ភ្នំពេញៈ ក្រុមហ៊ុន EU Land and Pepper Investment Co., Ltd ដែលគ្រប់គ្រងដោយវិនិយោគិនឆែក និងកម្ពុជានឹងប្រមូលទិញម្រេច ៥០ ភាគរយពីកសិករខ្នាតតូចបំផុតនៅក្នុងឆ្នាំ ២០២១ ដើម្បីបង្កើនការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារបរទេស ពិសេសទីផ្សារអឺរ៉ុប។
លោក David Pavel អគ្គនាយកក្រុមហ៊ុន EU Land and Pepper Investment Co., Ltd បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចាប់តាំងពីបើកដំណើរការនៅឆ្នាំ ២០១៨ មក គម្រោងរបស់ក្រុមហ៊ុនបានផ្ដោតការយកចិត្តទុកដាក់សំខាន់លើការជួយដល់កសិករម្រេចកំពតខ្នាតតូចបំផុត ដែលមិនអាចស្វែងរកទីផ្សារដោយខ្លួនឯងបាន។
លោកថ្លែងថា៖ «យើងមិនគ្រប់គ្រងកសិដ្ឋានណាមួយទេសម្រាប់មូលហេតុនេះ។ យើងបង្កើតក្រុមហ៊ុនឯកជនផ្ទាល់ខ្លួននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៨ ដើម្បីជួយកសិករ និងទិញម្រេចកំពតក្នុងតម្លៃពាណិជ្ជកម្មសមរម្យ ១០០ ភាគរយ ហើយតែងបង់ប្រាក់ដល់ដៃពួកគេដោយផ្ទាល់»។
លោកបានបន្ថែមថា បន្ទាប់ពីទិញ ក្រុមហ៊ុនលោកទទួលខុសត្រូវរាល់អ្វីៗគ្រប់យ៉ាង និងគ្រប់ដំណាក់កាលនៃនីតិវិធី ឡូជីស្ទិក ក្រដាសស្នាម ការនាំចេញ ការគ្រប់គ្រងគុណភាព និងការវេចខ្ចប់។
លោកឱ្យដឹងទៀតថា ក្រុមហ៊ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ដ្រីនៅសមាគមលើកកម្ពស់ម្រេចកំពត (KPPA)។
លោកប្រាប់ថា៖ «យើងប្តេជ្ញាចិត្តថា នឹងទិញការផលិត ៥០ ភាគរយពីកសិករខ្នាតតូចបំផុតរបស់យើងក្នុងឆ្នាំ ២០២១ (ប្រហែល ១៧៥ កសិដ្ឋានដែលមានចំនួន ១០ តោន)។ នៅឆ្នាំក្រោយ និងក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ យើងចង់ទិញផលិតផលរបស់ពួកគេ ១០០ ភាគរយ។ ទាំងអស់នេះគឺនៅបន្ទាប់ពីរយៈពេល ៣ ឆ្នាំនៃវត្តមានគម្រោងរបស់យើង»។
កាលពីចុងខែធ្នូឆ្នាំមុន យ៉ាងហោចណាស់គ្រួសារដាំម្រេចកំពត ១៧០ នាក់បានចូលចុះកិច្ចព្រមព្រៀងការធ្វើកសិកម្មតាមកិច្ចសន្យាដើម្បីផ្គត់ផ្គង់ម្រេច ១០ តោនឱ្យដល់ក្រុមហ៊ុន EU Land and Pepper Investment Co Ltd ដែលគ្រប់គ្រងដោយវិនិយោគិនឆែកក្នុងរដូវប្រមូលផលឆ្នាំនេះ។
លោក ងួន ឡាយ ប្រធាន KPPA បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ៧ ខែកុម្ភៈថាជំនួយរបស់ក្រសួងនឹងជួយផ្ដល់ទីផ្សារល្អសម្រាប់ម្រេចកំពតនៅលើឆាកអន្តរជាតិ។
