The Phnom Penh Post Search

Search form

ក្រុមហ៊ុន​ ម៉ុង ​ឫទ្ធី ​រំពឹង​ថា​នឹង​នាំ​ចេញ​ប្រេង​ដូង​ ២០ ​លាន​ដុល្លារ​ឆ្នាំ​នេះ

Content image - Phnom Penh Post

ក្រុមហ៊ុន​ ម៉ុង ​ឫទ្ធី ​រំពឹង​ថា​នឹង​នាំ​ចេញ​ប្រេង​ដូង​ ២០ ​លាន​ដុល្លារ​ឆ្នាំ​នេះ

ភ្នំពេញៈ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ប្រេង​ដូង​មាន​តម្លៃ​ជាង ​១៣ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ខណៈ​ក្រុមហ៊ុន​រំពឹង​ថា​ការ​នាំ​ចេញ​ឆ្នាំ​នេះ​នឹង​កើន​ឡើង​ប្រមាណ ​២០ ​លាន​ដុល្លារ ។ នេះ​បើ​តាម​តួលេខ​ពី​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែល​ជា​ក្រុម​ហ៊ុន​នាំ​ចេញ​ប្រេង​ដូង​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​គិត​មក​ដល់​ពេល​នេះ​។

ក្រុមហ៊ុន​ផលិត​ប្រេង​ដូង​កម្ពុជា Mong Reththy Investment Cambodia Oil Palm ក៏​បាន​ព្យាករ​ថា​បរិមាណ​នៃ​ការ​នាំ​ចេញ​នឹង​កើន​ដល់ ​៣ ​ម៉ឺន​តោន​នៅ​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​ លោក ប្រាចាក់ គង់តានំថាំ អនុប្រធាន​ទទួល​បន្ទុក​ផ្នែក​លក់ និង​ទីផ្សារ​នៅ​ក្រុមហ៊ុន Mong Reththy Investment Cambodia Oil Palm Co.,Ltd​។

ទិន្នន័យ​ពី​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា​កាលពី​ឆ្នាំ​មុន ក្រុមហ៊ុន​បាន​នាំ​ចេញ​ប្រេង​ដូង​មិន​ទាន់​កែច្នៃ ២១ ៤៥០ តោន កើន​ឡើង​ ៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៥​។

លោក​បន្ថែម​ថា តម្លៃ​នៃ​ការ​នាំ​ចេញ បាន​កើន​ឡើង​ពី​ ១១,៩​ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៥ ដល់ ១៣,៣ លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​។

លោក​បន្ថែម​ថា មក​ដល់​ពេល​នេះ​ដូង​ប្រេង​លើ​ផ្ទៃ​ដី​ប្រហែល ​១៧ ០០០ ហិកតា អាច​ប្រមូល​ផល​បាន​។ លោក​ថ្លែង​ថា​៖ «​យើង​បាន​នាំ​ចេញ​ទៅ​ទិសដៅ​ទីផ្សារ​សំខាន់ៗ​នៅ​អឺរ៉ុប កូរ៉េ ចិន ប៉ាគីស្ថាន ឥណ្ឌា និង​ម៉ាឡេស៊ី​»​។

លោក​បន្ថែម​ថា ផែនការ​ផលិត​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ ​២០១៧ តិច​ជាង​កាលពី​ឆ្នាំ​មុន ដែល​វា​នឹង​ជំរុញ​តម្លៃ​ប្រេង​ដូង​ឆៅ​នៅ​តែ​ល្អ​។

បច្ចុប្បន្ន​នៅ​កម្ពុជា​ក៏​មាន​ក្រុមហ៊ុន​ដាំដូង​ប្រេង​ពីរ​ផ្សេង​ទៀត ដែល​កំពុង​ប្រតិបត្តិការ​ចម្ការ​ដូង​ប្រេង​ក្នុង​ខេត្ត​កំពត និង​ខេត្ត​រតនគិរី​។ ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​នេះ គឺ​ក្រុមហ៊ុន Virtus Green Plantations (Cambodia) បាន​ប្រមូល​ផល​រួច​ហើយ​លើ​កសិដ្ឋាន​របស់​ខ្លួន និង​លក់​ឲ្យ​ក្រុមហ៊ុន​ម៉ុង ឫទ្ធី​។

លោក ចាន់ រិទ្ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា​៖ «Virtus បាន​ប្រមូល​ផល​មួយ​ចំនួន​រួច​ហើយ ប៉ុន្តែ​ពួក​គេ​លក់​ឲ្យ​ក្រុមហ៊ុន ម៉ុង ឫទ្ធី ដោយ​សារ​មិន​ទាន់​មាន​រោងចក្រ​»​។

លោក សយ សូណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា ចម្ការ​ប្រេង​ដូង​ដ៏​ធំ​ផ្សេង​ទៀត​នៅ​ខេត្ត​រតនគិរី ដែល​បាន​ដាំ​ដុះ​លើ​ផ្ទៃ​ដី ១៨ ០០០ ហិកតា ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម Hoang Anh Gia Lai (HAGL) រំពឹង​ថា​នឹង​ប្រមូល​ផល​ពេញ​លេញ​នៅ​ឆ្នាំ​ក្រោយ​។

លោក​ថ្លែងថា​៖ «​ដើម​ដូង​ប្រេង​ចាស់​ហើយ ហើយ​យើង​រំពឹងថា ក្រុមហ៊ុន​នេះ​នឹង​ចាប់​ផ្ដើម​ការ​ប្រមូល​ផល​ពេញ​លេញ​នៅ​ឆ្នាំ​ក្រោយ​»​។

លោក​បន្តថា​៖ «​ការ​វិនិយោគ​នេះ​កំពុង​អនុវត្ត​តាម​ផែន​ការ​របស់​ខ្លួន ដូច្នេះ​វា​នឹង​ជាទី​ផ្សារ​ដ៏​ល្អ​មួយ​សម្រាប់​ពួក​គេ​ក្នុង​ការនាំ​ចេញ​ទៅ​វៀតណាម​»​។

លោក​បន្ថែម​ថា វា​នឹង​ផ្ដល់​ការងារ​ដល់​ប្រជាជន​នៅ​តំបន់​នោះ​ ១០០​ នាក់ នៅ​ពេល​ក្រុមហ៊ុន​នេះ​នឹង​ប្រតិបត្តិការ​ពេញ​លេញ​៕ LA

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • Bayern រៀបចំ​ផែនការ​ទម្លាក់​ជើង​ខ្លាំង Real នៅ​រាត្រី​នេះ

    ក្រុងមុយនិច: លោក Jupp Heynckes នឹង​រៀបចំ​ផែនការ​ផ្សេងៗ​ដើម្បី​ទម្លាក់​អតីត​ក្លិប​របស់​ខ្លួន​គឺ Real Madrid ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី ១ នៅ​រាត្រី​នេះ និង​បោះ​ជំហាន​