ភ្នំពេញៈ ក្រុមហ៊ុន Hello Axiata Company Limited (Hello) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន AxiataGroup Berhad បានប្រកាសពីការច្របាច់បញ្ចូលគ្នាជាមួយLatelz Company Limited (Smart Mobile)ក្រោមកិច្ចព្រមព្រៀងគិតជាទឹកប្រាក់ចំនួន១៥៥លានដុល្លារ។
ការច្របាច់បញ្ចូលគ្នានេះនឹងធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទធំជាងគេទីពីរបន្ទាប់ពីក្រុមហ៊ុនមិត្តហ្វូនបើគិតតាមចំនួនអតិថិជន។
ទឹកប្រាក់នៃការច្របាច់បញ្ចូលគ្នានេះ មានប្រមាណ១៥៥លានដុល្លារអាស្រ័យលើការទូទាត់សម្រាប់បំណុលសុទ្ធជាក់ស្តែង និងទុនដែលកំពុងតែដំណើរការគិតមកដល់ត្រឹមថ្ងៃបញ្ចប់។
ក្នុងកិច្ចព្រមព្រៀងនេះក្រុមហ៊ុន Axiata នឹងកាន់កាប់ភាគហ៊ុន៩០ភាគរយក្នុងក្រុមហ៊ុនថ្មីហើយការច្របាច់បញ្ចូលគ្នាក្នុងនាមជាប្រតិបត្តិករធំបំផុតមួយក្នុងចំណោមក្រុមហ៊ុនជាច្រើននៅកម្ពុជាបើគិតពីចំនួនអ្នកប្រើប្រាស់ និងចំណូល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីAxiata Group Berhad ចេញផ្សាយកាលពីថ្ងៃម្សិលមិញ។
លោក Simon Perkins អគ្គនាយក Hello Axiata បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា កិច្ចព្រមព្រៀងនេះបានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ខណៈក្រុមហ៊ុនទាំងពីរ បានពិភាក្សាជាច្រើនដងមកហើយ។ លោកបានបញ្ជាក់ថា៖ «កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចនៅថ្ងៃនេះ [ថ្ងៃព្រហស្បតិ៍] ហើយយើងបានចាប់ផ្តើមសមាហរណកម្មគម្រោងនេះភ្លាមៗ។ ការច្របាច់បញ្ចូលគ្នារបស់ក្រុមហ៊ុនទាំងពីរនឹងមានអ្នកប្រើប្រាស់៥លាននាក់ យើងនឹងជាប់ចំណាត់ថ្នាក់លេខពីរក្នុងទីផ្សារកម្ពុជាហើយយើងមានកម្លាំងរឹងមាំ»។
អគ្គនាយកក្រុមហ៊ុន Latelz លោក Thomas Hundt បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រុមហ៊ុនដែលបញ្ចូលគ្នានេះនឹងអាចផ្តល់សេវាទំនើប ហើយមានតម្លៃសមរម្យសម្រាប់ការប្រើប្រាស់សេវាទូរស័ព្ទចល័តនិងសេវាផ្សេងៗដល់អតិជនរបស់ខ្លួន៥លាននាក់។ លោកបានថ្លែងថា៖
«យើង រំភើបជាមួយនឹងលទ្ធភាពនានាក្នុងបណ្តាញសហគមន៍របស់អតិថិជនរបស់យើង។ យើងនឹងនៅតែមានទំហំលក់ ទូលំទូលាយបំផុតមួយក្នុងចំណោមការលក់ជាច្រើននិងបណ្តាញចែកចាយជាច្រើនទៀតនៅកម្ពុជា»។
លោក Hundt បានពន្យល់ថា៖ «យើងរំពឹងថាការច្របាច់បញ្ចូលគ្នានេះនឹងត្រូវបានបញ្ចប់យ៉ាងយូរបំផុតនៅត្រឹមត្រីមាសទីមួយឆ្នាំ២០១៣។ ក្នុងអំឡុងពេលនេះក្រុមហ៊ុនHello នឹងSmart Mobile នៅតែបន្តប្រតិបត្តិការរៀងៗខ្លួនដូចមុនដោយគ្មានការរំខានដល់សេវាដែលអតិថិជនយើងកំពុងទទួលបាននាពេលបច្ចុប្បន្ននេះទេ»។
លោក ឯក វណ្ឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ស្វាគមន៍ចំពោះការច្របាច់បញ្ចូលគ្នានេះ។ លោកថ្លែងថា៖
«វាល្អសម្រាប់ពួកគេប្រសិនបើគេចង់បានចំណែកទីផ្សារដ៏ខ្លាំង និងចង់ប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងទៀត។ ឥឡូវយើងមានក្រុមហ៊ុន៩ ដូច្នេះខ្ញុំមិនចង់ឃើញក្រុមហ៊ុនណាមួយដួលរលំនោះទេ។ ការច្របាច់បញ្ចូលគ្នាគឺល្អសម្រាប់ពួកគេព្រោះគេអាចចំណាយតិច»។
ទិន្នន័យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គិតត្រឹមខែមិថុនាបង្ហាញថាប្រទេសកម្ពុជាមានក្រុមហ៊ុនទូរស័ព្ទចល័តចំនួន៨ក្រុមហ៊ុនដែលបានលក់ចេញនូវស៊ីមកាតចំនួន១៥,៧លានស៊ីមដោយលើសចំនួនប្រជាជនក្នុងប្រទេសដែលមានជិត១៤,៥លាននាក់នេះ។
ភ្នំពេញប៉ុស្តិ៍បានរាយការណ៍នាពេលថ្មីៗនេះថា Thaicomជាក្រុមហ៊ុនមេរបស់ Mfone នឹងលក់ក្នុងតម្លៃ១០០ដុល្លារទៅឲ្យក្រុមហ៊ុនINT Management Service Company Limited។ យ៉ាងណាក៏ដោយគ្មានព័ត៌មានថ្មីៗបញ្ជាក់លម្អិតទេ។
លោក Simon បានទទួលស្គាល់ថា ទីផ្សារមានលក្ខណៈចង្អៀតតែលោកបានថ្លែងថា ការដាក់បញ្ចូលគ្នារវាងក្រុមហ៊ុនHello និងក្រុមហ៊ុនSmart នេះនឹងធ្វើឲ្យពួកគេកាន់តែមានកម្លាំងខ្លាំង។ លោកបានថ្លែងថា៖«ខ្ញុំគិតថាអ្នកដឹងពីអ្វីដែលកំពុងកើតឡើងនៅក្នុងក្រុមហ៊ុនផ្សេងទៀតហើយខ្ញុំមិនចង់វាយតម្លៃលើក្រុមហ៊ុនផ្សេងទៀតនោះទេតែអ្នកអាចមើលឃើញអ្វីកំពុងកើតឡើងយ៉ាងច្បាស់»។
លោកបានបន្ថែមថា៖ «បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន៩នៅក្នុងទីផ្សារហើយយើងជឿថា តាមរយៈការរួមបញ្ចូលគ្នានេះវានឹងធ្លាក់មកនៅត្រឹមតែ៣ទៅ៥ក្រុមហ៊ុនប៉ុណ្ណោះ»។ លោកបន្តថា ពេលវេលាគឺត្រឹមត្រូវចំពោះយើងក្នុងការបង្រួមគ្នាហើយយើងមានមោទនភាពដោយឈានមុខគេនៅក្នុងកម្ពុជា។ វានឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់អតិថិជនយើងដែលមានបណ្ដាញកាន់តែធំទូលាយជាមួយនឹងការគ្របដណ្ដប់កាន់តែធំ៕ NR/PN