ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត AIA Cambodia បាន​សម្ពោធ ៣​សាខា ក្នុង​ថ្ងៃ​តែ​មួយ ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​ឲ្យ​រស់​នៅ​មាន​សុខភាព​ល្អ អាយុ​វែង​យូរ​អង្វែង និង​ការ​រស់​នៅ​កាន់​តែ​ល្អ​ប្រសើរ។

ពិធី​សម្ពោធ​នេះ​ត្រូរ​បាន​ប្រារព្វ​ឡើង​នៅ​ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២០ នៅ​សណ្ឋាគា​រ៉ូស​វូដ រាជធានី​ភ្នំពេញ។ សាខា AIA ទាំង ៣ នោះ​ រួម​មាន​នៅ​ខេត្ត​កំពង់ចាម កំពត និង បាត់ដំបង ដោយ​រំពឹង​ថា​ នឹង​បង្កើត​ការងារ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ជាច្រើន និង ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​នីមួយៗ។

លោក Tan HakLeh អគ្គនាយក​ប្រចាំ​តំបន់ មាន​ប្រសាសន៍​ថា «ប្រវត្តិ​ជាង ១០០ ឆ្នាំ​និង​វត្តមាន​របស់​យើង​នៅ​ក្នុង​តំបន់​បាន​បង្រៀន​ឲ្យ​យើង​ចេះ​ប្រឈម​ទៅ​នឹង​ពេល​វេលា​លំបាក​ផ្សេងៗ ចេះ​ឆ្លើយតប​ពេល​វេលា​ដែល​ត្រូវ​ឆ្លង​កាត់ និង ស្វាគមន៍​ពេល​វេលា​ដ៏​ប្រសើរ​ទៅ​ចំពោះ​មុខ»។

លោក​បន្តថា ទោះ​បី​ជា​យើង​កំពុង​រង​ប៉ះពាល់​បណ្តាល​មក​ពី​ជំងឺ​កូវីដ-១៩​ យើង​នៅ​តែ​បន្ត​គំនិត​វិជ្ជមាន​ប្រកប​ដោយ​សុទិដ្ឋិនិយម​ជានិច្ច​ចំពោះ​អនាគត​នៃ​ប្រទេស​កម្ពុជា និង​វត្តមាន​របស់​អេអាយអេ នៅ​ទីនោះ។

លោក​ស្រី Pauline Teoh អគ្គនាយិកា​ប្រតិបត្តិ អេអាយអេ ខេមបូឌា បាន​មាន​ប្រសាសន៍​ថា «យើង​ខ្ញុំ​ពិត​ជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃលែង​ចំពោះ​ការ​បើក​សម្ពោធ​សាខា​ថ្មី​ចំនួន ៣ បន្ថែម​នៅ​កម្ពុជា​ដែល​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ​បង្ហាញ​ពី​ដំណើរ​រីក​លូតលាស់​យ៉ាង​ឆាប់ រហ័ស​របស់​យើង។ បន្ទាប់​ពី​មាន​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​មាន​ពី​មុន ក្នុង​ឆ្នាំ ២០២០ នេះ ដោយ​សារ​ជំងឺ​រាតត្បាត​កូវីដ-១៩ យើង​ប្រកាន់​ជំហរ​យ៉ាង​មុត​មាំ​ក្នុង​ការ​ចាប់​ផ្តើម​ដំណើរ​ការ​អាជីវកម្ម​ឡើង​វិញ​ដើម្បី​បន្ត​ផ្តល់​ជូន​នូវ​ដំណោះ​ស្រាយ​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​ឈាន​មុខ​គេ​លើ​ទីផ្សារ​ដល់​ប្រជាជន​នៅ​ខេត្ត​ កំពង់ចាម បាត់ដំបង និងកំពត។

AIA Cambodia សម្ពោធ​ ៣ ​សាខា​ក្នុង​ថ្ងៃ​តែ​ ១ កំពង់ចាម កំពត បាត់ដំបង​។​ហ៊ាន រង្សី

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​សម្ពោធ​នេះ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​សម្ពោធ​សាខា អេអាយអេ ទាំង​បី​នេះ ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ខណៈ​វិស័យ​មួយ​នេះ​បាន​កំពុង​ក្លាយ​ជា​សសរស្តម្ភ​មួយ​ទៀត​នៃ​វិស័យ​ហិរញ្ញ​វត្ថុ និង ធនាគារ។

