ភ្នំពេញៈ ក្រុមហ៊ុន​ផលិត​នំស្រួយ លីលី ដែល​ជា​ក្រុមហ៊ុន​ផលិត​អាហារ​ក្នុង​ស្រុក​បាន​ប្រកាស​ពី​ការវិនិយោគ​រួម ១៦ ​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ឈ្មោះ លីលី​ខាមេដា ដើម្បី​បង្កើន​ការនាំ​ចេញ​របស់​ខ្លួន ​៣ ​ដង​លើ​ការនាំ​ចេញ​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​។

ក្រុមហ៊ុន លីលី កាលពី​ចុង​ខែ​មីនា​បាន​ចុះហត្ថលេខា​លើ​ការវិនិយោគ​រួម​ជាមួយ​ក្រុមហ៊ុន​ជប៉ុន Kameda Seika ដោយ​មាន​ការវិនិយោគ​សរុប​ជាង ១៦,១ ​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ ៥១ ​ភាគរយ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Kameda Seika និង ៤៩ ភាគរយ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ លីលី ។ នេះ​បើ​យោង​តាម លោក អៀង ម៉ុង នាយក​គ្រប់គ្រង​ក្រុមហ៊ុន Ly Ly Food industry Co.,Ltd ។

អ្នកស្រី កែវ មុំ អគ្គនាយក​ក្រុមហ៊ុន​ លីលី បាន​ថ្លែង​ថា​ក្នុង​ចំណោម​ទឹកប្រាក់​ជាង​ ១៦ លាន​ដុល្លារ​នេះ​ក្រុមហ៊ុន លីលី មាន​ទុន​ ១,៥ ​លាន​ដុល្លារ ខណៈ​អ្នកស្រី​ផ្ទាល់​បាន​ដាក់​មូលធន​ខ្លួនឯង​ជាង​ ៦,៤ ​លាន​ដុល្លារ​ដែល​សរុប​ទុន​ពី​ខាង​ភាគី​ក្នុង​ស្រុក​ ៧,៩ ​លាន​ដុល្លារ​។ ក្នុង​ហ៊ុន​វិនិយោគ​រួម​ថ្មី​នេះ​នឹង​ចាប់ផ្ដើម​នៅ​ខែ​ឧសភា​។

លោក អៀង ម៉ុង បាន​ថ្លែង​ថា​ក្រុមហ៊ុន​ថ្មី​នេះ​នឹង​ចាប់ផ្ដើម​ការផលិត​លើក​ដំបូង​របស់​ខ្លួន​នៅ​ដើម​ឆ្នាំ​ក្រោយ ខណៈ​ឯកសារ​បាន​ដាក់​ទៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) រួច​ហើយ ហើយ​នឹង​រៀបចំ​ឯកសារ​ដើម្បី​ដាក់​ជូន​ទៅ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ថ្ងៃ​នេះ​។

លោក​ថ្លែង​ថា​៖ «​ទោះបី​ជា​យើង​បាន​នាំ​ចេញ​ផលិតផល​របស់​យើង​ទៅ​កាន់ ១០ ​ប្រទេស​រួច​ហើយ​ក៏ដោយ ក៏​វា​នៅ​តែ​នៅ​មាន​កម្រិត វា​ជា​ទីផ្សារ​មាន​សក្ដានុពល​ល្អ សម្រាប់​ពួកយើង​ក្នុង​ការ​ចូលរួម​ការ​វិនិយោគ​រួម​ជាមួយ​ក្រុមហ៊ុន​ស្ដង់ដារ និង​ល្បី​ឈ្មោះ​មកពី​ប្រទេស​ជប៉ុន​»​។ លោក​បន្ត​ថា​៖ «​យើង​ចង់​ពង្រីក​ការផលិត​របស់​យើង និង​បង្កើន​ការនាំ​ចេញ​បន្ថែម​ទៀត វា​នឹង​ធ្វើឲ្យ​កេរ្ដិ៍ឈ្មោះ​អាហារ​ខ្មែរ​កាន់តែ​ល្បី​»​។

