដ្ឋកិច្ចអាស៊ានកាន់តែខិតចូលមកដល់។ លោកបន្តថា ក្រុមហ៊ុនក៏គ្រោងនឹងពង្រីកការធានារ៉ាប់រងដល់ទំនិញដែលមាន ផ្ទុកនៅក្នុងរថយន្តនោះបន្ថែមទៀតនៅពីរឆ្នាំខាងមុខ។
លោក ឆាយ រតនៈ ប្រធានសមាគមធានារ៉ាប់រងកម្ពុជាមានប្រសាសន៍ថា លោកបានដឹងពីគម្រោងចង់ចូលមកកម្ពុជារបស់ក្រុមហ៊ុននេះ តាំងពីប្រហែលមួយឆ្នាំមុន។ លោកមិនគិតថា ការចូលមកដល់នៃក្រុមហ៊ុននេះនាំមកនូវការប្រកួតប្រជែងឡើយ។
លោកបន្តថា៖ «ក្រុមហ៊ុនធានារ៉ាប់រង Viriyah បើតាមដឹងគាត់ផ្តោតសំខាន់ខ្លាំងទៅលើរឿងឡានរឿងយានយន្ត។ គាត់មានជំនាញផ្នែកយានយន្ត។ វាជាការល្អ ព្រោះកាលណាមានការប្រកួតប្រជែងច្រើនតម្លៃអាចចុះថោក»។
លោក យក់ ចំរើនប្ញទ្ធិ នាយកក្រុមហ៊ុន ធានារ៉ាប់រង Forte និយាយថា សក្តានុពលផ្នែកវិស័យធានារ៉ាប់រងនៅកម្ពុជាជាកត្តាទាក់ទាញ ឲ្យក្រុមហ៊ុនធានារ៉ាប់រងពង្រីកសាខារបស់ខ្លួនមកកម្ពុជា។
លោកថ្លែងថា៖ «គេសម្លឹងមើលឃើញសក្តានុពលវិស័យធានារ៉ាប់រងនៅកម្ពុជា ម៉្យាងគេមានបទពិសោធច្រើនផ្នែកធានារ៉ាប់រងការដឹកជញ្ជូននៅថៃ »។
លោក Michael Girling នាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងInfinityនិយាយថា ទីផ្សារ ធានារ៉ាប់រងលើយានយន្តនៅកម្ពុជា និងថៃគឺមានគម្លាតគ្នាខ្លាំង ខណៈតម្លៃសរុបមានត្រឹម៧,២លានដុល្លារ បើធៀបនឹងទីផ្សារប្រទេសថៃ ដែលមានតម្លៃសរុបប្រមាណ២,៥ពាន់លានដុល្លារ។
លោកបន្ថែមថា៖ «ជាមួយនឹងទំហំនិងយុទ្ធសាស្ត្របន្ទាបតម្លៃរបស់Viriyah Insurance អាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណេញក្នុងទីផ្សារធានារ៉ាប់រង យានយន្តកម្ពុជា»។
លោក រស់ ភារម្យ អនុប្រធាននាយកដ្ឋានឧស្សហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រាប់ឲ្យដឹងថា លោកមិនទាន់ទទួលព័ត៌មានពីការស្នើសុំរបស់ Viriyah Insurance ស្តីពីការពង្រីកសេវាកម្មធានារ៉ាប់រងរថយន្តដឹកជញ្ជូននៅ កម្ពុជានៅឡើយទេ៕