ភ្នំពេញៈ ក្រុមហ៊ុន Grand Twins International (Cambodia) Plc ជាក្រុមហ៊ុនឯកជនដំបូងគេនឹងឡើងផ្សារហ៊ុនកម្ពុជា (CSX) នៅខែមីនា ឆ្នាំ២០១៣ ដោយនឹងចេញលក់ភាគហ៊ុន១២លានហ៊ុន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនមូលបត្រភ្នំពេញ (PPS) ដែលជាអ្នកធានាទិញមូលបត្ររបស់ក្រុមហ៊ុន GTI បានអះអាងថា ក្រុមហ៊ុននេះនឹងលក់ក្នុងតម្លៃ០,២៥ដុល្លារក្នុងមួយហ៊ុន។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ដែរថា គិតត្រឹមខែមិថុនា ឆ្នាំ២០១២ ដើមទុនសរុបរបស់ក្រុមហ៊ុនមាន៣១,៦លានដុល្លារនិងមូលធនសរុប២៧,៧លានដុល្លារ។ ក្រុមហ៊ុននេះជាក្រុមហ៊ុនតៃវ៉ាន់។
លោក មិញ បានកុសល អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា មិនអាចទាក់ទងបានទេកាលពីថ្ងៃពុធ។ មន្ត្រី PPS ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា PPS បានបញ្ជូនឯកសារទៅ SECC កាលពីខែមុន។
លោក Min Kyoung Hoon អគ្គនាយករង CSX បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃពុធថា លោកមិនបានទទួលឯកសារជាផ្លូវការពីក្រុមហ៊ុនឡើយ ប៉ុន្តែលោកបានឲ្យដឹងថា ពេលវេលានេះអាចធ្វើទៅបាន។ លោកថ្លែងថា៖ «ខ្ញុំបានឮអំពីការចុះបញ្ជីនេះដែរ ប៉ុន្តែខ្ញុំមិនប្រាកដទេ។ វាអាចនឹងទៅរួចហើយនឹងមិនអាច។ ប៉ុន្តែនេះជាការល្អសម្រាប់យើង ដោយសារវាធ្វើឲ្យទីផ្សារនេះកាន់តែសកម្ម ដូច្នេះវិនិយោគិននឹងមានជម្រើសច្រើន»។
លោក ស្វាយ ហៃ ប្រធានមូលបត្ររបស់អេស៊ីលីដា ដែលជាឈ្មួញជើងសាបានឲ្យដឹងថា ការចូលរួមរបស់ក្រុមហ៊ុនឯកជន នៅលើផ្សារហ៊ុន ឆ្លុះបញ្ចាំងអំពីទំនុកចិត្តលើផ្សារហ៊ុនដែលទើបនឹងបង្កើតថ្មី។
លោកបន្តថា៖ «វាជាជម្រើសផ្សេងមួយទៀតសម្រាប់វិនិយោគដែលចង់មកបណ្តាក់ទុននៅលើផ្សារមូលធន»។
ផ្សារហ៊ុនកម្ពុជាបានចាប់ផ្តើមធ្វើការជួញដូរជាមួយរដ្ឋាករទឹក ភ្នំពេញតែមួយប៉ុណ្ណោះកាលពីពាក់កណ្តាលខែមេសា ឆ្នាំមុន។
តម្លៃភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញគឺ ៦ ២០០រៀល កាលពីម្សិលមិញ ដោយទំហំជួញដូរមានចំនួន៨៥៤ហ៊ុន។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា ភាគហ៊ុននេះព្យាករថានឹងសម្រេចបានការលក់របស់ខ្លួនក្នុងអត្រាកំណើនប្រចាំឆ្នាំប្រហែល២៩,៣៧ភាគរយ ដោយរក្សាប្រាក់ចំណេញសុទ្ធជាង១០ភាគរយ រៀងរាល់ឆ្នាំ។ វាមិនត្រឹមតែជួយដល់ក្រុមហ៊ុនក្នុងការបង្កើនដើមទុនសម្រាប់ពង្រីកអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសដ៏ប្រសើរបំផុតសម្រាប់វិនិយោគិនក្នុងការចែករំលែកលទ្ធផលជាផ្លែផ្កាដែលផ្តល់ជូនក្នុងតម្លៃទាបផងដែរ»៕CS
Contact PhnomPenh Post for full article
Post Media Co LtdThe Elements Condominium, Level 7
Hun Sen Boulevard
Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia
Telegram: 092 555 741
Email: webmasterpppost@gmail.com