ភ្នំពេញៈ ក្រុមហ៊ុន​ ៣ ​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម បាន​រាយការណ៍​ប្រតិបត្តិការ​ល្អប្រសើរ​ដោយ​ឃើញ​ការស្ទុះ​ងើបឡើង​វិញ​ចាប់ពី​ត្រីមាស​ទី​ ៤ ​ឆ្នាំមុន ដោយ​ឆ្លុះបញ្ចាំង​មកពី​វិធានការ​ដ៏សកម្ម​របស់​រដ្ឋាភិបាល​ក្នុង​ការធ្វើឱ្យ​សកម្មភាព​សេដ្ឋកិច្ច​បន្ត​រស់​បាន ទោះបីជា​ការរីករាលដាល​ជំងឺ​កូវីដ​១៩​ក៏ដោយ​។

នៅក្នុង​ឯកសារ​របស់ខ្លួន​ផ្ញើ​ទៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ ធនាគារ ABA បាន​រាយការណ៍​ថា កាលពី​ត្រីមាស​ទី​ ៤ កម្ចី​ប្រហែល​ ១១ ៣៣១ ឬ​មានតម្លៃ​ ៧២៤,២ ​លាន​ដុល្លារ ត្រូវ​បាន​បញ្ចេញ​។ ធនាគារ​មួយ​នេះ​បាន​បង្កើន​ផលបត្រ​កម្ចី​ដុល​ចំនួន​ ១២ ​ភាគរយ​ដែល​មាន​ចំនួន​សរុប​ ៣,៨ ​ពាន់​លាន​ដុល្លារ​។ ធនាគារ ABA បាន​មើលឃើញ​កំណើន​ជា​បន្តបន្ទាប់​នៃ​ផលប​ត្រ​ប្រាក់​បញ្ញើ​របស់ខ្លួន​ដែល​ស្មើនឹង​ ៤,៩ ​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ត្រីមាស​ទី​ ៤ មាន​កំណើន​ ៩ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២០​។

លោក Yves Jacquot ប្រធាន​ធនាគារ ABA បានឱ្យ​ដឹងថា កាលពី​ចុង​ត្រីមាស​ទី​ ៤ ចំនួន​សរុប​នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ​បាន​កើន​ឡើងដល់​ ១០ ៧៦៨ ដែលមាន​តម្លៃ​ ៥៥១ ​លាន​ដុល្លារ​អាមេរិក​។ ចំណែក​ការរៀបចំ​ឥណទាន​ឡើងវិញ​នៅក្នុង​ផលបត្រ​សរុប​បាន​ធ្លាក់ចុះ​ពី​ ១៦ ​ភាគរយ​មក​នៅត្រឹម​ ១៤ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ត្រីមាស​មុន​។

លោក​ថា​៖ «​ធនាគារ ABA បន្ត​អនុវត្ត​យុទ្ធសាស្ដ្រ​ពាណិជ្ជកម្ម​របស់ខ្លួន ដោយ​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ផលិត​ហិរញ្ញវត្ថុ​ឌីជីថល និង​ឥណទាន​សម្រាប់​ការវិនិយោគ​ដល់​ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​វិស័យ​ពិតប្រាកដ​នៃ​សេដ្ឋកិច្ច​។ ខណៈដែល​ការធ្វើ​នវានុវត្តន៍​ជា​បន្ត​សម្រាប់​ដំណោះស្រាយ​ធនាគារ ធនាគារ​នេះ​អនុវត្ត​វប្បធម៌​គ្រប់គ្រង​ហានិភ័យ​ដ៏រឹងមាំ​ដោយ​ពង្រឹង​តាមរយៈ​មុខងារ​សវនកម្ម និង​អនុលោមភាព​»​។

RMAC ជា​ក្រុមហ៊ុន​រថយន្ត​ឈានមុខ​គេ​មួយ សម្រាប់​ឆ្នាំសារពើពន្ធ​ឆ្នាំ​ ២០២០ ​របស់ខ្លួន ជាមួយ​នឹង​ការលក់​នៅ​ត្រីមាស​ទី​ ៤ ​ដ៏រឹងមាំ​មាន​កំណើន​ ២០,៧ ​ភាគរយ និង​លទ្ធផល​ប្រាក់ចំណេញ​សុទ្ធ​កើន​ ១៥៤ ​ភាគរយ​លើស​ពី​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩​។

