ភ្នំពេញៈ ក្រុមហ៊ុន​វាយនភណ្ឌ ​​Eclat Textile Co ​​មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់ ​ដែល​ផ្គត់ផ្គង់​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​កីឡា​ ដល់​ក្រុមហ៊ុន Nike Inc និង​​ Lululemon Athletic​a Inc ​នឹង​វិនិយោគ​លើ​រោងចក្រ​ថ្មី​នៅ​​ប្រទេស​អាស៊ី​អាគ្នេយ៍ ​ដែល​រួម​​មាន​​កម្ពុជា​ ដោយសារ​​ក្រុមហ៊ុន​នេះ​យល់​ថា ​ខ្លួន​កំពុង​ប្រឈម​នឹង​ការ​លំបាក ​ដែល​ចាំបាច់​ត្រូវ​ពង្រីក​ក្រៅ​​ពី​ប្រទេស ​វៀតណាម​។ ​នេះ​បើ​តាម​​ប្រធាន​របស់​​ក្រុមហ៊ុន​​។​

ក្រុមហ៊ុន​នេះ​នឹង​វិនិយោគ​លើ​​រោងចក្រ​ថ្មី ​នៅ​ក្នុង​ប្រទេស ​កម្ពុជា​ ឬ ​ឥណ្ឌូនេស៊ី ជាមួយ​នឹង​ការ​រំពឹង​ថា ​នឹង​វិនិយោគ ​៨០ ​លាន​ដុល្លារ ​លើ​ការ​បង្កើត​ចង្វាក់​ផលិត ​១២០ ​នៅ​ក្នុង​តំបន់​នេះ​។​

ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ ទីភ្នាក់ងារ​ព័ត៌មាន Bloomberg news លោក Hung Cheng-hai ​ប្រធាន​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​​​​ថា ការ​វិនិច្ឆ័យ​ពី​ស្ថានការ​ពិភព​លោក អ្វី​ដែល​សំខាន់​បំផុត​នៅ​ពេល​នេះ ​គឺ​ការ​ធ្វើ​​ពិពិធកម្ម​។​

លោក​ថ្លែង​ថា៖ «​អតិថិជន​ចង់​​ឲ្យ​យើង​ធ្វើ​ពិពិធកម្ម​ហានិភ័យ ​ហើយ​មិន​ចង់​ឲ្យ​មូលដ្ឋាន​ផលិត​​ស្ថិត​នៅ​ក្នុង​ប្រទេស​តែ​មួយ​នោះ​ទេ»​។ ​

លោក​បាន​​​បន្ត​ថា​៖ «​នៅ​ពេល​​នេះ ​៥០ ​ភាគរយ ​នៃ​សម្លៀក​បំពាក់​របស់​យើង​ត្រូវ​បាន​​ផលិត​​នៅ​ក្នុង​ប្រទេស ​វៀតណាម ​ដូច្នេះ​យើង​មិន​បាន​ធ្វើ​ពិពិធកម្ម​ឲ្យ​បាន​គ្រប់គ្រាន់​នោះ​​ទេ»។​

លោក ​ច័ន្ទ ​សុផល ​ប្រធាន​វិទ្យាស្ថាន​ដើម្បី​សិក្សា​គោល​នយោបាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ផែនការ​ពង្រីក​ចង្វាក់​ផលិតកម្ម​ថ្មី​របស់​ក្រុមហ៊ុន ​Eclat Textile Co​ ​នៅ​កម្ពុជា​គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​វែង​ឆ្ងាយ​របស់​ក្រុមហ៊ុន​ធំ​នេះ ​ខណៈ​​កម្ពុជា​ស្ថិត​ក្នុង​ទីតាំង​ភូមិសាស្ត្រ​​ល្អ ​គោរព​សិទ្ធិ​កម្មករ ​និង​​កម្រិត​ប្រាក់​ឈ្នួល​សមរម្យ​។

លោក​បន្ត​ថា៖ ​«កម្ពុជា​យើង​មាន​ចំណុច​វិជ្ជមាន​មួយ​ចំនួន​ ការ​គោរព​សិទ្ធិ​កម្មករ​ ដែល​មាន​​អង្គការ ILO​ ជួយ​តាម​ដាន​វាយ​តម្លៃ ​ក្រោម​គម្រោង​ រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា ​ហើយ​ជា​ទីតំាង​យុទ្ធសាស្ត្រ​​មួយ​ មាន​ស្ថិរភាព​នយោបាយ​ និង​សេដ្ឋកិច្ច»។

ស្ថានភាព​របស់​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​ពី​សហភាព​អឺរ៉ុប​។

