The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន ​BIMA ​និង ​PI PAY ​សហការ​គ្នា​ទៅ​លើ​​សេវា​ទូទាត់

ក្រុមហ៊ុន ​BIMA ​និង ​PI PAY ​សហការ​គ្នា​ទៅ​លើ​​សេវា​ទូទាត់

Content image - Phnom Penh Post
នាយិកា​​ប្រតិបត្តិ​ក្រុមហ៊ុន​​​ BIMA លោកស្រី គឹម តុលអំ និងលោក​ Tomas Pokorny នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​PI PAY ក្នុងពិធីចុះ​ MOU។ Freshnews

ក្រុមហ៊ុន ​BIMA ​និង ​PI PAY ​សហការ​គ្នា​ទៅ​លើ​​សេវា​ទូទាត់

ភ្នំពេញៈ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​​តាម​បណ្តាញ​​ទូរស័ព្ទ​ BIMA បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ PI PAY ដើម្បី​បង្កើន​ភាព​កាន់​តែ​​ងាយ​ស្រួល​ទៅ​ដល់​អតិថិជន​​របស់​ខ្លួន។

ក្នុង​​ឱកាស​ចុះ​ MOU ជាមួយ​ PI PAY កាល​ពី​ថ្ងៃ​សុក្រ​ នាយិកា​​ប្រតិបត្តិ​ក្រុមហ៊ុន​​​ BIMA លោកស្រី គឹម តុលអំ បាន​ឲ្យ​ដឹង​ថា អត្រា​បុព្វលាភ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​នៅ​មាន​ចំនួន​តិច​នៅ​​ឡើយ​​បើ​ធៀប​នឹង​សមាមាត្រ​ក្នុង GDP របស់​ប្រទេស​។ លោកស្រី​ថ្លែង​ថា៖ «​គោល​បំណង​របស់​ BIMA​ គឺ​ដើម្បី​ការពារ​អនាគត​របស់​គ្រួសារ​ទាំង​អស់។ ​យើង​ចង់​ផ្តល់​​ភាព​ងាយ​ស្រួល​តាម​ដែល​អាច​​ធ្វើ​បាន ​ដើម្បី​ឲ្យ​ប្រជាជន​ទាំង​​អស់​ប្រើប្រាស់​ផលិតផល​របស់​យើង​បាន​កាន់​តែ​ច្រើន»​។

តាមរយៈ​កិច្ច​សហការ​ជាមួយ​ PI PAY ​លោកស្រី​សង្ឃឹម​​ថា នឹង​អាច​ជួយ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​ចាប់​អារម្មណ៍​ចំពោះ​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​ ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល​ឆាប់​រហ័ស​ និង​មាន​តម្លៃ​សមរម្យ។

លោក​ Tomas Pokorny នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​PI PAY បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​ក្រុមហ៊ុន​ទូទាត់​​តាម​ទូរស័ព្ទ​លោក​កំពុង​ផ្តោត​លើ​ការ​កែ​លម្អ ​និង​បង្ក​ភាព​ងាយ​ស្រួល​ទៅ​ដល់​អតិថិជន​ក្នុង​ការ​បង់​ថ្លៃ​សេវា​សំខាន់ៗ​។ លោក​បន្ត​ថា MOU នេះ​នឹង​​ជួយ​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​សេវាកម្ម​ធានា​រ៉ាប់រង​រីក​សាយ​ភាយ​កាន់​តែ​ទូលំទូលាយ​នៅ​កម្ពុជា។

លោក​ថ្លែង​​ថា​៖ ​«កិច្ច​សហការ​នៅ​ពេល​នេះ​​នឹង​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​​សម្រាប់​ប្រជាជន​ ក្នុង​ការ​បង់​ប្រាក់​​ធានា​រ៉ាប់រង​ប្រចាំ​ខែ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​​ ដែល​​មិន​ចាំបាច់​ប្រើ​សាច់​ប្រាក់»​៕ LA

អត្ថបទគួរចាប់អារម្មណ៍