ក្រុងប៉ារីសៈ ក្រុមហ៊ុន Amazon កាលពី​ថ្ងៃ​ពុធ​បានចេញ​ផ្សាយ​ទឹកប្រាក់​ពន្ធ​ដែល​ក្រុមហ៊ុន​បាន​បង់​ទៅ​ឲ្យ​អាជ្ញាធរ​បារាំង​ដែល​បង្ហាញថា ក្រុមហ៊ុន​នេះ​បាន​ចូលរួម​វិភាគទាន​ទាំង​លើ​ពន្ធ និង​មិនមែន​ពន្ធ​ចំនួន ២៥០ ​លាន​អឺរ៉ូ​​ កាលពី​ឆ្នាំមុន បន្ទាប់ពី​មាន​ការចោទប្រកាន់​ថា ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​អាមេរិក​មួយ​នេះ​មិន​បង់ពន្ធ​គ្រប់គ្រាន់​ទៅក្នុង​ថវិកាជាតិ​របស់​បារាំង​។

ប្រទេស​បារាំង​កំពុង​ស្ថិតនៅ​ជួរមុខ​ក្នុង​កិច្ចប្រឹងប្រែង​រឹតបន្តឹង​ការដក​ហូតពន្ធ​លើ​ក្រុមហ៊ុន​ឌីជីថល​អន្តរជាតិ ហើយ​សភា​បារាំង​បាន​ធ្វើឲ្យ​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ខឹងសម្បា​កាលពី​ខែ​កក្កដា ដោយសារ​ការអនុម័ត​ច្បាប់​ពន្ធ​ឌីជីថល​នេះ​ដែល​នឹង​ដកហូត​លើ​ក្រុមហ៊ុន​នានា​ដូចជា Google, Apple, Facebook និង Amazon ជាដើម​ទៅលើ​ប្រាក់​ចំណូល​ដែល​ក្រុមហ៊ុន​ទាំងនេះ​រកបាន​ក្នុងប្រទេស​ បារាំង​។

ប្រទេស ​បារាំង និង​ប្រទេស​ផ្សេង​ទៀត​លើកឡើង​ថា ក្រុមហ៊ុន​ឌីជីថល​អន្តរជាតិ​បែប​នេះ​ត្រូវតែ​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ដែល​ពួកគេ​រកបាន​នៅក្នុង​ប្រទេសមួយ បើ​ទោះ​ជា​ការិយាល័យ​សាជីវកម្ម ឬ​ពន្ធ​របស់​ក្រុមហ៊ុន​ទាំងនោះ​ស្ថិត​នៅ​ទីកន្លែង​ណាក៏ដោយ ដូចជា​នៅ​ប្រទេស​អៀរឡង់ ឬ​លុចសំបួ ជា​ទី​ដែល​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ត្រូវ​បាន​ដកហូត​ពន្ធ​ក្នុង​អត្រា​ទាប​បើ​ធៀប​នឹង​ប្រទេស​ផ្សេងទៀត​។

លោក Frederic Duval ប្រធាន​ក្រុមហ៊ុន Amazon France បាន​ថ្លែងថា​៖ «​ក្រុមហ៊ុន Amazon កំពុង​រីក​លូតលាស់​ក្នុង​ប្រទេស​ បារាំង ហើយ​ខណៈ​ដែល​កំណើន​លូតលាស់​នោះ​កើនឡើង ក្រុមហ៊ុន​ក៏ផ្តល់​វិភាគទាន​ដល់​សេវាសាធារណៈ​ដល់​គំរូ​សង្គម​បារាំង​»​។

ក្រុមហ៊ុន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ក្នុង​ឆ្នាំ​ ២០១៨ «​ការកាត់ទឹក​ប្រាក់​កាតព្វកិច្ច​ដែល​មាន​ទំនាក់ទំនង​នឹង​សកម្មភាព​របស់​ក្រុមហ៊ុន Amazon ក្នុងប្រទេស​បារាំង​មាន​ចំនួន​ជាង ២៥០ លាន​អឺរ៉ូ​»​។ ក្នុងចំណោម​ទឹកប្រាក់​ទាំងនោះ​ទឹកប្រាក់​ប្រហែល ១៥០ ​លាន​អឺរ៉ូ​ត្រូវបាន​ចាត់ចូល​ជា «​ការកាត់​ផ្ទាល់​» ដូចជា ពន្ធ​សាជីវកម្ម និង​វិភាគទាន​របស់​និយោជក​។ ទឹកប្រាក់​ដែល​នៅសល់​ត្រូវ​បាន​ចុះបញ្ជី​ថា​ជា​ពន្ធ​ដែល​ប្រមូល​ក្នុងនាម​ឲ្យ​រដ្ឋ ដូចជា​ពន្ធ​លើ​តម្លៃបន្ថែម និង​សន្តិសុខ​សង្គម​ជាដើម​។

លោក Duval បាន​ថ្លែងថា ការបង្ហាញ​តួលេខ​នេះ​គឺ​ដោយសារ​មាន​ការសួរនាំ​ញឹកញាប់​ពេក​៕ KC