ភ្នំពេញៈ មេធាវីក្រុមហ៊ុនអឹមហ្វូនដែលក្ស័យធនបានឲ្យដឹងថា ក្រុមហ៊ុននេះនឹងចំណាយប្រាក់ ៣០ ភាគរយទៀតនៃប្រាក់ឈ្នួលអតីតភាពការងារឲ្យបុគ្គលិកជាង១ ០០០នាក់នៅថ្ងៃព្រហស្បតិ៍នេះ។
ក្រុមហ៊ុន អឹមហ្វូន ត្រូវបានសម្រេចដោយសាលាដំបូងរាជធានីភ្នំពេញពីការក្ស័យធន កាលពីពាក់កណ្ដាលខែកុម្ភៈឆ្នាំមុន បណ្ដាលឲ្យបុគ្គលិកជាង១ ០០០នាក់មិនទទួលបានប្រាក់ខែដែលមានតម្លៃ៤,៤លានដុល្លារ។
លោក ខាន់ សេរីវុទ្ធី អ្នកប្រឹក្សាច្បាប់ជាន់ខ្ពស់របស់អភិបាលបណ្ដោះអាសន្នបានឲ្យ ដឹងថា បន្ទាប់ពីក្រុមហ៊ុននេះបានលក់ទ្រព្យសកម្មសំខាន់ៗជាច្រើនមក ពួកគេបានបង់ប្រាក់ជាផ្នែកៗដល់បុគ្គលិកជាច្រើនមួយជំហានម្ដងៗ។
លោកបានលើកឡើងថា៖ « យើងបានបង់ប្រាក់ឲ្យបុគ្គលិករបស់យើងពីរដងរួចមកហើយ ហើយនៅថ្ងៃនេះយើងនឹងបង់ប្រាក់ឲ្យពួកគេ៣០ភាគរយទៀត ដែលសរុបមកមានចំនួន៧០ភាគរយហើយ»។
លោកបន្ថែមថា ទឹកប្រាក់នេះគឺបានមកពីការលក់ទ្រព្យសកម្មឲ្យក្រុមហ៊ុន Khmer Unified Network គ្រប់គ្រងដោយវិនិយោគិនជនជាតិចិន មានតម្លៃ៩,៩លានដុល្លារ ហើយមកទល់ពេលនេះក្រុមហ៊ុនបានបង់ប្រាក់ប្រហែល ៤,៤ លាន ដុល្លារ។
លោកបន្តថា៖ «យើងស្នើដល់ក្រុមហ៊ុន សុំបង់ប្រាក់ឲ្យយើងឲ្យបានទាន់ពេលវេលាដើម្បីយើងអាចយកប្រាក់ នេះឲ្យទៅបុគ្គលិក។ បន្ទាប់មកពេលយើងមានប្រាក់ច្រើនយើងនឹងសងដល់ម្ចាស់បំណុលផ្សេង ទៀត»។
លោក ប៉ាង វុទ្ធី តំណាងអតីតបុគ្គលិកបញ្ជាក់ថា៖ «ពិតហើយយើងមានសេចក្ដីរីករាយជាមួយនឹងកិច្ចព្រមព្រៀងនេះ ប៉ុន្តែយើងចង់ឲ្យពួកគេបង្កើនល្បឿនដោយសារតែបុគ្គលិកជាច្រើន ផ្សេងទៀតកំពុងត្រូវការប្រាក់បន្ទាប់ពីពួកគេបាត់បង់ការងារ»។
មេធាវីរបស់អឹមហ្វូនបានឲ្យដឹងថាលោកនឹងដាក់ ពាក្យបណ្ដឹងផ្សេងទៀតទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ ដើម្បីបង្កកប្រាក់ពីក្រុមហ៊ុនជំពាក់ប្រាក់ចំនួន៣ មានក្រុមហ៊ុនមិត្តហ្វូនដែលបានជំពាក់ប្រាក់ចំនួន៥៥២ ៤៥២,៨២ដុល្លារ ក្រុមហ៊ុន Royal Telecom International ជំពាក់៤៦ ៧៥៣,៤៧ដុល្លារអាមេរិក។
បច្ចុប្បន្នក្រុមហ៊ុនអឹមហ្វូនបានជំពាក់ប្រាក់ក្រុមហ៊ុន Huawei ជាង៦៥លានដុល្លារអាមេរិក និងក្រុមហ៊ុន Altect មានតម្លៃប្រហែល៥លានដុល្លារអាមេរិក។ ទ្រព្យសកម្មរបស់ក្រុមហ៊ុនអឹមហ្វូនដែលត្រូវបានប៉ាន់ប្រមាណមាន ១០៥លានដុល្លារគឺគ្រាន់តែជាតម្លៃនៅក្នុងបញ្ជីទ្រព្យសកម្មប៉ុណ្ណោះ ប៉ុន្តែតម្លៃនៅលើទីផ្សារពិតប្រាកដអាចមានពីជាង៣០លាន ដុល្លារ ដល់៤០លានដុល្លារ។
ទីផ្សារសេវាទូរស័ព្ទចល័តនៅកម្ពុជា ជាទីផ្សារតូចអង្អៀតដែលមានការប្រកួតប្រជែងខ្លាំងដែលធ្វើឲ្យក្រុមហ៊ុនខ្លះពិបាកនឹងឈរជើង៕PB