ប៉ុន្តែ​លោក ​ច័ន្ទ ​សុផល ​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ធំៗ​នឹង​មិន​បារម្ភ​ពី​បញ្ហា ​EBA ​ដែល​កម្ពុជា​អាច​ប្រឈម​នឹង​ការ​បាត់បង់​នោះ​ទេ​។ លោក​ថ្លែង​ថា៖ «រឿង ​EBA ខ្ញុំ​ចង់​ឆ្លើយ​ថា ​សម្រាប់​ក្រុមហ៊ុន​ធំៗ គេ​មិន​មែន​នំាចេញ​តែ​ទៅ​ទីផ្សារ​​អឺរ៉ុប​ទេ​ គេ​នាំចេញ​ទៅ​ទីផ្សារ​អាមេរិក​ផង​ដែរ​ ​​​ក្រុមហ៊ុន​ទាំង​នោះ​​​បាន​បង់​ពន្ធ​ពេញ​លេញ​រួច​ទៅ​ហើយ​ [ចេញ​ពី​ទីតាំង​ផលិត​ក្រៅ​ពី​កម្ពុជា​] ទៅ​​ទីផ្សារ​អន្តរជាតិ​»។

ក្រុមហ៊ុន​​ Eclat Textile Co បាន​ចាក​ចេញ​ពី​ប្រទេស ចិន ​កាល​ពី​ឆ្នាំ​ ២០១៦ ដោយសារ​តែ​​លក្ខខណ្ឌ​​មិន​ល្អ​សម្រាប់​ការ​ផលិត​ ហើយ​សម្រេច​ចិត្ត​ជំនួស​ការ​ពង្រីក​​នៅ​ក្នុង​ប្រទេស ​វៀតណាម​។

ពេល​​នេះ​សង្គ្រាម​ពាណិជ្ជកម្ម​​ពិភព​លោក​ឡើង​កម្ដៅ​ ​ក្រុមហ៊ុន Eclat ​យល់​ថា ខ្លួន​ឯង​​ងាយ​ទទួល​រងគ្រោះ​​ជា​ថ្មី​ និង​​ចាំបាច់​ត្រូវ​ទៅ​ហួស​ពី​ប្រទេស ​​វៀតណាម​។

នៅ​ពេល​នេះ​ក្រុមហ៊ុន Eclat កំពុង​ស្វែងរក​ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​ការ​ផលិត​​ក្នុង​តំបន់​​តូចៗ​កាន់​តែ​ច្រើន ដែល​អាច​​មាន​ភាព​រហ័ស​ក្នុង​ការ​បម្រើ​អតិថិជន​។​

លោក​ Hung បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ​ថា ក្រុមហ៊ុន​ផលិត​វាយនភណ្ឌ​មួយ​នេះ​ នឹង​មិន​​បន្ថែម​​​រោងចក្រ​ ឬ​ការ​ពង្រីក​នៅ​ក្នុង​ប្រទេស​ ​វៀតណាម​ នៅ​ក្នុង​រយៈពេល ​៣ ឆ្នាំ​បន្ទាប់​ទេ​។

ក្រុមហ៊ុន Eclat Textile មាន​រោងចក្រ​រួច​ហើយ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ដែល​​ផលិត​ស្បែក​ជើង ​និង​អាវ​ចាក់​។​

ប៉ុន្តែ​​ក្រុម​ប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​មួយ​នេះ​ នឹង​សម្រេច​ទីតាំង​ជាក់​លាក់​សម្រាប់​ការ​វិនិយោគ​ថ្មី​នេះ​នៅ​ឆ្នាំ​នេះ​ថា​តើ​នៅ​កម្ពុជា​ ឬ​ឥណ្ឌូនេស៊ី​។ នេះ​បើ​​តាម​​លោក​ ​ Hung Cheng-hai Hung។​

ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស ​ចិន បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ជា​ច្រើន​​ត្រូវ​រក​ទីតាំង​​ផលិត​ថ្មី នៅ​ក្រៅ​ប្រទេស ​ចិន ទៅ​បណ្ដា​ប្រទេស​ផ្សេង​ទៀត ​ដូចជា​កោះ​តៃវ៉ាន់​ វៀតណាម​ និង​បង់ក្លាដែស​។​

ប៉ុន្តែ​ លោក ដូណាល់​ ត្រាំ​ កាល​ពី​ខែ​មុន​​បាន​រិះគន់​​ប្រទេស​ ​វៀតណាម ​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ដោយសារ​តែ​សង្គ្រាម​​ពាណិជ្ជកម្ម​នេះ​ ដែល​ហៅ​ប្រទេស​នេះ​ថា ជា​ប្រទេស​រំលោភ​ពាណិជ្ជកម្ម​ដ៏​ធំ​ និង​ហូត​ពន្ធ​នាំចូល​កាន់​តែ​ខ្ពស់​​លើ​ដែក​ថែប​។​

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជា​រឿយៗ​បាន​បង្ហាញ​ពី​ការ​អនុម័ត​គម្រោង​វិនិយោគ​ជា​ច្រើន​របស់​ក្រុមហ៊ុន​ចិន ប៉ុន្តែ​​​មិន​បាន​បង្ហាញ​ថា​ ការ​ចូល​មក​របស់​ក្រុមហ៊ុន​ទាំង​នោះ​ដោយសារ​ការ​គេច​ចេញ​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមរិក​​ ឬ​យ៉ាង​ណា​នោះ​ទេ៕​ LA​