ខណៈ​ដែល​ក្រុមហ៊ុន Ly Ly Food industry Co.,Ltd បច្ចុប្បន្ន​នាំចេញ​ជា​មធ្យម​ពី ៤ ទៅ ៦ កុងតឺន័រ​ (​ទំហំ ៤០ ហ្វីត​) ក្នុង​មួយ​ខែ​លោក អៀង ម៉ុង ថ្លែង​ថា ក្រុមហ៊ុន​គ្រោង​នឹង​នាំ​ចេញ​ទៅ​អតិថិជន​ធំៗ​​នៃ​ក្រុមហ៊ុន Kameda របស់​ខ្លួន នៅ​ជុំវិញ​ពិភពលោក​ដោយ​ធ្វើការ​ព្យាករ​ថា​នឹង​កើនឡើង​ពី ៣០ ទៅដល់ ៤០ កុងតឺន័រ​ក្នុង​មួយ​ខែ​។

លោក ឡុង កែមវិចិត្រ អ្នក​នាំពាក្យ​នៅ​ក្រសួង​ពាណិជ្ជកម្ម ស្វាគមន៍​ការវិនិយោគ​រួម​របស់​ក្រុមហ៊ុន លីលី ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ដែល​នឹង​ធ្វើឲ្យ​មាន​ទំនុក​ចិត្ត​បន្ថែម​ទៀត​លើ​ស្ដង់ដារ និង​សុវត្ថិភាព​អាហារ​ទៅ​​ទីផ្សារ​អន្តរជាតិ​។

លោក​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​នេះ​នឹង​បន្ថែម​តម្លៃ​ដល់​ផលិតផល​របស់​យើង និង​ប្រើប្រាស់​សម្ភារ​ថ្មីៗ​កាន់តែ​ច្រើន​មកពី​ឧស្សាហកម្ម​របស់​ពួកយើង​នេះ​គឺជា​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការជំរុញ​សហគ្រាស​ក្នុង​ស្រុក​ឲ្យ​ផលិត​ផលិតផល​សម្រេច​ជា​ជាង​នាំចេញ​វត្ថុ​ធាតុដើម​»​។

លោក តែ តាំងប៉ ប្រធាន​សហព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​ឲ្យ​ដឹងថា សមិទ្ធផល​នៃ​កិច្ចសហការ​ពី​ក្រុមហ៊ុន លីលី ជា​ឧទាហរណ៍​ដ៏ល្អ​សម្រាប់​ឧស្សាហកម្ម SME ក្នុង​ការ​បង្កើន​សមត្ថភាព​របស់​ពួកគេ ខណៈ​វា​នឹង​នាំ​យក​បច្ចេកវិទ្យា​ខ្ពស់ និង​ស្ដង់ដារ ព្រម​ទាំង​ជំនាញ​មក​កម្ពុជា​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​កិច្ចសហការ​រវាង​ក្រុមហ៊ុន លីលី និង​ក្រុមហ៊ុន​ជប៉ុន​នឹង​នាំ​យក​បច្ចេកវិទ្យា​ខ្ពស់ ស្ដង់ដារ និង​ជំនាញ​ឲ្យ​ឧស្សាហកម្ម​កម្ពុជា​»​។ លោក​បន្ថែម​ថា​៖ «​យើង​អាច​ទាក់ទាញ​វិនិយោគិន​បាន​កាន់តែ​ច្រើន យើង​បង្កើន​សមត្ថភាព​របស់​យើង និង​កាត់បន្ថយ​ការ​នាំ​ចូល​កាន់តែ​ច្រើន ហើយ​វា​នឹង​ទៅ​ដល់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ ខណៈ​យើង​មាន​វត្ថុធាតុ​ដើម​ដែល​មាន​សក្ដានុពល​ជាច្រើន​»៕ LA