ភ្នំពេញៈ Cellcard ជា​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​មួយ​របស់​កម្ពុជា បាន​សហការ​ជាមួយ​ក្រុមហ៊ុន Electroneum (ETN) ជា​រូបិយប័ណ្ណ​ឌីជីថល មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ដើម្បី​ផ្ដល់​ឲ្យ​អ្នក​ប្រើ​កាន់តែ​ងាយស្រួល​បញ្ចូល​ទឹកប្រាក់​តាម​កម្មវិធី​ឌីជីថល ETN​។

សេចក្ដី​ប្រកាស​របស់ ETN កាលពី​ថ្ងៃទី​ ៣១ ខែ​មករា​​ ស្ថិត​ក្រោម​ភាព​ជា​ដៃគូ​នេះ​នឹង​អាច​ឲ្យ​អ្នកប្រើប្រាស់​កម្មវិធី ETN បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​ចល័ត​ពួកគេ​តាមរយៈ​កម្មវិធី ETN ដែល​ប្រើប្រាស់ ETN Rewards​។ សម្រាប់ Cellcard អ្នក​ប្រើប្រាស់​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​របស់​ពួកគេ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ទិន្នន័យ​ជាមួយ​នឹង​រូបិយប័ណ្ណ​ឌីជីថល​របស់​ក្រុមហ៊ុន ETN​។

លោក Richard Ells ស្ថាបនិក និង​ជា​អគ្គនាយក Electroneum បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​នេះ​ថា ប្រទេស​កម្ពុជា​គឺជា​យុទ្ធសាស្ដ្រ​ការពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​ទៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​ប្រជាជន​វ័យក្មេង​គឺជា​ទ្រព្យសកម្ម​ដ៏សំខាន់​សម្រាប់​ក្រុមហ៊ុន​នេះ​ក្នុង​ការនាំ​យក​បច្ចេកវិទ្យា​ថ្មី​នេះ​។

លោក Rechard ថ្លែងថា​៖ «​យើង​ទើប​នឹង​ចាប់ផ្ដើម​សហការ​ជាមួយ​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​របស់​ប្រទេស​កម្ពុជា Cellcard​។ នៅពេល​នេះ​កម្ពុជា​មាន​សារៈសំខាន់​ខ្លាំង​បំផុត​ចំពោះ​ពួកយើង​នៅ​អាស៊ីអាគ្នេយ៍ និង​ជា​ទីផ្សារ​ដ៏ធំ​មួយ​សម្រាប់​ពួកយើង​»​។

លោក​បន្តថា​៖ «​កម្ពុជា​គឺជា​ប្រទេស​រីកចម្រើន​រហ័ស​ទី​ ៦ ​លើ​ពិភពលោក ហើយ​កម្ពុជា​មាន​ប្រជាជន​វ័យក្មេង និង​ចាប់អារម្មណ៍​ជាមួយ​បច្ចេកវិទ្យា​ថ្មី​។ កម្ពុជា​​ គឺជា​ទីតាំង​ឈរជើង​លើកដំបូង​របស់​ពួកយើង​នៅក្នុង​តំបន់ ហើយ​ខ្ញុំ​ចង់​និយាយ​ថា ក្រុមហ៊ុន Electroneum គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ដែល​អាច​ផ្លាស់ប្តូរ និង​លើកកម្ពស់​ជីវភាព​ប្រជាជាតិ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​ស្រប​ជាមួយ​នឹង​កម្មវិធី​ដែល​យើង​ទើបនឹង​បាន​នាំចូល​ទីផ្សារ​នេះ​»​។

សេចក្ដី​ប្រកាស​របស់ Cellcard កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា ជាមួយ​នឹង​កម្មវិធី​របស់​ក្រុមហ៊ុន Electroneum អ្នកប្រើប្រាស់​របស់​ក្រុមហ៊ុន Cellcard អាច​ទទួលបាន ETN Reward និង​បំប្លែង​ទៅជា​ការបញ្ចូល​ទឹកប្រាក់​នៅលើ​គណនី Cellcard របស់​អ្នក​។

ការសិក្សា​មួយ​ពី​ក្រុមហ៊ុន Visa ជា​ក្រុមហ៊ុន​នាំមុខគេ​របស់​ពិភពលោក​ផ្នែក​ទូទាត់​ឌីជីថល​ដែល​បានចេញ​ផ្សាយ​កាលពី​ខែកក្កដា​ឆ្នាំមុន​បាន​បង្ហាញថា ប្រជាជន​កម្ពុជា​កំពុង​ចាប់យក​ការទូទាត់​តាម​ឌីជីថល​ដោយ​កើនឡើង​ ៤៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។

ការសិក្សា​បង្ហាញថា ប្រជាជន​កម្ពុជា ២៤ ​ភាគរយ​ ក្នុងចំណោម​អ្នក​ទាំងនោះ ដែល​បាន​ស្ទង់​មតិ​បាន​ចាប់អារម្មណ៍​លើ​ការទូទាត់​តាម​ទូរស័ព្ទ​ចល័ត ខណៈ​ប្រហែល​ ១ ​ភាគ​ ៣ ចាប់អារម្មណ៍​លើ​ការទូទាត់​តាម​អ៊ីនធឺណិត​។

ចំនួន​ស៊ីមកាត​ទូរស័ព្ទ​ចល័ត​ដែល​ចុះបញ្ជី​មាន​ចំនួន​ ១៩,៧ ​លាន ខណៈ​ការប្រើប្រាស់​អ៊ីនធឺណិត​ចល័ត​មាន​ចំនួន​ ១៣,៩ ​លាន​នៅ​រយៈពេល​ ៣ ​ខែ​ដំបូង​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​របាយការណ៍​បាន​ពី​និយតករ​ទូរគមនាគមន៍​កម្ពុជា (TRC) កាលពី​ខែ​កក្កដា​ឆ្នាំ​មុន​៕LA