ឯកឧត្តម​បាន​គូស​បញ្ជាក់​ថា ការ​បើក​សម្ពោធ​សាខា​ទាំង​បី​នេះ បង្ហាញ​ថា នៅ​កម្ពុជា​នៅតែ​ជា​ទិស​ដៅ​ដ៏​សំខាន់​សម្រាប់​​ការ​វិនិយោគ​បរទេស។ «ទោះ​បីជា​ជំងឺ​រាតត្បាត​កូវីដ១៩ បាន​បង្កើត​ឧបសគ្គ​ជាច្រើន​ក៏​ដោយ ក៏​កម្ពុជា​ត្រូវ​បាន​សម្លឹង​មើល​ឃើញ និង​ជំរុញ​ក្រុមហ៊ុន​អន្តរជាតិ ដូចជា ក្រុមហ៊ុន អេអាយអេ បន្ត​វិនិយោគ​ជាមួយ​អនាគត​ប្រទេស​កម្ពុជា ដោយ​ជួយ​បង្កើន​ការងារ​ជាច្រើន និង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា»។

បើតាម ឯកឧត្តម ម៉ី វ៉ាន់ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ចំនួន ៣៨ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ចំនួន ១៨ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត ១៤ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាត​តូច​ចំនួន ៦ ។ ជាមួយ​គ្នា​នេះ បុព្វលាភ​ធានា​រ៉ាប់រង​ដល់​សរុប​មាន​ចំនួន ២៥២ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៩ ដែល​តួរលេខ​នេះ​មាន​ការ​កើន​ឡើង​ប្រមាណ ៣០ ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៨ ខណៈ ការ​ទូទាត់​សំណង​ជូន​អតិថិជន​ប្រមាណ ៣៦ លាន​ដុល្លារ។

គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ ២០២០ នេះ ទីផ្សារ​ធានា​រ៉ាប់​រង​សរុប​ប្រមាណ ១២៨ លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ​បុព្វលាភ​ធានា​រ៉ាប់រង​ទូទៅ​មាន​ចំនួន ៥៧ លាន​ដុល្លារ និង បុព្វលាភ​ធានា​រ៉ាប់រង​អាយុ​ជីវិត​មាន​ចំនួន ៧១ លាន​ដុល្លារ ដែល​តួលេខ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ទីផ្សារ​ធានា​រ៉ាប់រង​កម្ពុជា មិន​ទទួល​ផល​ប៉ះពាល់​បណ្តាល​មក​ពី​ជំងឺ​កូវីដ ១៩ នោះ​ទេ។

ពិធី​សម្ពោធ​នេះ​បាន​បន្ថែម​ចំនួន​សាខា​ អេអាយអេ ខេមបូឌា សរុប​ចំនួន ៤ បន្ទាប់​ពី​ការ​ដាក់​បើក​ដំណើរ​ការ​សាខា​ខេត្ត​សៀមរាប កាល​ពី​ឆ្នាំ​មុន។ កំណើន​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​នេះ​បាន​កើត​ឡើង​ក្នុង​រយៈពេល​ត្រឹម ៣ ឆ្នាំ បន្ទាប់​ពី​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០១៧ ។

ក្រុមហ៊ុន អេអាយអេ នឹង​ផ្តល់​ជូន​ដំណោះ​ស្រាយ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ឈាន​មុខ​គេ​លើ​ទីផ្សារ​ដល់ ប្រជាជន​កម្ពុជា​ល្អ​ជាង​ពេល​ណាៗ​ទាំងអស់។ ក្រុមហ៊ុន​យល់​ថា វេលា​នេះ គឺ​ជា​ពេល​វេលា​ដ៏​ល្អ​ប្រសើរ​ជាង​ពេល​ណាទាំ​ងអស់ ដើម្បី​ពង្រីក​វិសាលភាព និង ផ្លាស់​ប្តូរ​សេវា​ធានា​រ៉ាប់​រង​អាយុ​ជីវិត​ទៅ​ជា​វិធី​ចម្បង​មួយ ដើម្បី​ផ្តល់​សន្តិភាព​ផ្លូវ​ចិត្ត និង ប្រឆាំង​ការពារ​នឹង​ជំងឺ​ផ្សេងៗ​ដូចជា ជំងឺ​កូវីដ-១៩ ជា​ដើម៕