The Phnom Penh Post Search

Search form

ក្រុមហ៊ុន Exxon Mobil គ្រោង​​​សង់​រោងចក្រ​អេទីឡែន​ តម្លៃជាង ៦ ពាន់​លានដុល្លារ​នៅ​ប្រទេស​ថៃ

Content image - Phnom Penh Post
ស្លាក​តម្លៃ​ប្រេង​នៅស្ថានីយ​ប្រេង​របស់ក្រុមហ៊ុន Exxon Mobil Corporation នៅ​សហរដ្ឋ​អាមេរិក។ រូបថត AFP

ក្រុមហ៊ុន Exxon Mobil គ្រោង​​​សង់​រោងចក្រ​អេទីឡែន​ តម្លៃជាង ៦ ពាន់​លានដុល្លារ​នៅ​ប្រទេស​ថៃ

ក្រុង​បាងកកៈ ក្រុមហ៊ុន​ថាមពល​អាមេរិក Exxon Mobil Corporation ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​តិចសាស់ គ្រោង​នឹង​បង្កើត​រោង​ចក្រ​បំបែក​សារធាតុ​អេទីឡែន​តម្លៃ​រហូត​ដល់ ​២០០​ ពាន់​លាន​បាត (៦,៤​ ពាន់​លានដុល្លារ) ​ក្បែររោង​ចក្រ​ចម្រាញ់​សារធាតុ​អេទីឡែន​​ដែល​មាន​ស្រាប់​របស់​ខ្លួន​នៅ​ស្រុក​ស្រីរាជា ខេត្ត​ឈុនបុរី។

លោក Jack P Williams អនុ​ប្រធាន​ជាន់​ខ្ពស់​ក្រុមហ៊ុន Exxon Mobil បាន​បញ្ជាក់​កាល​ពី​​ថ្ងៃ​ចន្ទ​ពី​ផែនការ​វិនិយោគ​​នេះ ខណៈ​ដែល​លោក​បាន​​ជួប​ប្រជុំ​ជាមួយ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ថៃ Somkid Jatusripitak។

លោក Somkid បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ ជឿ​ជាក់​ថា ចក្ខុវិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ​ពិត​ជា​មាន​អំណោយ​ផល​ណាស់ ដោយ​សង្ឃឹម​ថា ប្រទេស​ថៃ​​​ ​អាច​ក្លាយ​ជា​មូលដ្ឋាន​នាំចេញ​របស់​ក្រុមហ៊ុន Exxon Mobil ក្នុង​តំបន់​អាស៊ី។​

លោក​បាន​បន្ត​ថា ក្រុមហ៊ុន​ Exxon ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថៃ​ជួយ​ស្វែង​រក​ដី​ទំហំ​ ៦០០​ ទៅ​៨០០ ​រ៉ៃ​ នៅ​ក្បែរ​រោងចក្រ​ចម្រាញ់​សារធាតុ​អេទីឡែន​ដែល​មាន​ស្រាប់​របស់​ខ្លួន​ក្នុង​ស្រុក​ស្រី​រាជា។ លោក​បាន​បន្ថែម​ថា ​ការ​​បង្កើត​បន្ថែម​នូវ​​រោងចក្រ​បំបែក​សារធាតុអេទីឡែន​នេះ នឹង​ចាំបាច់​ត្រូវ​តភ្ជាប់​បំពង់​ចែក​ចាយ​នៅ​រោង​ចក្រ​ចម្រាញ់​សារធាតុ​អេទីឡែន​ដែល​មាន​ស្រាប់​នេះ។​

រោងចក្រ​នេះ​ក៏​នឹង​មាន​ទីតាំង​ក្បែរ​កំពង់ផែ​លែម​ឆាបាង​ផង​ដែរ ដោយ​សារ​ក្រុម​ហ៊ុន​នេះ​​មាន​​ផែនការ​នាំ​ចេញ​ផលិតផល​គីមីឥន្ទនៈ​ទៅ​តំបន់​អាស៊ី។​ លោក Somkid បាន​បន្ត​ឲ្យ​ដឹងថា ទំហំ​វិនិយោគ​របស់ក្រុមហ៊ុន Exxon Mobil រំពឹង​ថា​​នឹង​មាន​ទំហំ​ស្មើ​នឹង​រោងចក្រ​នៅ​សហរដ្ឋ​អាមេរិក។​

ក្រុមហ៊ុន​ Exxon Mobil បាន​ប្រតិបត្តិការ​នៅ​ប្រទេស​ថៃ​អស់​រយៈ​ពេល​ជាង ​១២០ ឆ្នាំ​មក​ហើយ​តាម​រយៈ​ឈ្មោះ​ពាណិជ្ជកម្ម Esso របស់​ខ្លួន៕ BP

អត្ថបទគួរចាប់អារម្មណ៍