The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ធំៗ​នៅ​ឆ្នាំ​២០១២​មាន​ចំនួន​១០

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ធំៗ​នៅ​ឆ្នាំ​២០១២​មាន​ចំនួន​១០

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ធំៗ​នៅ​ឆ្នាំ​២០១២​មាន​ចំនួន​១០

ភ្នំពេញៈ ទិន្នន័យ​ពី​ក្រសួង​កសិកម្ម​បាន​បង្ហាញ​ថា នៅ​ឆ្នាំ​២០១២ មាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ធំៗ​១០ ក្នុង​នោះ​ក្រុមហ៊ុន​ខ្មែរ​ហ្វូត​ឈរ​លំដាប់​ទី១។

តួ​លេខ​នាំ​ចេញ​អង្ករ​សរុប​នៅ​ឆ្នាំ​២០១២​ពី​ក្រសួង​កសិកម្ម​បង្ហាញ​ថា​មាន​ចំនួន​២០៥ ៧១៧​តោន​ក្នុង​នោះ​ក្រុមហ៊ុន​ទាំង​១០​មាន​១៥១ ៥៧៥ តោន ខណៈ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​មាន​៧១​ក្រុមហ៊ុន​។

អ្នក​ជំនាញ​លើក​ឡើង​ថា ទិន្នន័យ​នេះ​នឹង​ជួយ​ជំរុញ​ដល់​បណ្តា​ក្រុមហ៊ុន​នាំ​ចេញ​ឲ្យ​កាន់​តែ​បង្កើន​ផលិត​ភាព​របស់​ពួក​គេ។

លោក ម៉ី កល្យាណ ទី​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​និង​ជា​អ្នក​សរសេរ​គោល​នយោបាយ​នំា​ចេញ​អង្ករ​របស់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា៖ «នេះ​ជា​ការ​ល្អ​ដែល​យើង​អាច​ដឹង​អំពី​ព័ត៌មាន​នៃ​លទ្ធភាព​នំា​ចេញ​របស់​ក្រុមហ៊ុន​នីមួយៗ​»។ លោក​បន្ត​ថា​ក្រុមហ៊ុន​ដែល​មាន​ការ​នាំ​ចេញ​តិច​តួច​នឹង​បន្ត​ខំ​ប្រឹង​ប្រែង​បង្កើន​សមត្ថភាព។

នៅ​ឆ្នាំ​២០១២ ក្រុមហ៊ុន ខ្មែរ​ហ្វូត បាន​ឈរ​នៅ​លំដាប់​លេខ១​ដោយ​នាំ​ចេញ​បាន​៣១ ៤៤១​តោន ហើយ Golden Rice ឈរ​លំដាប់​ទីពីរ គឺ ២៦ ០៧១ តោន។

លោក គឹម សាវុធ ប្រធាន​ក្រុមហ៊ុន ខ្មែរ​ហ្វូត បាន​ឲ្យ​ដឹង​ថា លោក​នៅ​មិន​ទាន់​ពេញ​ចិត្ត​នឹង​លទ្ធផល​នេះ​នៅ​ឡើយ​ទោះ​បី​ក្រុមហ៊ុន​លោក​នាំ​មុខ​ក្នុង​ការ​នាំ​ចេញ​ក៏​ដោយ។​លោក​បន្ត​ថា៖​«ខ្ញុំ​នឹង​ព្យាយាម​បន្ថែម​ទៀត​ដើម្បី​បង្កើន​ផលិត​ភាព​នៃ​ការ​នាំ​ចេញ​ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​ក្រុមហ៊ុន​ផ្សេង​ទៀត​ក៏​នឹង​ធ្វើ​ដូច​គ្នា​ព្រោះ​ចំនួន​នេះ​មាន​គម្លាត​ឆ្ងាយ​ដើម្បី​សម្រេច​ឲ្យ​បាន​គោល​ដៅ​នាំ​ចេញ​១លាន​តោន​នៅ​ឆ្នាំ​២០១៥»​។

ក្រុមហ៊ុន បៃតង​កម្ពុជា​ឈរ​លំដាប់​លេខ ៣ នាំ​ចេញ​បាន​២៤ ២១៣ តោន​។ អ្នក​បន្ទាប់​គឺ​ក្រុមហ៊ុន អមរូរ៉ាយស៍ កម្ពុជា មាន​១៦ ១៥៦ តោន ក្រុមហ៊ុន អ៊ីនធើណេស​ស៊ិនណល​រ៉ាយស៍ ត្រេឌីង​មាន ១៥ ៤៥០ តោន ក្រុមហ៊ុន​ឡូរ៉ង់​៩ ៦៩៣​តោន ក្រុមហ៊ុន​មេហ្គាគ្រីន​៩ ៣៣៦ តោន ក្រុមហ៊ុន វ៉ាយ​ហ្គោល អ៊ីមផត អិចផត ៧ ៩៨៦ តោន ក្រុមហ៊ុន អិន​ឌូ​ឆាយ​ណា រ៉ាយស៍​មៀល​មាន ៥ ៩៣៩ តោន ក្រុមហ៊ុន ខេមវី ហ្វូត​៥ ២៩០ តោន​៕​

អត្ថបទគួរចាប់អារម្មណ៍