ភ្នំពេញៈ ជាមួយ​នឹង​ការតាមដាន​ដ៏ល្អ​នៃ​របាយការណ៍​ឥណទាន​អតិថិជន​ក្នុង​ប្រតិបត្តិការ​រយៈពេល​ ១ ​ឆ្នាំ​ក្នុង​ការរួមចំណែក​ការគ្រប់គ្រង​ហានិភ័យ​របស់​វិស័យ​ហិរញ្ញវត្ថុ​ដែល​ទទួលបាន​នូវ​កំណើន​យ៉ាងរហ័ស​នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (​ខេមបូឌា​) អិលធីឌី (​ស៊ីប៊ីស៊ី) ទទួល​បាន​ពានរង្វាន់ « Excellence in Consumer Credit Reporting» នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពី Global Business Outlook (GBO) ដែលជា​ទស្សនាវដ្ដី​ល្បីឈ្មោះ​មួយ​នៅ​ចក្រភព​អង់គ្លេស​។

គណៈកម្មការ​វិនិច្ឆ័យ​នៃ GBO បានជ្រើសរើស និង​វាយតម្លៃ ស៊ីប៊ីស៊ី សម្រាប់​ពានរង្វាន់​មួយ​នេះ​ដោយ​ផ្អែកលើ​សកម្មភាព​របស់​ស៊ីប៊ីស៊ី ក្នុង​ទិដ្ឋភាព​រាយការណ៍​ស្តីពី​ការប្រើប្រាស់​ឥណទាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​រយៈពេល​ប្រតិបត្តិការ​ជាង​ ៨ ​ឆ្នាំ​កន្លង​មក​។ ស៊ីប៊ីស៊ី គឺជា​ក្រុមហ៊ុន​តែមួយគត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ទទួលបាន​ពាន​រង្វាន់ GBO នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​ ២០២០​។

ពានរង្វាន់​របស់ GBO ទទួល​ស្គាល់​ក្រុមហ៊ុន​នៅ​ជុំវិញ​ពិភពលោក​ចំពោះ​សមិទ្ធផល គុណតម្លៃ អាជីវកម្ម​គំរូ និង​ទទួលស្គាល់​នៅក្នុង​ទីផ្សារ​។

លោក អឿ សុធារ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ស៊ីប៊ីស៊ី​បាន​ឲ្យ​ដឹងថា ពានរង្វាន់​នេះ​បង្ហាញ​ពី​ការខិតខំ​របស់​ក្រុមហ៊ុន​ក្នុង​ការចូលរួម​ដើម្បី​ហានិភ័យ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដែល​កំពុង​រីកចម្រើន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ពានរង្វាន់​នេះ​ទទួលស្គាល់​ចំពោះ​ការចូលរួម​ចំណែក​របស់​ស៊ីប៊ីស៊ី​នៅក្នុង​ការគ្រប់គ្រង​ហានិភ័យ​ឥណទាន​ក្នុង​វិស័យ​ទាំងមូល តាមរយៈ​ការបំពេញ​កង្វះខាត​នៃ​ព័ត៌មាន​រវាង​អ្នកផ្ដល់​កម្ចី និង​អ្នកប្រើប្រាស់​កម្ចី​។ ស៊ីប៊ីស៊ី បាន​លើកកម្ពស់​ទីផ្សារ​ឥណទាន​ឲ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព​ដែល​ធ្វើ​ឲ្យ​វិស័យ​ទាំង​មូលមាន​ស្ថិរភាព​»​។

កាលពី​ខែវិច្ឆិកា​ឆ្នាំ​ ២០២០ ស៊ីប៊ីស៊ី បាន​ដាក់​ឲ្យ​ដំណើរការ​ «K-score» ជំនាន់​ទី​ ២ ដែលជា​កម្មវិធី​ដាក់ពិន្ទុ​ឥណទាន​ថ្មី​មួយ​ដើម្បី​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​និន្នាការ និង​តម្រូវការ​របស់​ទីផ្សារ​ក្នុងការ​បង្កើន​ទំនុកចិត្ត និង​ព្យាករ​ការវាយតម្លៃ​ហានិភ័យ​ឥណទាន ហើយ​កាលពី​ដើម​ឆ្នាំ​ ២០២០ ស៊ីប៊ីស៊ី បាន​ដាក់​ឲ្យ​ដំណើរការ​សេវា​វិភាគ​ទិន្នន័យ​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​មាន​សមាជិក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តាមដាន និង​ត្រួតពិនិត្យ​ទៅលើ​ប្រតិបត្តិការ ព្រមទាំង​កម្រិត​ហានិភ័យ​ដែល​ធៀប​ទៅនឹង​វិស័យ​ទាំងមូល​។

ស៊ីប៊ីស៊ី ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១២ បច្ចុប្បន្ន​ផ្ដល់​ដំណោះស្រាយ​របាយការណ៍​ឥណទាន​របស់​ប្រជាជន​ប្រមាណ​ជាង​ ៦ ​លាន​នាក់ ​ដែល​ជួយ​ដល់​ការវាយតម្លៃ​កម្រិត​ហានិភ័យ និង​តម្រូវ​ការវិភាគ​ទិន្នន័យ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​ ១៦៧​។

ស៊ីប៊ីស៊ី បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ និង​បរិបទ​ពាណិជ្ជកម្ម​​នៃ​ប្រទេស​កម្ពុជា ខណៈ​ពេល​ដែល​វិស័យ​ហិរញ្ញវត្ថុ​នេះ​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ចកម្ពុជា​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​៕LA