ទីក្រុង​ហូជីមិញ៖ ក្រុមហ៊ុន Dat Bike ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទើប​ចាប់​ផ្តើម​របស់​ប្រទេស​វៀតណាម ដែល​មាន​គម្រោង​ផលិត​ម៉ូតូ​អគ្គិសនី​បាន​ប្រមូល​ថវិកា​ចំនួន ២,៦ លាន​ដុល្លារ​អាមេរិក ពី​ក្រុមហ៊ុន Jungle ក្រុមហ៊ុន Wavemaker Partners មូលនិធិ Hustle និង​ក្រុមហ៊ុន iSeed Ventures របស់​ប្រទេស​សិង្ហបុរី ម៉ូតូ​អគ្គិសនី​ជា​ធម្មតា​ខ្សោយ និង​ទាប​ដែល​មាន​កម្លាំង​ត្រឹមតែ​ពាក់​កណ្តាល​នៃ​ម៉ូតូ​ប្រើ​សាំង។

ប៉ុន្តែ​ក្រុមហ៊ុន Dat Bike បាន​អះអាង​ថា ម៉ូតូ​អគ្គិសនី​ម៉ាក Weaver របស់​ខ្លួន​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​ម៉ូតូ​ដំណើរការ​ដោយ​សាំង​ដោយ​វា​មាន​កម្លាំង​ម៉ូទ័រ ៥០០០W ជួយ​បង្កើន​ល្បឿនពី ០ ទៅ ៥០ គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង ខណៈ​ដែល​ពេល​វេលា​សាក​ថាមពល​របស់​វា​លឿន​បំផុត​នៅ​ក្នុង​ប្រទេស​ក្នុង​រយៈពេល​តែ ៣ ម៉ោង ត្រូវ​នឹង​ស្ថានភាព​ចរាចរណ៍​នៅ​វៀតណាម។

លោក Sơn Nguyen ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Dat Bike បាន​លើក​ឡើង​ថា “យើង​ចង់​ផ្លាស់ប្ដូរ​ម៉ូតូ​ប្រើ​សាំង ២៥០ លាន​គ្រឿង នៅ​អាស៊ីអាគ្នេយ៍​ទៅ​ជា​យាន​អគ្គិសនី។ យើង​ជឿ​ថា ប្រសិន​បើ​ផ្តល់​ជម្រើស អ្នក​គ្រប់​គ្នា​នឹង​ជ្រើសរើស​យក​ម៉ូតូ​ប្រើ​អគ្គិសនី​ជាជាង​ម៉ូតូ​ប្រើសាំង”។

លោក​បន្ថែម​ថា៖ “មូលនិធិ​ថ្មី​នេះ នឹង​អនុញ្ញាត​ឱ្យ​យើង​បន្ត​ច្នៃ​ប្រឌិត និង​បង្កើត​ម៉ូតូ​អគ្គិសនី​ដ៏​គួរ​ឱ្យ​ទាក់ទាញ​អារម្មណ៍​បំផុត​សម្រាប់​អាស៊ី​អាគ្នេយ៍ និង​ពិភព​លោក”។

លោក Amit Anand ដៃគូ​ស្ថាបនិក​របស់​ក្រុមហ៊ុន Jungle Ventures លើក​ឡើង​ថា “ការ​វិនិយោគ​នៅ Dat Bike នេះ គឺ​ជា​ការ​វិនិយោគ​ដំបូង​របស់​យើង​នៅ​ក្នុង​វិស័យ​នេះ ដែល​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស​ដោយ​បច្ចេកវិទ្យា។ ឧស្សាហកម្ម​ទោចក្រ​យានយន្ត ដែល​មាន​ទឹក​ប្រាក់ ២៥ ពាន់​លាន​ដុល្លារ​នៅ​អាស៊ីអាគ្នេយ៍ ពិសេស​គឺ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អភិវឌ្ឍ​ថ្មី​នៃ​យានយន្ត​អគ្គិសនី និង​ស្វ័យប្រវត្តិកម្ម”៕ VNS-ANN/RR