ភ្នំពេញៈ រោងចក្រ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន (CMIC) ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុផលិតផល​ក្នុងស្រុក ជីបម៉ុង គ្រុប បាន​វិនិយោគ​ទឹកប្រាក់ ៤ ​លាន​ដុល្លារ​បន្ថែម ដើម្បី​បង្កើត​រោងចក្រ​គ្រប់គ្រង​កាកសំណល់​ឧស្សាហកម្ម ក្នុង​គោលបំណង​ផ្ដល់​ដំណោះស្រាយ​មិន​ប៉ះពាល់​បរិស្ថាន ដើម្បី​បោះបង់​កាកសំណល់​ឧស្សាហកម្ម​ចេញពី​រោងចក្រ​ស៊ីម៉ងត៍​របស់ខ្លួន​។

រោងចក្រ​គ្រប់គ្រង​កាកសំណល់ «​ជីបម៉ុង អេកូសាយខល​» ដែល​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​រោងចក្រ CMIC នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត​។

លោក លាង ឃុន ប្រធាន​ក្រុមហ៊ុន ជីបម៉ុង គ្រុប បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ថា គម្រោង​ជីបម៉ុង អេកូសាយខល ត្រូវបាន​ផ្តួចផ្ដើម​ឡើង​ចាប់តាំងពី​ដើម​ឆ្នាំនេះ​ដោយ​មាន​ការគាំទ្រ​ពី​ក្រសួងបរិស្ថាន​។ លោក​ថ្លែង​ថា​៖ «​យើង​បាន​ចំណាយ​ជាង​ ៤ ​លាន​ដុល្លារ​សម្រាប់​គម្រោង​នេះ​ដែល​ស្ថិតក្រោម​ដំបូល​របស់​រោងចក្រ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខណៈ​វា​ជា​ផ្នែក​មួយ​នៃ​ការវិនិយោគ​រួម​របស់​យើង រវាង​ក្រុមហ៊ុន​ជីបម៉ុង គ្រុប​»​។

លោក សាយ សំអាល់ រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​ដែល​ធ្វើ​ជា​​អធិបតី​ក្នុង​ពិធី​នេះ បាន​ឲ្យ​ដឹងថា​ការដាក់​ឲ្យ​ដំណើការ​រោងចក្រ គ្រប់គ្រង​កាកសំណល់​ឧស្សាហកម្ម​នេះ​គឺជា​លើកដំបូង​នៅ​កម្ពុជា​។ ​លោក​ថ្លែង​​ថា​៖ «​គម្រោង​នេះ​ជួយ​យើង​ច្រើន​សម្រាប់​ការកែច្នៃ​ឡើងវិញ​នូវ​កាកសំណល់​ឧស្សាហកម្ម ដែល​ក្រុមហ៊ុន​នេះ​យក​មកពី​ក្រុងព្រះសីហនុ និង​ទីក្រុង​ភ្នំពេញ​នេះ​គឺជា​ការរួមចំណែក​ដ៏ធំ​ក្នុង​ការរក្សាភាព​ស្អាត និង​បរិស្ថាន​របស់​ប្រទេស​យើង​»​។

លោក​បាន​បន្តថា​៖ «​ខ្ញុំ​ពិតជា​សង្ឃឹម​ថា រោងចក្រ​ស៊ីម៉ងត៍​ផ្សេង​ទៀត​នឹង​ធ្វើ​តាម​គំរូ​របស់​ជីបម៉ុង​»​។ ក្រុមហ៊ុន​ឲ្យ​ដឹងថា ជីបម៉ុង អេកូសាយខល មាន​សមត្ថភាព​ក្នុង​ការកែច្នៃ​កាកសំណល់​ឧស្សាហកម្ម​ប្រហែល​ ១០ ​តោន​ក្នុង​ ១ ​ម៉ោង​ស្មើនឹង​ប្រហែល​ ៧ ០០០ ​តោន​ ក្នុង​ ១ ​ខែ​។ រោងចក្រ​កែច្នៃ​កាកសំណល់​នេះ​មាន​ការញែក និង​កែច្នៃ​កាកសំណល់​រឹង​ដែល​ផ្ដល់​ដំណោះស្រាយ​ដល់​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង និង​វិស័យ​ផ្សេងទៀត​។

CMIC បាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ អាច​ផលិត​ស៊ីម៉ងត៍ ៥ ៥០០ ​តោន​ ក្នុង​ ១ ​ថ្ងៃ​៕LA