លោកលើកឡើងថា៖ «ការផ្ដល់យោបល់កាន់តែច្រើននឹងផ្ដល់ឱ្យអ្នកដាំដុះនូវក្ដីសង្ឃឹមកាន់តែច្រើន។ ក្រសួងពាណិជ្ជកម្មនឹងជួយរៀបចំយុទ្ធសាស្ដ្រឆ្នាំ ២០២១-២០២៣ សម្រាប់ម្រេចកំពត»។
លោកឱ្យដឹងទៀតថា ក្រុមហ៊ុនចំនួន ៤២ បានចុះកិច្ចព្រមព្រៀងធ្វើកសិកម្មតាមកិច្ចសន្យាជាមួយកសិករម្រេចកំពតខ្នាតតូចនៅក្នុងរដូវប្រមូលផលឆ្នាំ ២០២១។
លោកបន្ថែមថា កម្ពុជាបាននាំចេញម្រេចកំពតជាង ៧០ តោនទៅទីផ្សារអន្តរជាតិកាលពីឆ្នាំមុន។ ម្រេចត្រូវបាននាំទៅបណ្ដាប្រទេសជាង ៥០ ដោយភាគច្រើននៅតំបន់អឺរ៉ុប។
លោក David ឱ្យដឹងទៀតថា ក្រុមហ៊ុនផ្ដោតការយកចិត្តទុកដាក់លើទីផ្សារផ្សេងៗគ្នាទាំងស្រុង និងនវានុវត្តន៍ ដែលមានផលប៉ះពាល់លើការលក់ និងការនាំចេញ។
លោកបន្តថា៖ «ការប្ដេជ្ញាចិត្តរបស់យើងសម្រាប់ឆ្នាំ ២០២១ គឺមានចំពោះកសិករខ្នាតតូចបំផុត និង KPPA ចំនួន ១០ តោនហើយយើងនឹងក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននាំចេញ និងក្រុមហ៊ុនកែច្នៃម្រេចកំពតធំជាងគេជាច្រើន»។
លោកបន្តថា ដោយសារតែការជំរុញទីផ្សារ និងភាពជោគជ័យរបស់ក្រុមហ៊ុននៅទីផ្សារអឺរ៉ុបលោកបានជួបប្រជុំជាច្រើនលើករួចមកហើយជាមួយក្រសួងពាណិជ្ជកម្ម ហើយក្នុងឆ្នាំ ២០២១ ក្រុមហ៊ុននឹងចូលរួមក្នុងទីផ្សារកាន់តែច្រើន និងផ្សព្វផ្សាយម្រេចកំពតនៅទូទាំងពិភពលោក ព្រមទាំងធ្វើការងារជិតស្និទ្ធជាមួយ KPPA។
យោងតាម KPPA ផ្ទៃដីដែលបានកំណត់សម្រាប់ការដាំដុះម្រេចបានកើនពី ១០ ហិកតាកាលពីឆ្នាំ ២០១០ ដល់ ២៩០ ហិកតាគិតត្រឹមខែមេសាឆ្នាំមុន ជាពិសេសក្នុងខេត្តកែប និងកំពត ដែលអាចផ្ដល់ផល ៨២,៧៨ តោនក្នុង ១ ឆ្នាំ។
លោក ងួន ឡាយ បានឱ្យដឹងថា ម្រេចនៅពេលនេះមានតម្លៃ ១៥ ដុល្លារក្នុង ១ គីឡូក្រាម សម្រាប់ម្រេចខ្មៅ ២៥ ដុល្លារសម្រាប់ម្រេចក្រហម និង ២៨ ដុល្លារសម្រាប់ម្រេចស។ តម្លៃនេះមិនបានប្រែប្រួលទេនៅក្នុងរយៈពេល ៥ ឆ្នាំ។
ទិន្នន័យរបស់ KPPA ដែលចេញផ្សាយកាលពីខែមេសា ឆ្នាំ ២០២០ បង្ហាញថា សមាជិកខ្លួនបានកើនដល់ ៤៥៥ គ្រួសារធៀបនឹងចំនួន ១១៨ កាលពីឆ្នាំ ២០១០ នៅពេលសមាគមនេះបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ ទោះជាយ៉ាងណា លោក ងួន ឡាយ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ថា សមាជិក ៦៨ ក្នុងចំណោមគ្រួសារ ៤៤៧ របស់សមាគមបានបោះបង់ចោលការដាំដុះម្រេច៕ LA