
ចំណិតចន្ទន៍ក្រស្នាស្ងួតដែលដាក់លក់នៅក្នុងផ្សារមួយនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នៅកម្ពុជាបច្ចុប្បន្នក្រុមហ៊ុនក្នុងស្រុកមួយបានវិនិយោគដាំដើមចន្ទន៍ក្រស្នានៅខេត្តព្រះសីហនុ។ រូបថត AFP
ភ្នំពេញៈ ក្រុមហ៊ុនក្នុងស្រុកធូបច័ន្ទក្រស្នាខ្មែរ និងក្រុមហ៊ុន First Capital Global Co., Ltd របស់ថៃកាលពីថ្ងៃម្សិលមិញបានប្រកាសពីការវិនិយោគរួមគ្នាលើដើមចន្ទន៍ក្រស្នា និងគម្រោងបង្កើតរោងចក្រចម្រាញ់ប្រេងចន្ទន៍ក្រស្នានៅកម្ពុជា។
ការប្រកាសនេះធ្វើឡើងតាមរយៈចុះអនុស្សរណៈយោគយល់គ្នាស្តីពីការកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការគ្រប់គ្រងដើមចន្ទន៍ក្រស្នានៅក្នុងប្រទេសកម្ពុជាដោយមានការដឹងឮពីរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម។
តាមកិច្ចព្រមព្រៀងនេះក្រុមហ៊ុន FCG នឹងផ្តល់ការថែទាំដើមចន្ទន៍ក្រស្នា ១ លានដើមតាមបច្ចេកទេសនៅកម្ពុជាដែលភាគច្រើនត្រូវបានដាំដុះនៅខេត្តព្រះសីហនុ។
ក្រុមហ៊ុនទាំង ២ ក៏បានផ្សព្វផ្សាយពីការបើកចំហទីផ្សារ និង ការបង្កើតរោងចក្រចម្រាញ់ប្រេងចន្ទន៍ក្រស្នាតាមបច្ចេកវិទ្យាទំនើបដែលនឹងមានទីតាំងនៅខេត្តព្រះសីហនុផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការចុះហត្ថលេខាលើ MOU លោក Sean Goh អគ្គនាយកក្រុមហ៊ុន FCG ឲ្យដឹងថាកិច្ចព្រមព្រៀងនេះនឹងផ្ដោតលើការរៀបចំ និងការកែលម្អគុណភាពដើមចន្ទន៍ក្រឹស្នា និងលទ្ធភាពក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងចន្ទន៍ដើម្បីនាំចេញ។
លោក Goh ថ្លែងថាក្រុមហ៊ុនបម្រុងទុនវិនិយោគដំបូង ១០០ លានដុល្លារសម្រាប់ការរៀបចំគ្រប់គ្រង និងការថែទាំដើមចន្ទន៍ក្រស្នាដោយសារតែវាជាប្រភេទដើមឈើពិសេសដែលត្រូវការបច្ចេកវិទ្យាពិសេស។ ទឹកប្រាក់ ១០០ លានដុល្លារនេះមិនរាប់បញ្ចូលគម្រោងវិនិយោគរោងចក្រនោះទេ។
ពេលសួរតើវាសមហេតុផលដែរទេដែលត្រូវចំណាយរហូតដល់ ១០០ លានដុល្លារដោយតែគ្រាន់តែការគ្រប់គ្រង និងថែទាំដើមចន្ទន៍ក្រស្នានោះលោក Goh ថ្លែងថាដើមចន្ទន៍ក្រស្នាគឺជាប្រភេទដើមឈើពិសេស និងមានតម្លៃខ្ពស់ ហើយវាត្រូវការការវិនិយោគលើបច្ចេកវិទ្យាទំនើបដើម្បីធ្វើឲ្យដើមឈើនេះអាចផលិតប្រេងបាន។
លោកបានថ្លែងថា៖ «យើងប្រើប្រាស់បច្ចេកវិទ្យាល្អបំផុត និងពិតហើយយើងត្រូវតែថែរក្សាដើមឈើនេះឲ្យបានល្អផងដែរ។ យើងត្រូវការការវិនិយោគមូលធនសម្រាប់ដើមឈើនេះ ពិតហើយយើងនឹងទទួលបានប្រាក់ចំណេញកាន់តែប្រសើរដោយសារតែយើងនឹងផលិតបានប្រេងប្រកបដោយគុណភាពខ្ពស់»។
លោកបន្តថាក្រុមហ៊ុនក៏នឹងបង្កើតរោងចក្រចម្រាញ់ប្រេងចន្ទន៍ក្រស្នា ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិផងដែរបន្ទាប់ពីរយៈពេល ៦ ខែនៃការចាក់វ៉ាក់សាំងក្នុងដើមឈើនេះ។ រោងចក្រនេះនឹងមានទីតាំងស្ថិតក្នុងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
លោក Goh ថ្លែងថាដើមចន្ទន៍ក្រស្នា អាចត្រូវបានផលិតជាប្រេងក្រអូបចន្ទន៍ក្រស្នា ហើយបន្ទាប់មកនឹងត្រូវបានកែច្នៃទៅជាទឹកអប់ ប្រេងស្ប៉ា និងផលិតផលម៉ាស្សា ឬផលិតផលថែរក្សាស្បែកជាដើម។
លោក ស្រី កែវ សុគន្ធា នាយិកាក្រុមហ៊ុនធូបចន្ទន៍ក្រស្នាបានឲ្យដឹងថានេះជាវិនិយោគដ៏ធំលើដើមចន្ទន៍ក្រស្នាដំបូងមិនធ្លាប់មាននៅកម្ពុជា។
លោកស្រីបន្តថា៖ «ក្រុមហ៊ុននាងខ្ញុំ និងវិនិយោគជាដៃគូ និងសហការបង្កើតគម្រោងរួមគ្នា បង្កើតរោងចក្របច្ចេកវិទ្យាទំនើបដើម្បីចម្រាញ់ប្រេងចន្ទន៍ក្រស្នានាំចេញទៅទីផ្សារក្នុងតំបន់»។
បើតាមអ្នកស្រី កែវ សុគន្ធា កសិករដាំដើមចន្ទន៍ក្រស្នាភាគច្រើនមាននៅខេត្តព្រះសីហនុ កំពត កែប កោះកុង និងខេត្តពោធិ៍សាត់ ប៉ុន្តែបច្ចុប្បន្នកសិករភាគច្រើនបានបោះបង់ចោលដោយសារគ្មានទីផ្សារ៕ LA