
ភ្នំពេញៈ សហគមន៍អ្នកនាំចេញអង្ករកំពុងពង្រឹងប្រព័ន្ធសុវត្ថិភាពរបស់ខ្លួនឡើងវិញ បន្ទាប់ពីមានការវាយលុកយកទិន្នន័យនិងព័ត៌មាន (Hack) របស់ក្រុមហ៊ុននាំអង្ករចេញរបស់ កម្ពុជា មួយចំនួនកាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុននាំអង្ករចេញបានប្រកាសពីការចូលលួចទិន្នន័យនិងព័ត៌មានពីគេហទំព័រ និងសារអេឡិចត្រូនិករបស់ខ្លួនពីម្សិលមិញនិងបានស្នើសុំឲ្យអ្នកបញ្ជាទិញបង្កើនភាពប្រយ័ត្នប្រយែងនៅពេលទទួលបានវិក្កយបត្រស្នើឲ្យផ្ទេរប្រាក់ទៅក្នុងកុងធនាគារថ្មី។
ការចូលលួចបន្លំទិន្នន័យ និងព័ត៌មានរួមមានការផ្ញើវិក្កយបត្រទៅអ្នកបញ្ជាទិញដើម្បីផ្ទេរប្រាក់ទៅកុងធនាគារថ្មីដោយប្រើប្រាស់អាសយដ្ឋានសារអេឡិចត្រូនិករបស់បុគ្គលិកក្រុមហ៊ុនជាដើម។
លោក សុខ ដេវិដ អនុប្រធានក្រុមហ៊ុន Golden Rice បានឲ្យ ភ្នំពេញ ប៉ុស្តិ៍ ថា គេហទំព័រ និងសារអេឡិចត្រូនិករបស់ក្រុមហ៊ុនត្រូវបានគេចូលលុកលុយរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
លោកថ្លែងថា៖ «ក្រុមហ៊ុន GRC ក៏ដូចជាក្រុមហ៊ុននាំចេញដទៃទៀតដែរគឺត្រូវបានគេចូលលុកលុយគេហទំព័រ។ GRC កំពុងចាត់វិធានការពង្រឹងប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យារបស់ក្រុមហ៊ុន»។
បើទោះជាបច្ចុប្បន្នស្ថានភាពបានប្រសើរឡើងហើយក៏ដោយក៏ក្រុមហ៊ុន Golden Rice កំពុងបន្តពង្រឹងប្រព័ន្ធសុវត្ថិភាពរបស់ខ្លួនបន្ថែមទៀត។ លោកបន្តថា ក្រុមហ៊ុននឹងបន្តស៊ើបអង្កេតទៅលើករណីនេះ។
លោកបានឲ្យដឹងថា អ្នកដែលចូលលួចទិន្នន័យនេះអាចជាគូប្រជែង ដែលមិនមានក្រមសីលធម៌ក្នុងវិស័យនេះ។ លោកបានបញ្ជាក់ថា មិនទាន់មានអ្នកបញ្ជាទិញណារងគ្រោះខាតបង់ជាប្រាក់កាសដោយសារករណីនេះទេ។
ការលួចចូលយកទិន្នន័យនិងព័ត៌មានពីគេហទំព័រនិងសារអេឡិចត្រូនិកគឺដោយសារសុវត្ថិភាពប្រព័ន្ធបច្ចេកវិទ្យានៅ កម្ពុជា នៅមានកម្រិត។ នេះបើតាមប្រសាសន៍របស់លោក វ៉ាន់ ដេវិដ អនុប្រធានសម្ព័ន្ធអ្នកផលិតស្រូវ និងនាំចេញអង្ករ កម្ពុជា។
លោក កេន ចាន់ថន ស្ថាបនិកនៃក្រុមហ៊ុន Ken Group ជាអ្នកជំនាញលើប្រព័ន្ធបច្ចេកវិទ្យា បានឲ្យដឹងថា ការលួចចូលយកទិន្នន័យពីគេហទំព័ររបស់បណ្តាក្រុមហ៊ុនផ្សេងៗតែងតែកើតឡើងជារឿយៗ។
លោកបានបន្តទៀតថា៖ «ជាធម្មតា Hacker គាត់ចូលទៅ Hack គេហទំព័រណាដែលប្រព័ន្ធសុវត្ថិភាពមានភាពទន់ខ្សោយ»។
លោកបន្ថែមថា ត្រូវមានច្បាប់ការពារទាក់ទងនឹងរឿងសុវត្ថិភាពនៃប្រព័ន្ធព័ត៌មានវិទ្យាដាក់ទោសដល់ជនណាដែលរកឃើញថា បានចូលទៅលួចទិន្នន័យនិងព័ត៌មានដោយគ្មានការអនុញ្ញាត»៕