ភ្នំពេញៈ AsiaCarGroup ជា​​ក្រុមហ៊ុន​បង្កើត​ថ្មី​របស់​ប្រទេស អូស្រ្តាលី ​បាន​ដាក់​ដំណើរការ​ទីផ្សារ​អនឡាញ​សម្រាប់​ការ​ទិញ​លក់​​រថយន្ត​​នៅ​​​កម្ពុជា ​ឈ្មោះ​ ​My​khmer​car.com ដែល​អាច​ឲ្យ​​អ្នក​លក់​​លក្ខណៈ​បុគ្គល​ និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ អាច​​លក់​រថយន្ត​របស់​ពួក​គេ​ដោយ​​ងាយ​ស្រួល រហ័ស ​និង​សុវត្ថិភាព។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​។​

AsiaCar​Group ជា​​ផ្នែក​មួយ​របស់​គេហទំព័រ Emerging Classifieds Ventures ​កំពុង​ប្រតិបត្តិការ​ទីផ្សារ​អនឡាញ​សម្រាប់​រថយន្ត ​និង​អចលនទ្រព្យ​នៅ​ក្នុង​ទីផ្សារ​កំពុង​អភិវឌ្ឍន៍​ក្នុង​ដំណាក់​កាល​ដំបូង​​ជុំវិញ​ពិភព​លោក ​ដែល​គ្រប់គ្រង​គេហទំព័រ​ជាង​ ១០​ នៅ​ក្នុង​ប្រទេស​ ៩០ ​ផ្សេងៗ​​គ្នា​។​

គេហទំព័រ​អនឡាញ​នេះ ​អាច​ឲ្យ​អ្នក​លក់​ជា​​បុគ្គល​ ព្រម​ទាំង​​ក្រុមហ៊ុន​ អាច​លក់​រថយន្ត​ ម៉ូតូ ​និង​រថយន្ត​ដឹក​ទំនិញ​​ របស់​​ពួក​គេ​ដោយ​ងាយ​ស្រួល​ រហ័ស ​និង​សុវត្ថិភាព​ ដោយ​ប្រើប្រាស់​គេហទំព័រ​នេះ​ ហើយ​ការ​​ស្វែងរក​អ្នក​ទិញ​ក៏​លឿន​ជាង​ពី​មុន​ផង​ដែរ​។ ​នេះ​បើ​យោង​​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​​។​

ជាមួយ​នឹង​​បទពិសោធ​ដែល​ទទួល​បាន​នៅ​ទីផ្សារ​អភិវឌ្ឍន៍​​ ជុំវិញ​ពិភព​លោក​​ AsiaCarGroup កំពុង​ផ្ដល់​ដល់​​ក្រុមហ៊ុន​ចែកចាយ​រថយន្ត​ក្នុង​ស្រុក​នូវ​គេហទំព័រ​ SaaS CRM សម្រាប់​ឲ្យ​​​ក្រុមហ៊ុន​​ទាំង​នោះ​អាច​​គ្រប់គ្រង​ស្ដុក​របស់​ពួក​គេ​កាន់​តែ​ប្រសើរ​។​

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​​​​​ឲ្យ​ដឹង​ថា​៖ «​គេហទំព័រ​ Mykhmercar.com ​អាច​ឲ្យ​អ្នក​លក់​រថយន្ត​​ជា​​បុគ្គល​ក្នុង​ស្រុក ​ព្រម​ទាំង​អ្នក​លក់​អាជីព​ ស្វែងរក​អ្នក​ទិញ​​​តាម​មធ្យោបាយ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ដោយ​ប្រើប្រាស់​​ប្រសិទ្ធ​ភាព​របស់​គេហទំព័រ​អនឡាញ​នេះ និង​អេកូស៊ីស្ដែម​របស់​ពួក​គេ​»។​

ខណៈ​បច្វុប្បន្ន​​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រហែល ​១២,​៥ ​​លាន​នាក់ ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ក្នុង​នោះ​ប្រជាជន​ជាង ​៨ ​លាន​នាក់ ​ប្រើ​​បណ្ដាញ​សង្គម ​ប្រជាជន​កម្ពុជា​កំពុង​ប្រើប្រាស់​សេវា​អនឡាញ​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​ទិញ ​និង​លក់​ទំនិញ​។ ​នេះ​បើ​យោង​តាម​ AsiaCarGroup។​

បច្ចុប្បន្ន​ប្រទេស​ កម្ពុជា ​មាន​រថយន្ត​យ៉ាង​ហោច​ណាស់​ ៥០ ម៉ឺន​​គ្រឿង​ ចរាចរ​នៅ​តាម​ដង​​ផ្លូវ​ និង​​ប្រហែល​ ៩០ ​ភាគរយ​​គឺ​ជា​រថយន្ត​ជជុះ​ ដែល​ជា​អាជីវកម្ម​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​នេះ​៕LA​