ភ្នំពេញ: ក្រុមហ៊ុន និង​សហគមន៍​ស្វាយ​យ៉ាងហោច​ណាស់​ ៥០ ​បាន​ដាក់​ពាក្យស្នើសុំ​ទៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ទទួល​បាន​សិទ្ធិ​នាំចេញ​ស្វាយ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន បន្ទាប់ពី​ភាគី​ចិន​យល់​ព្រមឱ្យ​កម្ពុជា​នាំចេញ​ផ្លែស្វាយ​ស្រស់​ជា​ផ្លូវការ​ទៅកាន់​ទីផ្សារ​ដ៏ធំ​នៅ​អាស៊ី​មួយ​នេះ​ចំនួន​ ៥០ ​ម៉ឺន​តោន​ ក្នុង​ ១ ​ឆ្នាំៗ​។

លោក កែ មុន្ធីវុធ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ​នៃ​ក្រសួងកសិកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា គិត​ត្រឹម​ខែកញ្ញា​ឆ្នាំនេះ អគ្គនាយកដ្ឋាន​ទទួល​បាន​ពាក្យស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ ទីតាំង​វេចខ្ចប់​ពី​ក្រុមហ៊ុន សហគមន៍​កសិកម្ម ម្ចាស់​ចម្ការ និង​កសិដ្ឋាន​សរុប​ ៤៥ ហើយ​ក្រុមហ៊ុន​ ២៣ ​មាន​បំណង និង​កំពុង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព្រឹត្តិកម្ម​សម្លាប់​ពងរុយ​ចោះ​ផ្លែស្វាយ​។

លោក​បាន​បន្តថា ផ្អែក​តាម​ខ្លឹមសារ​នៃ​ពិធីសារ​ដែល​កម្ពុជា-ចិន​ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​កាលពី​ខែមិថុនា​កន្លង​ទៅ​បាន​បង្ហាញថា ផ្លែស្វាយ​ស្រស់​កម្ពុជា​អាច​នាំចេញ​ទៅកាន់​ប្រទេស​ចិន​បាន​លុះត្រាតែ​ចុះបញ្ជី​កសិដ្ឋាន និង​ទីតាំង​វេចខ្ចប់​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​ដែល​ទទួលស្គាល់​ដោយ​អ្នកជំនាញ​គយ​ប្រទេស​ចិន​ (GACC)​។

លោក​ថ្លែងថា​៖ «​ទាំងនេះ​ទាមទារ​ការចូលរួម​ពី​អ្នកវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស​ក្នុង​ការសាងសង់​ប្រព្រឹត្តិកម្ម​សម្លាប់​សមាសភាព​ចង្រៃ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ និង​ប្រព្រឹត្តិកម្ម​ទឹក​ក្តៅ​នេះ​»​។

កាលពី​ខែ​មិថុនា​ឆ្នាំ​នេះ ប្រទេស​កម្ពុជា និង​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​នៅក្នុង​ការនាំចេញ​ស្វាយ​ស្រស់​ចំនួន​ ៥០ ​ម៉ឺន​តោន ​ក្នុង​ ១ ​ឆ្នាំ​ដែល​នេះ​ជា​ការបើកផ្លូវ​ក្នុង​ការជំរុញ​ការនាំចេញ​កសិផល​ក្នុង​ស្រុក​ទៅកាន់​ទីផ្សារ​ធំ​ជាងគេ​នៅ​អាស៊ី​មួយ​នេះ​។

លោក​បន្តថា​៖ «​អគ្គនាយកដ្ឋាន​កសិកម្ម​បាននិង​កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការអនុវត្ត​សកម្មភាព​លើកកម្ពស់​ខ្សែចង្វាក់​ផលិតកម្ម​ដំណាំ​ស្វាយ​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន តាមរយៈ​សិក្ខាសាលា​ផ្សព្វផ្សាយ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ដល់​អ្នកពាក់ព័ន្ធ​»​។

លោក ឈុន ដារ៉ូ ប្រធាន​ផ្នែក​រដ្ឋបាល​របស់​ក្រុមហ៊ុន Cam MJ Agricultural Park ដែលជា​ការវិនិយោគ​របស់​វិនិយោគិន​ចិនប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​អង្គារ​ថា ក្រុមហ៊ុន​លោក​នៅ​មិនទាន់​ដាក់ពាក្យ​ស្នើសុំ​នៅឡើយ​ទេ ព្រោះ​ក្រុមហ៊ុន​កំពុង​ដំឡើង​ម៉ាស៊ីន​សម្លាប់​សមាសភាព​ចង្រៃ​លើ​ផ្លែឈើ​ស្រស់​។

លោក​ថ្លែងថា​៖ «​យើង​មិនទាន់​ដំឡើង​ម៉ាស៊ីន​រួចរាល់​ទេ ដោយសារ​បញ្ហា​ជំងឺ​កូវីដ​ ១៩​ បាន​រាំងស្ទះ​ដល់​ដំណើរការ​នេះ យើង​មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ទីផ្សារ​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន​»​។

លោក ដារ៉ូ បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​មាន​រោងចក្រ​ចំនួន​ ២ ​គឺ​រោងចក្រ​កែច្នៃ​តំណាប់​ស្វាយ​ដែល​សាងសង់​លើ​ផ្ទៃដី​ទំហំ​ ១០០ ​ហិកតា​ក្នុង​ស្រុក​គងពិសី និង​រោងចក្រ​ដែល​គ្រោង​នឹង​ដំឡើង​ម៉ាស៊ីន​សម្លាប់​សមាសធាតុ​ចង្រៃ​លើ​ផ្លែស្វាយ និង​វេចខ្ចប់​នៅលើ​ផ្ទែ​ដី ២៤ ​ហិកតា​ក្នុង​ស្រុក​ភ្នំស្រួច​។

កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ជាង ៦២ ៩២០ តោន​រយៈពេល​ ៩ ​ខែ​ដើមឆ្នាំ​ ២០២០ ​នេះ​កើន​ ៥៨ ​ភាគរយ​ធៀប​នឹង​ ៩ ​ខែ​នៃ​ឆ្នាំមុន​។ ផ្លែស្វាយ​ត្រូវ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ថៃ វៀតណាម បារាំង កូរ៉េ​ខាងត្បូង និង​ហុងកុង​៕ LA