សារពើពន្ធ​ឆ្នាំ​ ២០២០ ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ បានបង្ហាញ​កំណើន ៥៥,២ ​ភាគរយ លើសពី​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៩​។ ប៉ុន្តែ​កំណើន​នេះ​ត្រូវបាន​ថមថយ​កាលពី​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២០ ដែល​កំណើន​ការលក់​បាន​ធ្លាក់ចុះ​ ៤០,៩ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ស្មើគ្នា​របស់ខ្លួន​កាលពី​ឆ្នាំ​ ២០១៩ ដោយសារតែ​ការរឹតបន្តឹង​ការធ្វើដំណើរ​ព្រោះតែ​ជំងឺ​កូវីដ​១៩​។ ត្រីមាស​ទី​ ៣ ​បាន​កើនឡើង​វិញ​ជាថ្មី ដែល​បង្ហាញ​ការស្ទុះ​ងើបឡើង​វិញ​ប្រកបដោយ​ជោគជ័យ ប៉ុន្តែ​នៅតែ​ស្ថិតក្រោម​បន្តិច​តួលេខ​ឆ្នាំ​ ២០១៩ (​ដក​ ០,៤ ​ភាគរយ​)​។ នេះ​បើ​យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន​ដែល​ផ្ញើ​ទៅ​ CSX​។

លោក Kevin Whitcraft ប្រធាន​ក្រុមហ៊ុន RMAC បានឱ្យដឹងថា ក្រុមហ៊ុន RMAC បាន​រក្សា​មូលដ្ឋានគ្រឹះ​ល្អប្រសើរ​ពេញ​មួយឆ្នាំ​ ២០២០ តាមរយៈ​ការបន្ទាប​កម្រិត​ស្តុក និង​ទុន​បង្វិល​របស់ខ្លួន ខណៈ​ដែលមាន​ដំណោះស្រាយ​ក្នុងការ​ចំណាយ​ប្រកបដោយ​ការប្រុងប្រយ័ត្ន​។ ផែនការ​ផលិតផល​នេះ ត្រូវបាន​រក្សា​កាលពី​ចុង​ត្រីមាស​ទី​ ៤ ​ឆ្នាំ​ ២០២០ នៅ​កម្រិត​មួយ​ប្រកប​ដោយ​ភាពល្អប្រសើរ​។

លោក​លើកឡើង​ថា​៖ «​ក្រុមហ៊ុន​បន្ត​ដាក់ឱ្យ​ដំណើរការ​ផលិតផល​បាន​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​យើង ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​តម្រូវការ​អតិថិជន​របស់​កម្ពុជា និង​ការធានា​ថា យើង​កំពុងផ្ដល់​ផលិតផល​ដែលមាន​លក្ខណៈ​បច្ចេកវិទ្យា​ថ្មី​បំផុត ដោយ​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ការបន្ទាប​ការប្រើប្រាស់​ប្រេងឥន្ធនៈ និង​មាន​ចក្ខុវិស័យ​ជាប្រចាំ​ឆ្ពោះទៅ​សុវត្ថិភាព​នៃ​អតិថិជន​របស់​យើង​ក្នុង​ផលិតផល​ដែល​យើង​លក់​»​។

ទន្ទឹមនឹងនេះ ធនាគារ ហត្ថា បាន​រាយការណ៍​ថា កាលពី​ត្រីមាស​ទី ​៤ ផលបត្រ​កម្ចី​របស់​ធនាគារ​ហត្ថា បាន​កើនឡើង​ដល់​ ១,៣២៣ លាន​ដុល្លារ កើនឡើង​ ១៦ ​ភាគរយ​ធៀប​នឹង​ត្រីមាស​មុន ខណៈ​ដែល​ប្រាក់​បញ្ញើ​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់បំផុត​ថ្មី​មួយ​ដល់​ ៧៩៣ ​លាន​ដុល្លារ កើនឡើង​ ១៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ត្រីមាស​មុន​។ សម្រាប់​កម្រិត​ឥណទាន​មិន​ដំណើរការ PAR30+ បាន​ធ្លាក់ចុះ​គួរឱ្យ​កត់សម្គាល់​ពី​ ១,៤៤ ​ភាគរយ​មក​នៅត្រឹម​ ០,៧០ ​ភាគរយ​។

លោក Dan Harsono ប្រធាន​ធនាគារ ហត្ថា បាន បញ្ជាក់​ថា​៖ «​កាលពី​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២០ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បាន​បន្ត​ស្ទុះ​ងើបឡើង​វិញ ទោះបីជា​ស្ថានការណ៍​ជំងឺ​កូវីដ​១៩​លើ​ពិភពលោក នៅតែ​បន្ត និង​ប៉ះពាល់​ដល់​បណ្ដា​ប្រទេស​ទាំងអស់​ក៏ដោយ​។ ក្រុមហ៊ុន​ក្នុង​ស្រុក និង​ការប្រើប្រាស់​ក្នុងស្រុក​ដែល​ជា​ក្បាលម៉ាស៊ីន​ដ៏សំខាន់​មួយ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​»​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​កោតសរសើរ​វិធានការ​សកម្ម​មុន​ពី​រដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ក្នុង​ការដោះស្រាយ​តម្រូវការ​ក្រុមហ៊ុន បុគ្គល និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។ កិច្ចខិតខំ​ប្រឹងប្រែង​នេះ​បាន​ជំរុញ​ដល់​សកម្មភាព​អាជីវកម្ម​បន្តទៅ​មុខ ទោះបី​ជា​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដោយសារ​តែ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩​ក៏ដោយ​»៕LA