ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជា​ក្រុមហ៊ុន​វិនិយោគ​ និង​អភិវឌ្ឍន៍​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន ភីធីធី ដែលជា​ក្រុមហ៊ុន​អន្តរជាតិ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ក្នុង​គោលបំណង​ជួយ​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

ពិធី​ចុះហត្ថលេខា​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ​១៨ ខែកុម្ភៈ ឆ្នាំ​ ២០២១ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្រោម​អធិបតីភាព​របស់​អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង​លោក Songpon Thepnumsommanus នាយក​គ្រប់គ្រង​ក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធីត​។

នៅក្នុង​ផ្នែក​មួយ​នៃ​អនុស្សរណៈ​យោគយល់​នេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង​ក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធីត នឹង​ស្វែងរក​ឱកាស​ដើម្បី​សហការគ្នា​អភិវឌ្ឍន៍​ដំណោះស្រាយ​ទូទាត់ សេវាកម្ម​ហិរញ្ញវត្ថុ ការលក់ និង​ការធ្វើ​ទីផ្សារ​ទូទាំង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន ភីធីធី​។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប បាន​មានប្រសាសន៍​ស្វាគមន៍​ចំពោះ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា និង​ទំនាក់ទំនង​ធុរកិច្ច​ដ៏ជិតស្និទ្ធ​នាពេល​បន្តបន្ទាប់​ទៀត​។

ពិធី​ចុះ MoU រវាង​ក្រុមហ៊ុន​ទាំងពីរ​គឺ​ក្នុង​គោលបំណង​ជួយ​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​នៅ​កម្ពុជា​។

អ្នកឧកញ៉ា​បាន​មានប្រសាសន៍​បន្ថែមថា​៖ «​ពិធី​ចុះហត្ថលេខា​នេះ​គឺជា​ព្រឹត្តិការណ៍​យុទ្ធសាស្ត្រ​សម្រាប់​ភាគី​ទាំងសងខាង និង​ជា​ជំហាន​ដ៏សំខាន់​ឆ្ពោះទៅរក​កិច្ចសហការ​ធុរកិច្ច​កាន់តែ​ប្រសើរឡើង​»​។

លោក Songpon Thepnumsommanus នាយក​គ្រប់គ្រង​ក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធីត បាន​មានប្រសាសន៍​ថា​៖ «​ក្រុមហ៊ុន ភីធីធី ខេមបូឌា បាន​ទន្ទឹងរង់ចាំ​ការសហការ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប​។ ពួកយើង​ពិតជា​រីករាយ​ក្រៃលែង​ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ហើយ​យើង​មាន​សេចក្តី​រីករាយ​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ដែល​ជា​ក្រុមហ៊ុន​ពោរពេញ​ទៅដោយ​ជំនាញ​ដែល​នឹង​ជួយ​ពង្រីក​វត្តមាន​របស់​យើង​នៅក្នុង​ប្រទេស​បន្ថែមទៀត​។​»

លោក​បាន​បន្តថា​៖ «​កិច្ចសហប្រតិបត្តិការ​នេះ​បាន​សបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ភីធីធី ក្នុងការ​ជំរុញ​ប្រទេស​កម្ពុជា​ឲ្យ​មាន​ការអភិវឌ្ឍ និង​ឈានទៅរក​យុគសម័យ​ឌីជីថល​»​។

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជា​ក្រុមហ៊ុន​វិនិយោគ និង​អភិវឌ្ឍន៍​ចម្រុះ​ដែលមាន​ក្រុមហ៊ុន​ជាង​ ៣០ ស្ថិតក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច ប្រព័ន្ធ​ផ្សព្វផ្សាយ ទូរគមនាគមន៍ ថាមពល​អគ្គិសនី និង​ការអភិវឌ្ឍ​អចលនទ្រព្យ​។

ក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីតធីត (​ភីធីធីស៊ីអិល​) គឺជា​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ដែលមាន​មូលដ្ឋាន​នៅ​ព្រះរាជាណាចក្រ​ថៃ ដែល​ផ្គត់ផ្គង់ ចែកចាយ និង​លក់​ប្រេង​នៅលើ​ទីផ្សារ​ និង​ផលិតផល​ពាក់ព័ន្ធ​នានា​។ បន្ថែម​ពីលើ​អាជីវកម្ម​ប្រេងឥន្ធនៈ ក្រុមហ៊ុន ភីធីធី ក៏មាន​អាជីវកម្ម​ផ្សេងទៀត រួមមាន Café Amazon, Jiffy Mart, Pearly Tea, Fit Auto​។

ពិធី​ចុះហត្ថលេខា​នេះ​មាន​វត្តមាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មកពី​ក្រុមហ៊ុន​ទាំងពីរ និង​ធុរជន សំខាន់ៗ​ជាច្រើន រូប​ទៀត​បាន​ចូលរួម​ធ្វើជា​សាក្សី​នៅក្នុង​ពិធី​ចុះ MoU នេះ​៕