The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន Dai-iChi ចាប់ដៃ​ជាមួយ Metfone ​ក្នុង​ការផ្តល់​សេវា​ធានារ៉ាប់រង​ឌីជីថល​ដល់​អតិថិជន

ក្រុមហ៊ុន Dai-iChi ចាប់ដៃ​ជាមួយ Metfone ​ក្នុង​ការផ្តល់​សេវា​ធានារ៉ាប់រង​ឌីជីថល​ដល់​អតិថិជន

Content image - Phnom Penh Post
ពិធី​ចុះ​ MoU រវាង Dai-ichi និង Metfone កាលពី​ថ្ងៃ​ពុធ​។ រូបថត សហការី

ក្រុមហ៊ុន Dai-iChi ចាប់ដៃ​ជាមួយ Metfone ​ក្នុង​ការផ្តល់​សេវា​ធានារ៉ាប់រង​ឌីជីថល​ដល់​អតិថិជន

ភ្នំពេញ: ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Dai-ichi Life Insurance (Cambodia) PLC បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ( MoU) ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ Viettel Cambodia(Metfone) និង​ក្រុមហ៊ុន E-Money Payment Solutions ដើម្បី​សហការគ្នា​លើកកម្ពស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​។

Metfone ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​គ្រប់គ្រង​ដោយ​រដ្ឋ​វៀតណាម និង​ក្រុមហ៊ុន​ E-Money ​ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ស្មាតហ្វូន​នឹង​សហការ​គាំទ្រ​ក្រុមហ៊ុន Dai-ichi Life ជា​ធានារ៉ាប់រង​អាយុជីវិត​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ (ICT) និង​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ និង​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​ដល់​ប្រជាជន​កម្ពុជា​។

លោក Allen Thai អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Dai-ichi Life Insurance ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Dai-ichi Life Holdings Inc ចុះបញ្ជី​នៅ​ផ្សារភាគហ៊ុន​តូក្យូ​បាន​ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​កាលពី​ថ្ងៃ​ពុធ​ថា MoU នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​ទាំង​ ៣ ​នេះ​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ឱ្យ​អតិថិជន​ទាំងអស់​នៅ​កម្ពុជា ខណៈ​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត​កំពុងមាន​ការរីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​នេះ​។

លោក​ថ្លែងថា​៖ «​នេះ​គឺជា​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​ដ៏ពិសេស​ ១ ​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ខ្ញុំ​អាច​ផ្តល់​សេវា ធានារ៉ាប់រង​អាយុជីវិត​ដែលមាន​តម្លៃ​សមរម្យ និង​មាន​ភាព​ប្រកួតប្រជែង​ក្នុង​ការទូទាត់​សាច់ប្រាក់​សម្រាប់​ប្រជាជន​កម្ពុជា​យ៉ាង​ទូលំ​ទូលាយ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​មិត្តហ្វូន និង​អ៊ីម៉ានី​»​។

លោក Phung Van Cuong អគ្គនាយក​នៃ​ក្រុមហ៊ុន Metfone បានឱ្យ​ដឹងថា ក្រុមហ៊ុន Metfone ​នឹង​ផ្គត់ផ្គង់​សេវាកម្ម​ប្រមូល​បុព្វលាភ​ធានារ៉ាប់រង​ដែល​អតិថិជន​បង់​ជូន​ក្រុមហ៊ុន Dai-ichi Life តាមរយៈ​ប្រព័ន្ធ​ទូទាត់​ឆាប់រហ័ស E-Money ឬ​តាម​គណនី​ទូរស័ព្ទ​ចល័ត​។ ក្រុមហ៊ុន​ធានារ៉ាប់រង​នេះ​ក៏​នឹង​អាចធ្វើ​ការទូទាត់​សាច់ប្រាក់​ទៅឱ្យ​អតិថិជន និង​ផ្សាយ​ពាណិជ្ជកម្ម​នូវ​សេវា​ធានារ៉ាប់រង​នៅលើ​កម្មវិធី E-Money ​និង​កម្មវិធី​ My Metfone​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ជឿថា MoU ​នេះ​នឹង​ផ្តល់នូវ​ដំណោះស្រាយ​ដែលមាន​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​សន្សំសំចៃ​ពេលវេលា ហើយ​អតិថិជន​កាន់តែ​មាន​ភាពងាយស្រួល​ក្នុង​ការទទួល​បាន​សេវា​ធានារ៉ាប់រង​អាយុជីវិត​ពី​​ក្រុមហ៊ុន​នេះ​»​។

លោក ម៉ី វ៉ាន់ អគ្គនាយក​នៃ​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​សាខា​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង AIA ​កាលពី​ថ្ងៃ​ពុធ​ថា វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​កំពុង​ក្លាយជា​សសរស្តម្ភ​មួយទៀត​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​។

លោក​ថ្លែងថា​៖ «​ជំងឺ​កូវីដ​១៩ មិនបាន​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​នោះទេ​។ រដ្ឋាភិបាល​នឹង​បន្ត​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អន្តរជាតិ​បន្ត​វិនិយោគ​លើ​វិស័យនេះ​បន្ថែម​ទៀត ដើម្បី​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាជន​កម្ពុជា​»​។

យោងតាម​ទិន្នន័យ​ពី​សមាគម​ធានារ៉ាប់រង​កម្ពុជា វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ទទួល​បាន​បុព្វលាភ​ប្រមាណ ១៣៣,៥ លាន​ដុល្លារ​កើនឡើង​ជាង ១២,១ ​ភាគរយ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ ​២០២០ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មាន​ចំនួន ១១៩,១ ​លាន​ដុល្លារ​។

បើតាម​លោក ម៉ី វ៉ាន់ បច្ចុប្បន្ន​កម្ពុជា​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ដែល​កំពុង​ប្រតិបត្តិការ​ចំនួន ៣៨ ​ក្រុមហ៊ុន​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ចំនួន​ ១៨ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត ​១៤ ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច​ចំនួន​ ៦ ​។ ​ចំណែក​បុព្វលាភ​ធានារ៉ាប់រង​ដុល​សរុប​មាន​ចំនួន ២៥២ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៩ កើន ៣០ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ខណៈ​ការទូទាត់​សំណង​ជូន​អតិថិជន​ប្រមាណ ៣៦ ​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​៕

អត្ថបទគួរចាប់អារម្មណ៍