ក្រុង​ដេត្រយៈ ក្រុមហ៊ុន Ford ​បាន​​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​រំពឹង​ថា​នឹង​​បង្ហាញ​ការ​ខាតបង់ ១១២ លាន​ដុល្លារ​នៅ ត្រី​មាស​​ទី ៤ ​ឆ្នាំ​ ២០១៨​ ដោយ​សារ​​​​តែ​ក្រុមហ៊ុន​ផលិត​រថយន្ត​​មួយ​នេះ​​​អនុវត្ត​​​ការ​រៀបចំ​រចនា​សម្ព័ន្ធ​ជា​ថ្មី​ដ៏​ធំ​មួយ​នៅ​អាមេរិក និង​អឺរ៉ុប​។​

ក្រុមហ៊ុន​​ផលិត​រថយន្ត​របស់​អាមេរិក​ធំ​ទី​ ២​​ ​នេះ​​​បាន​ឲ្យ​​ដឹង​ថា​ ក្រុមហ៊ុន​​នឹង​​នៅ​តែ​ទទួល​​ប្រាក់​ចំណេញ​ដដែល បន្ទាប់​ពី​ទទួល​បាន​ប្រាក់​ពី​វិធានការ​​កាត់​បន្ថយ​ការ​ចំណាយ​ដែល​មាន​ ១១ ពាន់​លាន​ដុល្លារ​។​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ក្រុមហ៊ុន​នេះ​មើល​ឃើញ​ពី​​ប្រាក់​ចំណេញ​បន្ទាប់​ពី​កែ​តម្រូវ​រួច​ចំនួន​ ៣០ ​សេន​​ក្នុង​មួយ​ភាគហ៊ុន​​ក្នុង​អំឡុង​​ពេល​នេះ​ដែល​តិច​ជាង​ប្រាក់​ចំណេញ​ ៣២ ​សេន​ដែល​ត្រូវ​​បាន​រំពឹង​ទុក​ដោយ​ទីផ្សារ​។​

សម្រាប់​រយៈ​​ពេល​ ១ ​ឆ្នាំ​ពេញ ក្រុមហ៊ុន​នឹង​បង្ហាញ​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន​ ៣,​៧ ពាន់​លាន​ដុល្លារ​ ដែល​តិច​ជាង​ ពាក់​កណ្ដាល​នៃ​ប្រាក់​ចំណេញ​​ទទួល​បាន​​នៅ​​ឆ្នាំ ​២០១៧​។​

ប្រាក់​ចំណេញ​ក្នុង​ ១ ​ភាគហ៊ុន​​បន្ទាប់​កែ​តម្រូវ​រួច​​​ ​​ត្រូវ​បាន​រំពឹង​ថា​ នឹង​​មាន​តម្លៃ​ ១,​៣០ ​ដុល្លារ​​​នៅ​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​នេះ​ ដែល​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​នៃ​ការ​ព្យាករ​​កាល​ពី​ខែ​តុលា​ដែល​ថា​ មាន​ពី ​១,៣០ ​ដុល្លារ​ទៅ​ ១,​៥០ ដុល្លារ​។​

លោក​ Jim Hackett អគ្គ​នាយក​ក្រុមហ៊ុន Ford ​បាន​ឲ្យ​ដឹង​​​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា៖​ «​ក្នុង​រយៈ​ពេល​ជាង​ ១៩ ​ខែ​​កន្លង​មក​នេះ​ យើង​បាន​ធ្វើ​ការងារ​​​​រៀបចំ​រចនា​សម្ព័ន្ធ​ជា​ថ្មី និង​ការ​ផ្លាស់ប្តូរ​​ក្រុមហ៊ុន​របស់​យើង​សម្រួច​សមត្ថភាព​ប្រកួត​ប្រជែង​ចាត់​វិធាន​ការ​​ក្នុង​ការ​​បង្កើន​​ផលិត​ភាព​ និង​​​ប្រាក់​ចំណេញ​របស់​យើង​ និង​ការ​វិនិយោគ​នៅ​ពេល​អនាគត»។​

ក្រុមហ៊ុន​ Ford កាល​ពី​ឆ្នាំ​មុន​​បាន​ប្រកាស​ថា ខ្លួន​នឹង​ផ្អាក​ការ​​ផលិត​រថយន្ត​​ធុន​តូច​ស្ទើរ​តែ​ទាំង​អស់​នៅ​អាមេរិក​ ដើម្បី​សន្សំ​​ប្រាក់​ ១១ ​ពាន់​លាន​ដុល្លារ​៕ AFP/LA