ទីក្រុង​វ៉ាស៊ីនតោនៈ ក្រោយ​ពី​មាន​ការ​រិះគន់​​អស់​រយៈពេល​ដ៏យូរ​កន្លង​មក​អំពី​ការ​ជៀស​ វាង​ការ​បង់​ពន្ធ​សាជីវកម្ម​ឥឡូវ​នេះ​ក្រុមហ៊ុន​ Amazon ចង់​ដឹក​មុខ​​ លើ​ការ​កែ​ទម្រង់​ លោក ​Jeff Bezos នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Amazon​ នៅ​​សប្តាហ៍​នេះ​បាន​អនុម័ត​ពន្ធ​សាជីវកម្ម​ខ្ពស់​ជាង​មុន​ដើម្បី​ជួយ​ផ្តល់​មូលនិធិ​ដល់​កម្មវិធី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ជា​ផ្នែក​មួយ​នៃ «ដំណោះស្រាយ​ដែល​មាន​តុល្យភាព​ដែល​រក្សា​ឬ​លើក​កម្ពស់​ការ​ប្រកួតប្រជែង​របស់​សហរដ្ឋ​អាមេរិក»។

ការ​សម្រេច​ របស់​ក្រុមហ៊ុន​ Amazon ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ការ​រិះគន់​ជា​ច្រើន​ឆ្នាំ​ដោយ​សកម្មជន​ដែល​អះអាង​ថា​ក្រុមហ៊ុន​នេះ​ បង់​ពន្ធ​សាជីវកម្ម​តិច​តួច​ឬ​គ្មាន​បង់​សោះ។

យោង​តាម​វិទ្យាស្ថាន​ស្តីពី​ពន្ធដារ​ និង​គោល​នយោបាយ​សេដ្ឋកិច្ច​ដែល​ជា​ក្រុម​តស៊ូ​មតិ​ ក្រុមហ៊ុន ​Amazon ​មាន​អត្រា​ពន្ធ​ចំណូល​សហព័ន្ធ​ ៩,៤ ​ភាគរយ​ ដែល​មាន​ប្រសិទ្ធិភាព​កាល​ពី​ឆ្នាំ​មុន​លើ​ប្រាក់​ចំណេញ ២០ ​ពាន់​លាន​ដុល្លារ​ បន្ទាប់​ពី​ពីរ​ឆ្នាំ​នៃ​ការ​មិន​បង់​ពន្ធ។

អត្រា​ទាប​ត្រូវ​បាន​ពន្យល់​មួយ​ផ្នែក​ដោយ​កំណែ​ទម្រង់​ឆ្នាំ ​២០១៧​ ដែល​គាំទ្រ​ដោយ​ Trump ដែល​កាត់​បន្ថយ​ពន្ធ​អាជីវ​កម្ម។ ​ប៉ុន្តែ​ យោង​តាម​វិទ្យាស្ថាន​នេះ ​ក្រុមហ៊ុន ​Amazon​ ក៏​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​«ការធ្លាក់​ចុះ​នៃ​ការ​រំលោះ» លើ​ការ​វិនិយោគ​របស់​ខ្លួន​និង​លើ​ជំរើស​ភាគហ៊ុន។

លោក​ប្រធានាធិបតី​ Joe Biden​ ដែល​កំពុង​លើក​កម្មវិធី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​មាន​ទឹកប្រាក់ ២ ​ពាន់ពាន់​លាន​ដុល្លារ​ ដែល​ត្រូវ​បាន​ផ្តល់​មូលនិធិ​មួយ​ផ្នែក​ដោយ​បង្កើន​អត្រា​ពន្ធ​សាជីវកម្ម​ពី ២១ ​ភាគរយ​ដល់​ ២៨ ​ភាគរយ ​កាល​ពី​ខែ​មុន​បាន​ចង្អុល​បង្ហាញ​ ក្រុមហ៊ុន​ Amazon ជា​ឧទាហរណ៍​នៃ​ការ​គេច​ពន្ធ​សាជីវកម្ម​នេះ៕ AFP/RR