ក្រុងបាងកកៈ ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងដៃគូអន្តរជាតិរបស់ខ្លួន កំពុងរៀបចំដេញថ្លៃគម្រោងផ្លូវដែកល្បឿនលឿនភ្ជាប់ព្រលានយន្តហោះសំខាន់ៗចំនួនបី។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានដកស្រង់សំដីរបស់លោក Adiruth Thothaveesansuk អនុប្រធានការិយាល័យអភិវឌ្ឍន៍គម្រោងពិសេសរបស់ក្រុមហ៊ុន CP Group ខណៈលោកថ្លែងកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុននិងសម្ព័ន្ធមិត្តអាជីវកម្មរបស់ខ្លួនបានបង្កើតសម្ព័ន្ធក្រុមហ៊ុនមួយដែលនឹងចូលរួមដេញថ្លៃធ្វើផ្លូវរថភ្លើងល្បឿនលឿនដើម្បីភ្ជាប់ប្រលានយន្តហោះ U-Tapao នៅក្នុងខេត្តរ៉ាក់យ៉ង ទៅកាន់ព្រលានយន្តហោះសុវណ្ណភូមិ និងព្រលានយន្តហោះដនមឿងក្នុងទីក្រុងបាងកក។
លោក Adiruth បានថ្លែងថា៖ «សម្ព័ន្ធក្រុមហ៊ុននេះមានដៃគូពាណិជ្ជកម្មឈានមុខជាច្រើនមកពីប្រទេសថៃ និងក្រៅប្រទេសដែលនឹងនាំមកនូវចំណេះដឹង និងបទពិសោធន៍កម្រឹតពិភពលោក ដើម្បីមកអភិវឌ្ឍគម្រោងផ្លូវដែកល្បឿនលឿនដែលភ្ជាប់ព្រលានយន្តហោះសំខាន់ៗចំនួន ៣»។
លោកបន្ថែមថា៖ «ភាគីទាំងអស់មានឆន្ទៈនិងបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់ប្រទេសថៃឲ្យអស់ពីសមត្ថភាពរបស់ពួកគេ»។
សម្ព័ន្ធក្រុមហ៊ុនថ្មីនេះ និងដៃគូរបស់ខ្លួនរួមមានក្រុមហ៊ុន Charoen Pokphand Holding (Thailand) ក្រុមហ៊ុន China Railway Construction Corporation (សាធារណរដ្ឋប្រជាមានិតចិន) ក្រុមហ៊ុន Bangkok Expressway ក្រុមហ៊ុន Metro Public Company Limited (Thailand) និងក្រុមហ៊ុនអុីតាលី-ថៃ Development Public Company Limited ៕ NS