
ក្រុមកម្មករកំពុងវេចខ្ចប់ផ្លែស្វាយស្រស់សម្រាប់នាំចេញ។ រូបថត សហការី
ភ្នំពេញៈ ក្រុមហ៊ុន ហ៊ុន ទី (HUN TY CO., LTD) មានគម្រោងពង្រីកការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅទីផ្សារប្រទេសចិនឱ្យបានចន្លោះពី ១ ៥០០ តោន ទៅ ៨ ៤០០ តោន ក្នុង ១ ថ្ងៃ នៅពេលដែលមជ្ឈមណ្ឌល Agricultural Industrial Zone & Economic Zone បញ្ចប់ការសាងសង់នៅពេលខាងមុខ។
នេះជាលើកទី ១ ហើយដែលកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិន បន្ទាប់ពីភាគីទាំង ២ កាលពីខែមិថុនា បានចុះពិធីសាររួមគ្នាដើម្បីបើកផ្លូវឱ្យកម្ពុជាអាចនាំចេញស្វាយស្រស់ទៅទីផ្សារចិនចំនួន ៥០ ម៉ឺនតោន ក្នុង ១ ឆ្នាំ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី ៤ ខែធ្នូ បានឱ្យដឹងថា បន្ទាប់ពីបានទទួលជោគជ័យលើការនាំចេញផ្លែស្វាយស្រស់ សាកល្បង ៣ លើកនាដើមខែធ្នូនេះ ក្រុមហ៊ុន ហ៊ុន ទី មានគម្រោងបង្កើនការនាំចេញរបស់ខ្លួនពី ១ ៥០០ តោនទៅ ៨ ៤០០ តោន (៥០ ទៅ ៣០០ កុងតឺន័រ) ក្នុង ១ ថ្ងៃទៅប្រទេសចិន។ ផែនការនេះនឹងអាចចាប់ផ្តើមនៅពេលដែលមជ្ឈមណ្ឌល Agricultural Industrial Zone & Economic Zone ដែលនៅតាមផ្លូវជាតិលេខ ៤ ថ្មី (ល្បឿនលឿន) សាងសង់រួចរាល់។
ក្រុមហ៊ុនឱ្យដឹងថា ក្រោយពីបញ្ចប់ការសាងសង់ និងដំឡើងឧបករណ៍សម្លាប់សមាសភាពចង្រៃ (ពងរុយ) ក្នុងផ្លែស្វាយរួច ក្រុមហ៊ុនបានចាប់ផ្តើមដឹកជញ្ជូនស្វាយពីចម្ការមកសម្អាត និងវេចខ្ចប់ដោយបានចាប់ផ្តើមបណ្តុះបណ្តាលកម្មករចំនួន ៧០ នាក់ និងត្រូវប្រើពេល ៣ ថ្ងៃ ដើម្បីដាក់បញ្ចូលទៅក្នុង ១ ទូកុងតឺន័រ។
ក្រុមហ៊ុនឱ្យដឹងថា៖ «ក្រុមហ៊ុនមានក្តីសង្ឃឹមថា ក្រោយពីទទួលបានបទពិសោធពីការលាងសម្អាត និងវេចខ្ចប់ក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះនឹងជួយដល់ក្រុមហ៊ុនឱ្យបង្កើនល្បឿននៃការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅទីផ្សារប្រទេសចិននាពេលខាងមុខ»។
គិតត្រឹមចុងសប្តាហ៍ទី១ ខែធ្នូនេះ ក្រុមហ៊ុន ហ៊ុន ទី បាននាំចេញផ្លែស្វាយស្រស់ទៅទីផ្សារចិនជាការសាកល្បងចំនួន ៣ លើកដោយកាលពីថ្ងៃទី ១ ខែធ្នូ ក្នុងបរិមាណ ២៩,៨៥ តោន លើកទី២ ថ្ងៃទី ២ ខែធ្នូ ចំនួន ២៨,៨ តោន និងថ្ងៃទី ៣ មិនត្រូវបានបង្ហាញទិន្នន័យ។ ការនាំចេញសាកល្បងនេះត្រូវបានធ្វើឡើងដោយឆ្លងកាត់តាមប្រទេសវៀតណាម។ នេះបើយោងតាមក្រសួងកសិកម្ម។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីចុងខែវិច្ឆិកាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ហ៊ុន ទី គឺជាក្រុមហ៊ុនដែលកំពុងធ្វើការវិនិយោគជាច្រើនទៅលើផលិតផលក្នុងវិស័យកសិកម្ម ដូចជា ការវេចខ្ចប់ សម្អាត និងកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងរៀបចំតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួននៅក្នុងខេត្តកោះកុង សម្រាប់កែច្នៃផលិតផលកសិកម្ម។
លោកបន្តថា ក្រុមហ៊ុននេះបានធ្វើកិច្ចសន្យាកសិកម្មជាមួយសហគមន៍ និងសមាគមជាច្រើននៅកម្ពុជាទាក់ទងនឹងការផ្គត់ផ្គង់ផលិតផលកសិកម្មឱ្យខ្លួន។
លោកថ្លែងថា៖ «ហ៊ុន ទី គឺជាក្រុមហ៊ុនដែលមានមហិច្ឆតាធំក្នុងការនាំចេញផលិតផលកសិកម្មទៅទីផ្សារអន្តរជាតិ»។
ក្រុមហ៊ុន ហ៊ុន ទី គឺជាការបណ្តាក់ទុនដោយអ្នកវិនិយោគមកពីប្រទេសចិន ដែលត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ ២០១៧។ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងធ្វើការវិនិយោគលើការអភិវឌ្ឍវិស័យកសិកម្មនៅលើទីតាំងជាច្រើននៅកម្ពុជា ដូចជា ការលាងសម្អាត ការវេចខ្ចប់ ការបង្កើតឃ្លាំងស្តុកត្រជាក់ និងការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៦ ខែធ្នូ ថា នេះជាការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនលើកដំបូង ខណៈកន្លងមកការនាំចេញស្វាយគឺមានត្រឹមតែជាផលិតផលកែច្នៃ ដូចជា ដំណាប់ និងស្វាយក្រៀម ជាដើម។ លោកបន្ថែមថា ការនាំចេញពេលនេះមានន័យថា ផ្លែស្វាយស្រស់របស់កម្ពុជាគឺមានសុវត្ថិភាព និងអនាម័យគ្រប់គ្រាន់ទៅតាមលក្ខខណ្ឌដែលប្រទេសចិនចង់បាន។
លោកអះអាងថា៖ «នេះជាសញ្ញាវិជ្ជមានថ្មីមួយទៀតដែលផ្លែស្វាយស្រស់កម្ពុជាត្រូវបាននាំចេញទៅទីផ្សារដែលមានតម្រូវការច្រើនជាងគេលើពិភពលោក»។ លោកបន្តថា៖ «ការនាំចេញនៅពេលនេះ មិនត្រឹមតែជួយពង្រីកទីផ្សារដល់ប្រជាកសិករអ្នកដាំដុះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាឱកាសក្នុងការទាក់ទាញឱ្យមានការចូលមកវិនិយោគលើការដាំដុះផ្លែស្វាយនៅកម្ពុជាផងដែរ»។
របាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្មឱ្យដឹងថា រហូតមកដល់ពេលនេះកម្ពុជាមានផ្ទៃដីដាំស្វាយប្រមាណ ១២៤ ៣១៩ ហិកតា ដោយផ្តល់ផលជាមធ្យម ១៥,៥ តោន ក្នុង ១ ហិកតា សម្រាប់ ១ រដូវកាល ខណៈ ១ ឆ្នាំអាចទទួលផលបាន ២ ដង៕ LA