ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និង​ក្រុមហ៊ុន​ឯកជន ២ ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក ព្រមទាំង​អភិវឌ្ឍ​ផលិតផល​កុលាលភាជន៍​ដែលជា​ផលិតផល​ប្រពៃណី​បុរាណ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (​កូកា កូឡា​) ​និង​ក្រុមហ៊ុន ប៊ីយ៉ន រីថេល ប៊ីហ្សនេស (​ខេមបូឌា) ឯ.ក ដែលជា​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម សេវាកម្ម និង​លក់រាយ​បាន​ចុះហត្ថលេខា​ជាមួយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ១១ ខែ​មករា ដោយ​មន្ត្រី​ក្រសួង​នេះ​អះអាង​ថា វា​នឹង​ជំរុញ​ការលើកកម្ពស់​ផលិតផល​ក្នុង​ស្រុក​តាមរយៈ​សកម្មភាព​ពិព័រណ៍​នានា​។

សេចក្តី​ប្រកាស​ក្រសួងពាណិជ្ជកម្ម​ឱ្យដឹងថា MoU នេះ​នឹង​បង្កើត​ឱកាស​គ្រប់គ្រង​ធុរកិច្ច​ដល់​ស្ត្រី​ក្នុង​ការចូលរួម​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ និង​លើកស្ទួយ​សេដ្ឋកិច្ចសង្គម​ដែល​ធ្វើឱ្យ​ប្រជាជន​ទទួលផល​ប្រយោជន៍​។

ការចុះ MoU រវាង​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន ប៊ីយ៉ន រីថេល ប៊ីហ្សនេស (​ខេមបូឌា) ឯ.ក នឹង​អនុញ្ញាត​ឱ្យ​ភាគី​ទាំង​ ២ ​សហការ​ជំរុញ​ពាណិជ្ជកម្ម​លើ​ផលិតផល​សិប្បកម្ម ដោយ​ក្នុង​នោះ​មាន​ការរៀបចំ​កម្មវិធី​ជំរុញ​ពាណិជ្ជកម្ម​លើ​ផលិតផល​សិប្បកម្ម​សំដៅ​ការអភិវឌ្ឍ​ផលិតផល​កុលាលភាជន៍​កម្ពុជា​នៅ​ខេត្តកំពង់ឆ្នាំង​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​។

បច្ចុប្បន្ន​ខេត្ត​កំពង់ឆ្នាំង​មាន​សិប្បកម្ម​ស្មូនដី​នៅក្នុង ២ ​ឃុំ គឺ​ឃុំ​ជ្រៃបាក់ និង​ឃុំ​ស្រែ​ថ្មី​ក្នុងស្រុក​រលាប្អៀរ និង​សង្កាត់​ខ្សាម​ក្រុង​កំពង់ឆ្នាំង ដែល​បាន​ផលិត​ចង្ក្រាន ក្អម ឆ្នាំងដី ផើង និង​កុលាលភាជន៍​ជា​វត្ថុ​អនុស្សាវរីយ៍ និង​សម្ភារ​ប្រើប្រាស់​ពី​ដី​។ នេះ​បើតាម​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ឆ្នាំង​។

MoU នេះ​ក៏​នឹង​រៀបចំ​រចនាសម្ព័ន្ធ​ផលិតកម្ម និង​ពង្រឹង​សហគមន៍​ផលិត បណ្តុះបណ្តាល​ធនធានមនុស្ស អភិវឌ្ឍ​ផលិតផល អភិវឌ្ឍ​ទីផ្សារ និង​ជំរុញ​ការប្រើប្រាស់​ផលិតផល​កុលាលភាជន៍​កម្ពុជា​ឱ្យបាន​ទូលំទូលាយ​ក្នុង​ទិសដៅ​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក និង​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ខ្សែចង្វាក់​តម្លៃ ពង្រឹង​ផលិតភាព និង​គុណភាព​ផលិតផល​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រសួង​កំពុង​ខិតខំ​ជំរុញ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​តាមរយៈ​ការបង្កើត​កម្មវិធី​តាំងពិព័រណ៍​ផលិតផល​ខ្មែរ​ដែល​ក្នុង ​១ ​ឆ្នាំ​ចន្លោះ​ពី​ ៥-៦ ​លើក​នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន​។

លោក​បញ្ជាក់ថា​៖ «​តាមរយៈ​ការចុះ​អនុស្សរណៈ​នេះ យើង​នឹង​សហការ​គ្នា​ជំរុញ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ដើម្បីឱ្យ​ប្រជាជន​កម្ពុជា​កាន់តែ​ស្រឡាញ់​ផលិតផល​យើង​បន្ថែមទៀត​។ ចំណែក​ក្រុមហ៊ុន កូកា កូឡា នឹង​សហការ​ផ្តល់នូវ​ការរៀបចំ​កម្មវិធី​ក្រសួង​ពាណិជ្ជកម្ម​ទាំង​ការផ្សព្វផ្សាយ និង​ការផ្តល់​វគ្គ​បណ្តុះបណ្តាល គាត់​អាច​ធ្វើ​ជា​វាគ្មិន​និយាយ​ពី​អាជីវកម្ម​បង្ហាញ​ដល់​សហគ្រាស​ទើប​បង្កើត​ថ្មី​»៕ LA