ភ្នំពេញៈ ក្រុមហ៊ុន​ពហុ​ផលិតផល​កម្ពុជា ជីប ម៉ុង គ្រុប ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា ក្រុមហ៊ុន​នេះ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ជា​ផ្លូវ​ការ​ទៅ​វិស័យ​ហិរញ្ញវត្ថុ ដោយ​ប្រតិបត្តិការ​ធនាគារ​ពាណិជ្ជ​ ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ទី ១២ របស់​ខ្លួន​។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​កាល​ពី​ម្សិលមិញ លោក Wan Kup Yew ប្រធាន​ធនាគារ ជីប ម៉ុង បាន​ឲ្យ​ដឹងថា ធនាគារ​​នេះ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ពី​ធនាគារ​ជាតិ​​នៃ​កម្ពុជា (NBC) កាល​ពី​ខែ​ឧសភា ឆ្នាំ​មុន និង​បាន​ចាប់​ផ្តើម​បង្កើត​ក្រុម​ការងារ​តាំង​ពី​ពេល​នោះ។

លោក​បន្ថែម​ថា ធនាគារ​នេះ​នឹង​ចាប់​ផ្ដើម​ជា​មួយ​នឹង​ផលិតផល​ហិរញ្ញវត្ថុ​ធម្មតា​ជា​មូលដ្ឋាន មុន​ពេល​ផ្លាស់ប្តូរ​ជា​បណ្ដើរ​ៗ​ទៅ​រក​ធនាគារ​ឌីជីថល​ឈាន​មុខ​គេ។ លោក​បាន​​ថ្លែង​ថា៖ «ប្រទេស​ កម្ពុជា ​កំពុង​រីក​ចម្រើន ហើយ​វិស័យ​ក៏​ធនាគារ​កំពុង​រីក​ចម្រើន​ផង​ដែរ។ យើង​មិន​អាច​ឆ្ពោះ​ទៅ​រក​ឌីជីថល​ទាំង​ស្រុង​ភ្លាម​​​​ទេ ប៉ុន្តែ​យើង​នឹង​ធ្វើ​វា​តាម​ជំហាន​»។

ធនាគារ ជីប ម៉ុង បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​មុន និង​ចុះ​ឈ្មោះ​លោក​ស្រី ភាព ហៀក ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ ខណៈ​លោក លាង ឃុន និង​លោក លាង ម៉េង ត្រូវ​បាន​តែង​តាំង​ជា​នាយក។

លោក Wan Kup Yew មិន​អាច​ផ្ដល់​ព័ត៌មាន​លម្អិត​ពី​មូលធន​របស់​ធនាគារ​នេះ​ទេ​កាល​ពី​ម្សិលមិញ ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹងថា ដើម្បី​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស កម្ពុជា ​បាន ធនាគារ​នេះ​​ត្រូវ​តម្រូវ​ឲ្យ​មាន​ដើមទុន​យ៉ាង​ហោច​ណាស់ ៧៥ លាន​ដុល្លារ​ដូច​ដែល​​តម្រូវ​ដោយ NBC។

របាយការណ៍​ពាក់​កណ្ដាល​ប្រចាំ​ឆ្នាំ​របស់ NBC សម្រាប់​ឆ្នាំ​នេះ​បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​ធនាគារ​ពាណិជ្ជ ៣៩ និង​ធនាគារ​ឯកទេស​ ១៥។

ប្រតិបត្តិការ​អាជីវកម្ម​របស់​ ជីប ម៉ុង​ រួម​មាន​វិស័យ​សំណង់ និង​សម្ភារ ទំនិញ​ប្រើប្រាស់ ការ​អភិវឌ្ឍ​អចលន​ទ្រព្យ អាហារ ​​ភេសជ្ជៈ បដិសណ្ឋារកិច្ច និង​វិស័យ​លក់​រាយ៕ LA